កីឡាជាតិ
ជាតិ
​កីឡាការិនី​ខ្មែរ​-​បារាំង Phai Laurie ម្ចាស់​ជើងឯក Angkor Ultra Trail ចង់​ជាប់​ជម្រើសជាតិ​
26, Jan 2019 , 8:59 pm        
រូបភាព
ដោយ:
​កីឡាការិនី​ខ្មែរ​-​បារាំង Phai Laurie ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ នា​ព្រឹត្តិការណ៍ Angkor Ultra Trail ចង់​ធ្វើជា​កីឡាការិនី​ជម្រើសជាតិ និង​តំណាង​កម្ពុជា​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ ការ​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា វា​ជា​ក្តី​ស្រមៃ ដែល​កីឡា​កា​រិ​ន​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​ប៉ង​តាំងពីក្មេង​។ លោក វ៉ា​ត់ ចំរើន អះអាងថា Phai Laurie អាច​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​បាន ទាល់តែ​នាង​មាន​សមត្ថភាព និង​កំណត់ត្រា​ល្អ​ជាង​កីឡាការិនី​កម្ពុជា​។​

 
​ដោយមាន​ឳ​ពុក​ជា​ជនជាតិខ្មែរ ដែល​បាន​ភៀសខ្លួន​ទៅ​រស់នៅ​និង​រៀបការ​ជាមួយ​ស្ត្រី​ជនជាតិ​បារាំង បាន​ជំរុញ​ឲ្យ​កីឡាការិនី​ខ្មែរ​-​បារាំង Phai Laurie ចង់​តំណាង​ប្រទេស​កំណើត​ឳ​ពុក​របស់​នាង ក្នុងការ​ប្រកួត​នានា​លើ​ឆាក​អន្តរជាតិ​។ កីឡាការិនី​វ័យ​៣២​ឆ្នាំ​រូបនេះ រីករាយ​នឹងធ្វើ​ជា​កីឡាការិនី​អត្តពលកម្ម​ជម្រើសជាតិ​កម្ពុជា បើ​មានការ​អនុញ្ញាត ឬ​ស្នើ​ពី​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​។ បើសិន Laurie អាច​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​មែន​នោះ មានន័យថា នាង​បានសម្រេច​គោលបំណង​ដែល​ប៉ង​តាំងពីក្មេង​។ 


 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​កីឡាការិនី​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​វា​ជា​ក្តី​សុបិន​របស់ខ្ញុំ បើសិន​អាច​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ហើយ​ខ្ញុំ​រីករាយ​នឹងធ្វើ​ជា​កីឡាការិនី​តំណាង​ឲ្យ​កម្ពុជា​។ ខ្ញុំ ក៏​រីករាយ​ផងដែរ បើសិន​បាន​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាអត្តពលកម្ម​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​»​។ Laurie រំពឹងថា ថ្នាក់ដឹកនាំ​កីឡា ពិសេស​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មើលឃើញ​ពី​ការប្រឹងប្រែង​របស់​នាង និង​ជួយ​ឲ្យ​នាង​បានសម្រេច​ក្តី​ស្រមៃ​ចង់​ក្លាយជា​កីឡាការិនី​តំណាង​កម្ពុជា​។​
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា កម្ពុជា​គាំទ្រ​និង​ស្វាគមន៍​ជានិច្ច​សម្រាប់​វត្តមានរ​បស់​កីឡាការិនី​រូបនេះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ប៉ុន្តែ លោក​ទាមទារ​ឲ្យ​កីឡាការិនី​ខ្មែរ​-​បារាំង​រូបនេះ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​ធ្វើយ៉ាងណា ឲ្យ​មាន​កំណត់ត្រា​ល្អ​ក្នុង​កម្រិត​ដែល​អាច​ទទួលយកបាន​។  


 
«​គាត់​(Laurie)​ត្រូវខិតខំ​ធ្វើយ៉ាងណា​ឲ្យ​កំណត់ត្រា​(Record)​ចូលក្នុង​ស្តង់ដារ​ណាមួយ បើសិន​គាត់​ចូលក្នុង​ស្តង់ដារ​ណាមួយ​ភ្លាម​យើង​នឹង​ទទួលយក​គាត់​ភ្លាម​។ បើ​គាត់​អាចធ្វើ​បាន​២​ម៉ោង​៣០​នាទី ឬ​ក្រោម​នេះ គឺ​គាត់​អាច​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​លំដាប់​អន្តរជាតិ​និង​ពិភពលោក​បាន ហើយ​យើង​ក៏​ទទួលយក​គាត់​ផងដែរ​»​។ លោក វ៉ា​ត់ ចំរើន លើក​បែបនេះ ហើយ​បន្ថែមថា កម្ពុជា​បាន​ទាក់ទង​ជាប់​ជានិច្ច ដើម្បី​តាមដាន​ពី​កំណត់ត្រា​របស់​នាង​។ បច្ចុប្បន្ន Laurie មានកំណត់​ត្រា​២​ម៉ោង​៣២​នាទី​ក្នុង Record នៃ​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​អន្តរជាតិ​។ 
 
​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​បាន​បន្ថែមទៀតថា កាលពី​ពីរ​ឆ្នាំមុន​កីឡាការិនី​ខ្មែរ​-​បារាំង Phai Laurie រួមជាមួយ​ឳ​ពុក​បានមក​ជួបពិភាក្សា​ជាមួយ​លោក ពាក់ព័ន្ធ​នឹង​ការស្នើ​សុំចូល​ធ្វើជា​កីឡាការិនី​ជម្រើសជាតិ​នេះ​។ ពេលនោះ​លោក​បាន​ឆ្លើយតប​ថា លោក​គាំទ្រ​និង​បើកចំហ​ជានិច្ច ហើយ​លោក​ជំរុញ​ឲ្យ​កីឡាការិនី​រូបនេះ ត្រូវខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ 
 
​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ កីឡាការិនី Phai Laurie បាន​លើក​បង្ហាញ​ទង់ជាតិ​កម្ពុជា​នៅមុខ​កីឡាករ​កីឡាការិនី​អន្តរជាតិ​មកពី​បណ្តា​ប្រទេស​ប្រមាណ​ជាង​៤០ ក្រោយ​ឈ្នះ​ជើងឯក​លើ​វិញ្ញាសា​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ​ប្រចាំ​ព្រឹត្តិការណ៍ Angkor Ultra Trail ប្រចាំឆ្នាំ​២០១៩ បន្ទាប់ពី​នាង​ប្រើពេល​២​ម៉ោង​៤៤​នាទី​៣៨​វិនាទី​។ ជោគជ័យ​នេះ ជា​សញ្ញា​ល្អ​មួយ​ក្នុងការ​ឈានទៅ​សម្រេច​ក្តី​ស្រមៃ​ចង់​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​សម្រាប់ Laurie ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ​ពីរ​កន្លងមក​។​
 
​ជាមួយ​ការបង្ហាញ​អារម្មណ៍​រំភើប​រីករាយ ដែល​បានមក​ចូលរួម​រត់​នៅលើ​ទឹកដី​កម្ពុជា​សាជាថ្មី កីឡាការិនី​ខ្មែរ​-​បារាំង​រូបនេះ​បាន​បញ្ជាក់ថា នាង​មាន​មោទកភាព​មែនទែន ដែល​បាន​រត់​តំណាង​ឲ្យ​កម្ពុជា និង​លើក​ទង់ជាតិ​កម្ពុជា​។ «​ខ្ញុំ​មាន​មោទកភាព​ណាស់ ដែល​លើក​ទង់ជាតិ​ប្រទេស​កំណើត​ឳ​ពុក​ខ្ញុំ ដែល​គាត់​បាន​ភៀសខ្លួន​ពី​ទឹកដី​កម្ពុជា​ទៅ​រស់នៅ​ប្រទេស​បារាំង​តាំងពី​អាយុ​២៥​ឆ្នាំ​»​។ នេះ​ជាការ​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ដែល​សួរថា Laurie ថា ហេតុអ្វី​នាង​លើក​ទង់ជាតិ​កម្ពុជា​៕   

Tag:
 រត់ប្រណាំង​
  វ៉ា​ត់ ចំរើន​
  Phai Laurie
  Angkor Ultra Trail
© រក្សាសិទ្ធិដោយ thmeythmey.com