ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ការសិក្សា​៖ ភ្នំពេញ​ស្ថិត​ក្នុងចំណោម​ក្រុង​ដែល​លូតលាស់​លឿន​ចន្លោះ​ឆ្នាំ​២០១៩-២០៣៥
26, Jan 2019 , 11:09 am        
រូបភាព
ទិដ្ឋភាពរាជធានីភ្នំពេញ ។ រូបថត AFP
ទិដ្ឋភាពរាជធានីភ្នំពេញ ។ រូបថត AFP
​បន្ទាប់ពី​ក្រុង​១០​នៅក្នុង​ប្រទេស​ឥណ្ឌា រាជធានី​ភ្នំពេញ​របស់​កម្ពុជា ត្រូវ​វាយតម្លៃថា ស្ថិតក្នុង​ចំណោម​បណ្តា​ទីក្រុង​ដែលមាន​ការលូតលាស់​លឿន​បំផុត (Fastest-growing Cities) ចន្លោះ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០៣៥​។ នេះ​បើតាម​លទ្ធផល​នៃ​ការសិក្សា​របស់​វិទ្យាស្ថាន Oxford Economics របស់​អង់គ្លេស ដោយ​ផ្អែកលើ​កំណើន​នៃ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​។​

 
​តារាង Top 10 នៃ​របាយការណ៍ World’s Fastest-Growing Cities របស់ Oxford Economics ចន្លោះ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០៣៥ សុទ្ធតែជា​ទីក្រុង​របស់​ឥណ្ឌា ខណៈ​ភ្នំពេញ​ស្ថិតនៅ​លេខ​រៀង​បន្ទាប់​។ 
 
​ក្រុង Surat នៃ​រដ្ឋ Gujarat ដែលជា​តំបន់​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ត្រូវបាន​ព្យាករ​ថា មាន​កំណើន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រចាំឆ្នាំ​ច្រើនជាងគេ ពោលគឺ​ក្នុង​រង្វង់​៩,១៧​ភាគរយ​។​


 
​ទីក្រុង​៩​ទៀត​របស់​ឥណ្ឌា រួមមាន Agra, Bengaluru, Hyderabad, Nagpur, Tiruppur, Rajkot, Tiruchirappalli, Chennai និង Vijayawada ដែលមាន​កំណើន GDP ចន្លោះ​ពី​ជិត​៩​ភាគរយ ចុះមក​ជាង​៨​ភាគរយ​។​
 
​បើតាម Oxford Economics ភ្នំពេញ នឹងមាន​កំណើន GDP ក្នុង​រង្វង់ ៨,១​ភាគរយ​ចន្លោះ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០៣៥ ដោយ​នាំមុខ​ក្រុង​ផ្សេងទៀត​នៅ​អាស៊ី រួមមាន ក្រុង​យ៉ាំង​ហ្គោ​ន​, ម៉ាន់​ដា​ឡេ និង​ណៃ​ពី​ដរ របស់​មី​យ៉ាន់​ម៉ា ក្រុង​ដា​កា និង​ក្រុង Chittagon របស់​បង់​ក្លា​ដែ​ស​។ ក្រុង​ទាំងនេះ នឹងមាន​កំណើន GDP ចន្លោះ​ពី​ជិត​៨​ភាគរយ មក​ជាង​៧​ភាគរយ​។​


 
​ក្រុង Dar es Salaam និង Mwanza របស់​តង់​ហ្សា​នី នាំមុខគេ​នៅ​អាហ្វ្រិក​ជាមួយនឹង​កំណើន ៧,៨​ភាគរយ ដែល​ឈរ​ជា​បន្តបន្ទាប់​ដោយ ក្រុង Kampala (​អ៊ូ​ហ្គ​ង់​ដា​), Nouakchott (​មូ​រី​តានី​), Freetown (​សេ​រ៉ា​ឡេ​អូន​) និង Arusha (​តង់​ហ្សា​នី​)​។​
 
​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ក្រុង​ដែល​លូតលាស់​នឹងមាន​កំណើន GDP ចន្លោះ​ពី​៣,៨​ភាគរយ ទៅ​៥,៨​ភាគរយ​។ ក្រុង​ទាំងនោះ​រួមមាន Sana’a, Aden (​យ៉េ​មែន​), Manama (​បា​រ៉ែ​ន​), Orumiyeh (​អ៊ីរ៉ង់​), ឌូ​បៃ (​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​) និង​តែ​ល​អា​វីវ (​អ៊ីស្រាអែល​)​។​


 
​ក្រុង Santo Domingo របស់​សាធារណរដ្ឋ​ដូ​មី​និ​ច នាំមុខគេ​នៅ​អាមេរិក​ឡាទីន ក្រុង San Jose របស់​សហរដ្ឋអាមេរិក នាំមុខគេ​នៅ​អាមេរិក​ខាងជើង ខណៈ ក្រុង Yerevan របស់​អា​មេ​នី នាំមុខគេ​នៅ​អឺរ៉ុប​។​
 
​ផ្អែកលើ​ការសិក្សា​ជារួម​របស់ Oxford Economics លើ​បណ្តា​ក្រុង​ចំនួន​៧៨០​លើ​ពិភពលោក ឥណ្ឌា​មាន​ក្រុង​សរុប​៧២​ដែល​នឹងមាន​ការលូតលាស់​លឿន​ចន្លោះ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០៣៥ ខណៈ​ចិន មាន​១៥០​ទីក្រុង អាហ្វ្រិក និង​ម​ជ្ឈឹ​ម​បូព៌ា មាន​១២៥​ទីក្រុង អាមេរិក​ឡាទីន​មាន​១០៤​ទីក្រុង អាមេរិក​ខាងជើង មាន​៥៨​ទីក្រុង អឺរ៉ុប មាន​១៥៩​ទីក្រុង និង​ប្រទេស​អាស៊ី​ផ្សេងទៀត មាន​១១២​ទីក្រុង​។​
 
​ទោះបីជា​ក្រុង​ទាំងនោះ មានការ​លូតលាស់​លឿន​ក៏ដោយ ប៉ុន្តែ​ក្រុង​ដែល​ស្ថិត​ក្នុងចំណោម The World’s Top 10 Cities នៅ​ឆ្នាំ​២០៣៥ មាន ញូវយ៉ក​, តូ​ក្យូ​, ឡូ​ស​អេ​ន​ជឺ​ឡេស​, ឡុង​ដ៏​, សៀង​ហៃ​, ប៉េកាំង​, ប៉ារីស​, ឈី​កា​ហ្គោ​, Guangzhou និង Shenzhen​។​
 
​ក្រុង Bengaluru, ហ្សា​ការ​តា និង​ម៉ានីល ស្ថិតក្នុង​ចំណោម​ក្រុង​ដែលមាន​កំណើន GDP នាំមុខ​នៅ​ឆ្នាំ​២០៣៥ រីឯ​ក្រុង​ដែល​បន្ត​មាន​ប្រជាជន​ច្រើនជាងគេ រួមមាន ហ្សា​ការ​តា​, តូ​ក្យូ​, Chongqing និង ដា​កា​៕

Tag:
 សេដ្ឋកិច្ច ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com