ជាតិ
២៥ខេត្ត/រាជធានី
អ្នកស្រី ហ៊ឹម និល ចំណាយពេល​ជិត​៤០​ឆ្នាំ​នឹង​របរ​ត្បាញ​«​ក​ន្ទេលកក់​» ដែល​ស្ទើរតែ​បាត់បង់​!
26, Jan 2019 , 7:59 pm        
រូបភាព
ដោយ:
​បាត់ដំបង​៖ មិនមែនជា​រឿង​សាមញ្ញ​ទេ ដែល​អ្នកស្រី ហ៊ឹម និល ព្យាយាម​ថែរក្សា​មុខរបរ​ត្បាញ​«​កន្ទេលកក់​» ដែល​ស្ទើរតែ​បាត់បង់​។ មុខរបរ​ប្រពៃណី ដែល​អ្នកស្រី ហ៊ឹម និល បាន​ស្នង​មុខរបរ​ប្រពៃណី​នេះ​ពី​ដូនតា​ជិត​៤០​ឆ្នាំ​មកហើយ​។ ស្ត្រី​វ័យ​៥០​ឆ្នាំ ដែល​រស់នៅ​ស្រុក​ឯក​ភ្នំ រូបនេះ អាច​ត្បាញ​កន្ទេលកក់​ក្នុង​មួយថ្ងៃ បាន​ពី​៥ ទៅ​១០​កន្ទេល ដោយ​មួយខែ​អាច​រកចំណូលបាន​ជាង​៣​លាន​រៀល​។​

 
​រយៈពេល​៣៧​ឆ្នាំ​ហើយ ដែល​អ្នកស្រី ហ៊ឹម និល ប្រក​បរបរ​ត្បាញ​កន្ទេលកក់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ កន្ទេលកក់​របស់​អ្នកស្រី និល ភាគច្រើន​លក់​ឲ្យ​ម៉ូយ ដែល​គេ​យកទៅលក់​បន្ត​នៅ​ភ្នំពេញ និង​ចែកចាយ​ទៅតាម​ផ្សារ​នានា​។ ស្ត្រី​វ័យ​៥០​ឆ្នាំ ដែល​រស់នៅ​ភូមិក​ល្ហា ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​ប្រាប់ ThmeyThmey 25 ថា ក្នុង​មួយខែ អ្នកស្រី អាច​រកប្រាក់​ចំណូល​ពី​របរ​នេះ​ជាង​៣​លាន​រៀល​។ 


 
​បើតាម​អ្នកស្រី និល ពលរដ្ឋ​ក្នុង​ភូមិក​ល្ហា មិនសូវ​ប្រក​បរបរ​ធ្វើ​កន្ទេលកក់​លក់​នោះទេ ដោយសារ​បច្ចុប្បន្ន កន្ទេលកក់​មិនសូវមាន​ទីផ្សារ ដោយ​គេ​ងាក​មក​ប្រើ​ក​ន្ទេ​ស​ជ័រ​ជំនួស​វិញ​។ ទោះបី​អ្នកភូមិ​របស់​អ្នកស្រី បោះបង់​របរ​នេះ​ក្ដី ក៏​អ្នកស្រី នៅតែ​បន្តធ្វើ​កន្ទេលកក់​លក់​ដ​ដែល​។ អ្នកស្រី និល លើកឡើងថា​៖ «​ខ្ញុំ​មិន​ចង់​ឲ្យ​មុខរបរ​នេះ​បាត់បង់​ទេ​។ ភូមិ​ខ្ញុំ​ពីមុន​មាន​អ្នកធ្វើ​កន្ទេល​នេះ​ច្រើន ប៉ុន្តែ​ពេលនេះ​គេ​ឈប់​ធ្វើ​ហើយ ទើប​ខ្ញុំ​បន្តធ្វើ​កន្ទេលកក់​នេះ ដើម្បី​កុំ​ឲ្យ​បាត់បង់​»​។​


 
​ជា​រៀងរាល់ថ្ងៃ អ្នកស្រី និល និង​បងស្រី​របស់​អ្នកស្រី អាច​ត្បាញ​កន្ទេលកក់​បាន​ពី ៥ ទៅ ១០ ក្នុង​មួយថ្ងៃ ដោយ​ពួកគាត់​ចាប់ផ្ដើម​ធ្វើ​កន្ទេល​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។ កន្ទេលកក់ ត្រូវការ​វត្ថុធាតុដើម ដូចជា កក់​, វល្លិ​ខ្លែង​ពណ៌ ឬ​ដើម​ក្រចៅ​។ មុននឹង​ចាប់ផ្ដើម​ធ្វើ​កន្ទេល អ្នកស្រី និល ត្រូវយក​កក់​ទៅ​ហាលថ្ងៃ​ចំនួន​២​ថ្ងៃ ទើប​អាច​យកមក​ត្បាញ​បាន រីឯ វល្លិ​ខ្លែង​ពណ៌ ឬ​ដើម​ក្រចៅ គឺ​ត្រូវ​ហែក​ទុក​ដើម្បី​ត្បាញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នក​តម្បាញ​ក​ន្ទេ​សកក់ ហ៊ឹម និល​។​


 
​អ្នកស្រី និល បាន​រៀបរាប់​ប្រាប់ ThmeyThmey 25 យ៉ាង​ដូច្នេះ​៖ «​ក្នុង​មួយថ្ងៃ ខ្ញុំ​លក់​កន្ទេលកក់ បាន​ចន្លោះ​ពី​៥​ម៉ឺន ទៅ​១០​ម៉ឺន​រៀល អាស្រ័យ​ទៅតាម​ការធ្វើ​កន្ទេលកក់​បាន​ច្រើន ឬ​តិច​។ កន្ទេលកក់​លក់រាយ ១ មានតម្លៃ ១​ម៉ឺន​រៀល ប៉ុន្តែ​បើ​បោះ​ដុំ អ្នកស្រី និល អាច​លក់បាន​តម្លៃ​ត្រឹមតែ ៥​ពាន់​រៀល តែប៉ុណ្ណោះ​»​។ 


 
​ការធ្វើ​កន្ទេល​នេះ ត្រូវ​យកចិត្តទុកដាក់​ខ្លាំង ទាំង​ការ​ត្បាញ ជាពិសេស ការ​ត្រាំកក់ និង​ហែក​វល្លិ​។ ប្រសិនបើ​មាន​ការបញ្ជាទិញ​ច្រើន អ្នកស្រី និល និង​បងស្រី ត្រូវ​ការជួល​កម្មករ​មកជួយ​ត្បាញ​។ តាមរយៈ​មុខរបរ​នេះ បានធ្វើ​ឲ្យ​អ្នកស្រី និល និង​បងស្រី មាន​ជីវភាព​ប្រសើរ​ជាមុន​មួយកម្រិត​៕



Tag:
 សេដ្ឋកិច្ច​
  បាត់ដំបង​
  កន្ទេល​
© រក្សាសិទ្ធិដោយ thmeythmey.com