អន្តរជាតិ
ហ្វីលីពីន បារម្ភ​ក្រុមហ៊ុន​ចិន​អាច​កាន់កាប់​ផែ​សមុទ្រ​អតីត​មូលដ្ឋានទ័ព​អាមេរិក​នៅ Subic Bay
26, Jan 2019 , 8:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល កំពុងតែ​ស្វះ​ស្វែងរក​ដំណោះស្រាយ​ទាន់ពេល និង​សក្តិសម​បំផុត​មួយ បន្ទាប់ពី​ក្រុមហ៊ុន​ក្នុងស្រុក​ធំ​មួយ ដែលមាន​ទីតាំង​ក្នុង​ផែ​សមុទ្រ​ជា​អតីត​មូលដ្ឋានទ័ព​អាមេរិក Subic Bay ក្បែរ​សមុទ្រ​ចិន​ខាងត្បូង បានប្រកាស​ក្ស័យធន ហើយ​គេ​បារម្ភ​ថា ក្រុមហ៊ុន​ចិន​នឹងមាន​ឱកាស​ទិញយក​ក្រុមហ៊ុន​នេះ​។ បណ្តា​អ្នកនយោបាយ​ហ្វីលីពីន ចាប់ផ្តើម​ព្រួយបារម្ភ ដ្បិតថា បើ​ក្រុមហ៊ុន​ចិន​ទិញ និង​គ្រប់គ្រង វា​អាច​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​សម្រាប់​សន្តិសុខ​ហ្វីលីពីន​។​

 
​ក្រុមហ៊ុន​សាងសង់​នាវា Hanjin Heavy Industries and Construction Philippines ដែលជា​សាខា​រោងចក្រ​សាងសង់​នាវា​របស់​កូរ៉េខាងត្បូង នៅក្នុង​ខែមករា​នេះ បានប្រកាស​ក្ស័យធន បន្ទាប់ពី​ខកខាន​មិនបាន​សងបំណុល​ជាង​៤០០​លាន​ដុល្លារ​ទៅ​ឲ្យ​ធនាគារ​ហ្វីលីពីន​។ ក្រុមហ៊ុន ដែលមាន​ទីតាំងនៅ​តំបន់ឆ្នេរ Subic Bay ហ្វីលីពីន​នេះ បាន​ប្រតិបត្តិការ​ជាច្រើន​ឆ្នាំ​មកហើយ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន CNBC ទីតាំង​របស់​ក្រុមហ៊ុន​សាងសង់​នាវា គឺជា​អតីត​មូលដ្ឋានទ័ព​អាមេរិក ដែល​ស្ថិត​ក្បែរ​តំបន់​មាន​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​ហ្វីលីពីន​ផងដែរ​។ ការបរាជ័យ​ក្នុង​របរ​រកស៊ី​ដ៏​ធំ​មួយ​ក្នុង​ទឹកដី​ហ្វីលីពីន រហូតដល់​ការប្រកាស​គ្មាន​លទ្ធភាព​សងបំណុល ក៏​កំពុងតែ​ក្លាយជា​ក្តីបារម្ភ​ធំ​មួយ ដ្បិត​កម្មករ​ក្នុងស្រុក​ជាច្រើន​នាក់ ក៏​កំពុងតែ​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើ​ទៀតផង​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ  ក្រុមហ៊ុន បានស្នើ​រដ្ឋាភិបាល​ហ្វីលីពីន​ឲ្យ​ជួយ​ស្វែងរក​អ្នកវិនិយោគ​ដើម្បី​បន្ត​ប្រតិបត្តិការ​រោងចក្រ​សាងសង់​កប៉ាល់​មួយ​នេះ ជាពិសេស​នោះ ជួយ​ស្រោចស្រង់​បុគ្គលិក ដែល​ភាគច្រើន​ជា​ប្រជាជន​ក្នុងស្រុក​ជាច្រើន​នាក់​ដែល​បម្រើ​ការងារ​នៅ​ទីនោះ​។ ភ្លាមៗ​ជាមួយនឹង​ការប្រកាស​ក្ស័យធន​នេះ ក៏មាន​ក្រុមហ៊ុន​ចិន​មួយចំនួន បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​ទិញយក​ផងដែរ​។ 
 
​ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​ហ្វីលីពីន ក៏​មិនបាន​ស្ងៀម​ដែរ ហើយ​ព្យាយាម​ស្វះ​ស្វែងរក​មធ្យោបាយ​សម​ស្រប​មួយ​ដើម្បី​ទប់ស្កាត់​ក្រុមហ៊ុន​ចិន​ទិញយក​តំបន់​នោះ​។ តាម CNBC​ដដែល មន្ត្រីជាន់ខ្ពស់​ហ្វីលីពីន ដែល​រួមទាំង​រដ្ឋមន្ត្រី​ការពារជាតិ​ផង​នោះ បានបង្ហាញ​ពី​ក្តីបារម្ភ​ពី​វត្តមាន​របស់​ក្រុមហ៊ុន​ចិន​នៅ​តំបន់ ថា​តើ​មាន​ចេតនា​គ្រាន់តែ​មក​ធ្វើ​ពាណិជ្ជកម្ម​ឬ​យ៉ាងណា​នោះ​។

ហើយ​នោះ​ក៏​ព្រោះតែ​ហ្វីលីពីន និង​ចិន ក៏​កំពុងតែ​មានរឿង​ជម្លោះ​អធិបតេយ្យ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្បែរ​នឹង​តំបន់​នោះ​ស្រាប់ នៅ​មិនទាន់បាន​ដោះស្រាយ​គ្នា​។ 
 
​គួរ​ជម្រាប​ថា តំបន់ឆ្នេរ Subic Bay មាន​ទំហំ​ប្រហែល​ប្រទេស​សិង្ហ​បុរី​។ ពីមុន​តំបន់​នេះ ត្រូវបាន​ប្រើប្រាស់​ជា​មូលដ្ឋានទ័ព​របស់​អេ​ស្ប៉ា​ញ និង​ក្រោយមក​របស់​អាមេរិក​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា មូលដ្ឋានទ័ព​ធំ​បំផុត​មួយ​របស់​អាមេរិក​ដែរ​។ ចាប់ពី​បិទ​ដំណើរការ​មូលដ្ឋាន​យោធា​នេះ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក រដ្ឋាភិបាល​ហ្វីលីពីន ក៏បាន​សម្រេច​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​វិញ​៕ 
 

Tag:
 ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com