អន្តរជាតិ
ត្រាំ ព្រម​បើក​រដ្ឋាភិបាល​ទាំងស្រុង​ឡើងវិញ​បី​សប្តាហ៍​ដើម្បី​យក​ពេល​ចរចា​រឿង​សន្តិសុខ​ព្រំដែន​
26, Jan 2019 , 12:04 pm        
រូបភាព
​ដោយ​ទុក​រឿង​លុយ​សង់​ជញ្ជាំង​មួយ​ឡែក ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ព្រម​ចុះហត្ថលេខា​លើ​ច្បាប់​ផ្តល់​កញ្ចប់​ថវិកា​សំដៅ​បើក​រដ្ឋាភិបាល​ទាំងស្រុង​ឡើងវិញ​ក្នុង​រយៈពេល​បី​សប្តាហ៍​សិន​។ ក្នុង​ពេលនេះ អ្នកនយោបាយ​ទាំងពីរ​បក្ស​ចាប់ផ្តើម​ពិភាក្សាគ្នា​លើ​កិច្ចព្រមព្រៀង​ជនអន្តោប្រវេសន៍ និង​សន្តិសុខ​ព្រំដែន​។ លោក ត្រាំ ចង់បាន​ជញ្ជាំង ឬ​រនាំង​ដែកថែប​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិសុខ​ព្រំដែន​នេះ​។



​ក្រោយ​បិទ​អស់​រយៈពេល ៣៥​ថ្ងៃ ដែលជា​រយៈពេល​វែង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក រដ្ឋាភិបាល​សហព័ន្ធ​ទាំងស្រុង​ត្រូវ​បើក​ដំណើរការ​ឡើងវិញ​។ ការបើក​ឡើងវិញ​នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ព្រម​ចុះហត្ថលេខា​លើ​វិធាន​ការផ្តល់​កញ្ចប់​ថវិកា​ដល់ទី​ភ្នាក់ងារ​ដែល​ត្រូវ​បិទ​ដំណើរការ ដោយ​ទុក​រឿង​លុយ​ថ្លៃ​ជញ្ជាំង ៥,៧​ពាន់​លាន​ដុល្លារ​មួយ​ឡែក​សិន​។  
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ថ្វីបើ​រដ្ឋាភិបាល​ទាំងស្រុង​ចាប់ផ្តើម​ដំណើរ​ដំណើរការ​ជា​ប្រក្រតី​ក៏ពិតមែន កញ្ចប់​ថវិកា​កំណត់​ក្នុង​ដំណោះស្រាយ​ដែលមាន​ការឯកភាព​គ្នា​នេះ មាន​រយៈពេល​ប្រើប្រាស់​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ពោលគឺ​ត្រឹម​ថ្ងៃ ១៥ ខែកុម្ភៈ​។​
 
​លោក ត្រាំ បានទាមទារ​ថវិកា ៥,៧ ពាន់​លាន​ដុល្លា​សម្រាប់​សង់​ជ​ញ្ជាំ​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​ជា​ថ្នូរ​នឹង​ការបើក​រដ្ឋាភិបាល​ទាំងស្រុង​ឡើងវិញ​។ ប៉ុន្តែ​ដល់​ចុង​សប្តាហ៍​ប្រធានាធិបតី​រូបនេះ​ហាក់​ប្តូរ​ជំហរ​បន្តិច​ដោយ​ព្រម​អនុញ្ញាត​ឲ្យ​មានការ​អនុវត្ត​វិធានការ​បណ្តោះអាសន្ន​នេះ​ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ចរចា​។ 
 
​ក្នុងពេល​បើក​រដ្ឋាភិបាល​ទាំងស្រុង​បណ្តោះអាសន្ន​នេះ សមាជិកសភា​ទាំងពីរ​បក្ស​ប្រញាប់ប្រញាល់​ជជែក​ពិភាក្សាគ្នា​ពី​កិច្ចព្រមព្រៀង​សមស្រប​មួយ​សម្រាប់​គ្រប់គ្រង​បញ្ហា​ជនអន្តោប្រវេសន៍​។ សភា​អាមេរិក​នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែលមាន​សមាជិកសភា​តំណាង និង​ព្រឹទ្ធសភា​មកពី​បក្ស​ទាំងពីរ​ដើម្បី​រក​ដំណោះស្រាយ​រួម​លើ​បញ្ហា​សន្តិសុខ​ព្រំដែន​នេះ​ផង​។ 
 
​យ៉ាងណាក៏ដោយ លោក ត្រាំ នៅតែ​លើកឡើង​ជាថ្មី​ពី​ការទាមទារ​ជញ្ជាំង​ព្រំដែន ឬ​យ៉ាងហោចណាស់​មានការ​សង់​រនាំង​ដែកថែប ហើយ​លោក​ក៏​គំរាម​ឲ្យ​មាន​ការបិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​ឡើងវិញ​ទៀត ឬក៏​អាច​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​តែម្តង បើសិនជា​សភា​មិនអាច​បង្កើត​កិច្ចព្រមព្រៀង​ដែល​លោក ចង់បាន​ទេនោះ​។ 
 
​ដោយឡែក​ការព្រម​ទទួលយក​ចំណាត់​ការបើក​រដ្ឋាភិបាល​ទាំងស្រុង​បណ្តោះអាសន្ន​នេះ​ធ្វើ​ឲ្យ​មាន​ពាក្យរិះគន់​ប្រធានាធិបតី ដ្បិតថា​លោក​អះអាង​ជារឿយៗ​ថា​លោក​មិន​ចុះ​ហត្ថ​លេខ​លើ​វិធានការ​នេះ​ទេ បើ​មិនបាន​លុយ​សង់​ជញ្ជាំង​។ អ្នកខ្លះ​ចាត់ទុកថា សកម្មភាព​នេះ​បង្ហាញថា លោក ត្រាំ លើក​ទង់ជ័យ​ស​ហើយ​។ 
 
​ឃើញ​ការរិះគន់ លោក ត្រាំ ប្រញាប់​សរសេរ​សារ​បង្ហោះ​តាម​គណនី twitter ខ្លួន​ភ្លាម​តែម្តង​ដោយ​ទាត់ចោល​រាល់​ការរិះគន់​ថា​លោក បរាជ័យ និង​ព្រម​ចុះចាញ់​រឿង​ទារលុយ​សង់​ជញ្ជាំង​។ លោក ត្រាំ អះអាង​ដូច្នេះ​៖« វា​មិនមែនជា​ការចុះចាញ់​ឡើយ​។ វា​ជាការ​យកចិត្តទុកដាក់​លើ​មនុស្ស​រាប់លាន​នាក់​ដែល​កំពុង​រង​ការឈឺចាប់​ខ្លួន​ដោយសារ​ការបិទ​រដ្ឋាភិបាល ហើយ​គេ​គួរ​យល់ថា ២១​ថ្ងៃ​ទៀត បើសិនជា​គ្មាន​កិច្ចព្រមព្រៀង​មួយ​សមស្រប​ទេ រឿង​ល្អមើល​នឹង​ចាប់ផ្តើម​ជាថ្មីទៀត​»​។​
«​យើង​ពិតជា​គ្មាន​ជម្រើស​ផ្សេង​ទៀតឡើយ ក្រៅពី​សង់​ជញ្ជាំង​មហិមារ ឬក៏​រនាំង​ដែកថែប​»​។ លោក​ត្រាំ បន្ត​បែបនេះ​។ 
​សូមបញ្ជាក់ថា ការបិទ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​បណ្តោះអាសន្ន​ដោយ​ផ្នែក​នេះ​ជា​ការបិទ​ដំណើរការ​មួយ​វែង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។​ការបិទ​ដំណើរការ​នេះ​ប៉ះពាល់​ដល់​ក្រសួង​ចំនួន​ប្រាំបួន​ក្នុងចំណោម​ក្រសួង ១៥ និង​ទីភ្នាក់ងារ​សំខាន់ៗ​ចំនួន​ច្រើនជាង​ដប់​ដែល​ត្រូវ​ផ្អាក​ដំណើរការ​។ បុគ្គលិក​ប្រហែល ៨០​ម៉ឺន​នាក់​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការបិទ​រដ្ឋាភិបាល​សហព័ន្ធ​ដោយ​ផ្នែក​នេះ ហើយ​រាល់​ការអូសបន្លាយ​នឹង​បង្ក​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​៕  
 

Tag:
 ជញ្ជាំង​ព្រំដែន​
  ដូ​ណា​ល់ ត្រាំ​
  សភា​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com