ជាតិ
ការសិក្សា​ស្វែងយល់​ពី​ផលប៉ះពាល់ នៃ​ការផ្លាស់ប្តូ​រលើ​ស្ថានភាព​គ្រប់គ្រង​ជលផល នៅក្នុង​បឹង​ទន្លេសាប
26, Jan 2019 , 3:10 pm        
រូបភាព
​រូបភាព​ពីលើ​អាកាស​តាម​ដងស្ទឹង​សង្កែ (​ដៃ​បឹង​ទន្លេសាប​) នៃ​ភូមិ​បណ្តែត​ទឹក និង​ឧបករណ៍​នេសាទ​បែប​បុរាណ «​ឈ្នុក​» នៅក្នុង​ភូមិ​ពាម​សី​ម៉ា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ បាត់ដំបង ។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
​រូបភាព​ពីលើ​អាកាស​តាម​ដងស្ទឹង​សង្កែ (​ដៃ​បឹង​ទន្លេសាប​) នៃ​ភូមិ​បណ្តែត​ទឹក និង​ឧបករណ៍​នេសាទ​បែប​បុរាណ «​ឈ្នុក​» នៅក្នុង​ភូមិ​ពាម​សី​ម៉ា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ បាត់ដំបង ។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ សហការ​ជាមួយ​វិ​ទ្យ​ស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល បានធ្វើការ​សិក្សា​មួយ អំពី​បឹង​ទន្លេសាប និង​ទន្លេសាប ព្រមទាំង​ការនេសាទ​ផងដែរ ដើម្បី​ជួយ​ការពារ​បរិស្ថាន និង​ទិន្នផល​នេសាទ​។ ការសិក្សា​ស្រាវជ្រាវ​នេះ នឹងធ្វើ​ឡើង​នៅតាម​តំបន់​មួយចំនួន តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប កំពង់ធំ សៀមរាប បាត់ដំបង និង​ពោធិសាត់ ចាប់ពី​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី ៣​ខែកុម្ភ ឆ្នាំ​២០១៩​។ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​សង្ឃឹមថា ប្រជា​នេសាទ និង​អ​តី​តៈ​ម្ចាស់​ឡូ​តិ៍​នេសាទ នឹង​ផ្តល់ព័ត៌មាន​ជាក់លាក់ នៃ​ប្រភេទ​ត្រី​សំខាន់ៗ​ខ្លះ និង​ការប្រែប្រួល​ក្នុង​ឆ្នាំ​កន្លងទៅ ដើម្បី​ជា​ជំនួយ​ដល់​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​យល់ដឹង​កាន់តែច្បាស់ អំពី​ស្ថានភាព​មច្ចុ​ប្បន្ន​របស់​វា​។



ការសិក្សា​ស្រាវជ្រាវ​នេះ ផ្តោត​សំខាន់​ទៅលើ​ត្រី​ចំនួន​៦​ប្រភេទ មានដូចជា​៖ ត្រី​កញ្ជនជ័យ (Channa lucius) ត្រី​ឆ្តោ (Channa micropeltes) ត្រី​ប្រ​ម៉ា (Boesemania notopterus) ត្រី​ស្លាត (Notopterus notopterus) ត្រី​ក្លាំងហាយ (Belodontichthys truncates) ត្រី​ប្រា​ធំ (Pangasianodon hypophthalmus).


 
​លោក​នុត សាវ៉ាត (​ទី​១) លោក អ៊ឹម សេដ្ឋា (​ទី​២) កញ្ញា តេ​រ៉េ​ហ្សា ខាំ​ប៊ែ​ល (​ទី​៣) លោក ង៉ោ ប៉េង​ប៊ុន (​ទី​៥) កញ្ញា អេ​លីហ្សា​ប៊េ​ត អេ​វើ​រ៉េ​ស (​ទី​៨) និង​កញ្ញា សា​រ៉ា​យ សា​ម៉ា​ឌី (​ទី​៩) ព្រមទាំង​ប្រជា​នេសាទ បន្ទាប់ពី​ធ្វើ​សម្ភាសន៍ នៅ​ឃុំ​ចំណា​ក្រោម ខេត្តកំពង់ធំ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
 
​កញ្ញា តេ​រ៉េ​សា ខាំ​បែ​ល អ្នក​ជីវ​វិទូ​ជលផល និង​ជា​អ្នកសរសេរ​គម្រោង មកពី​រ៉េ​ណូ ណេ​វ៉ា​ដា សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា​៖ «​គោលបំណង​នៃ​ការធ្វើការ​សិក្សា​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ជលផល​នៅក្នុង​បឹង​ទន្លេសាប និង​ដៃ​រប​ស់វា មុននឹង​ក្រោយ​នៃ​ការកែទម្រង់​ជលផល​ក្នុង​ឆ្នាំ ២០០០ និង​២០១២​។ ក្នុងនោះ​ផងដែរ គឺ​ដើម្បី​យល់ដឹង​ពី​និន្នាការ​នៃ​ដង់ស៊ីតេ​ប្រភេទ​ត្រី​ដែលមាន​តម្លៃ​ខាង​សេដ្ឋកិច្ច​ខ្ពស់​។​
 
​ការនេសាទ​នៅក្នុង​បឹង​ទន្លេសាប និង​ដៃ​រប​ស់វា គឺជា​ការនេសាទ​ត្រី​ទឹកសាប ដែលមាន​ផលិតភាព​ខ្ពស់បំផុត​មួយ នៅក្នុង​ពិភពលោក​។ ប្រជាជន​ប្រមាណ ៦ លាន​នាក់ បាន​ពឹង​ផ្អែកលើ​ការនេសាទ​សម្រាប់​ម្ហូបអាហារ និង​ជីវភាព​។ មុន​ឆ្នាំ ២០០០ ការគ្រប់គ្រង​ជលផល​ទឹកសាប ត្រូវបាន​ផ្តោតលើ​ឡូត៍​នេសាទ ដែល​បានធ្វើ​អាជីវកម្ម​លើ​ការនេសាទ​នៅក្នុង​ដែនទឹក​កម្ពុជា រួមមាន​បឹង​ទន្លេសាប និង​ដៃ​រប​ស់វា​ផងដែរ​។ ដោយសារ​ការកើតមាន​ជម្លោះ រវាង​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ម្ចាស់​ឡូត៍​នេសាទ រដ្ឋាភិបាល​បានសម្រេច​កាត់បន្ថយ​ឡូត៍​នេសាទ នៅក្នុង​បឹង​ទន្លេសាប និង​ដៃ​រប​ស់វា ប្រមាណ ៥៦% នៅ​ឆ្នាំ ២០០១ និង​បន្ទាប់មក បាន​លុបបំបាត់ចោល​ទាំងស្រុង ក្នុង​ឆ្នាំ ២០១២​។ 
 
​ដើម្បី​ស្វែងយល់​ពី​ផលប៉ះពាល់ នៃ​ការផ្លាស់ប្តូ​រលើ​ស្ថានភាព​គ្រប់គ្រង​ជលផល នៅក្នុង​បឹង​ទន្លេសាប យើង​កំពុង​ធ្វើ​សម្ភាសន៍​ជាមួយ​ក្រុមមនុស្ស ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​ការធ្វើ​នេសាទ អ្នកធ្វើ​ការនេសាទ​ពេញ​ម៉ោង អតីត​ម្ចាស់​ឡូត៍​នេសាទ ម្ចាស់​ឡូ​តិ៍​ដាយ (​នៅ​ទន្លេសាប​) និង​មន្ត្រីរដ្ឋបាល​ជលផល​តា​ម​បណ្តា​ខេត្ត​ផងដែរ​។ 
 
​ព័ត៌មាន​ដែល​ប្រមូលបាន​ពី​ភាគី​ពាក់ព័ន្ធ​ទាំងនេះ នឹង​បង្ហាញ​ពី​ផលប៉ះពាល់​ខ្លះៗ នៃ​កំណែទម្រង់​ការគ្រប់គ្រង​លើ​ការនេសាទ យន្តការ​ពីក្រោយ​ផលប៉ះពាល់​ទាំងនេះ និង​សំណូមពរ​ដើម្បី​កែលម្អ​។ វា​ក៏​នឹង​បង្ហាញ​ពី​និន្នាការ​នៃ​ដង់ស៊ីតេ​ប្រភេទ​ត្រី​ចំនួន ៦​ប្រភេទ ដែលមាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ផងដែរ​។ លទ្ធផល​នៃ​ការស្ទង់មតិ​នេះ នឹង​ជួយ​អ្នកគ្រប់គ្រង​ជលផល​ទឹកសាប​ដ៏​សំខាន់បំផុត​នេះ ដើម្បី​យល់ដឹង​ពី​របៀប​គ្រប់គ្រង និង​ការពារ​ធនធាន​នេះ ប្រកបដោយ​ប្រសិទ្ធភាព​»​។​


 
​លោក ង៉ោ ប៉េង​ប៊ុន មន្ត្រី​គម្រោង អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ និង​កញ្ញា អេ​លីហ្សា​ប៊េ​ត អេ​វើ​រ៉េ​ស កំពុង​សម្ភាសន៍​ប្រជា​នេសាទ នៅក្នុង ភូមិ​បណ្តែត​ទឹក ពាម​សី​ម៉ា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ បាត់ដំបង ដងស្ទឹង​សង្កែ (​ដៃ​បឹង​ទន្លេសាប​)​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
 
​កញ្ញា អេ​លីហ្សា​ប៊េ​ត អេ​វើ​រ៉េ​ស និស្សិត​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ណេ​វ៉ា​ដា រ៉េ​ណូ សហរដ្ឋអាមេរិក ដែលជា​សមាជិក​ម្នាក់ នៅក្នុង​ក្រុម​សិក្សា​ស្រាវជ្រាវ​នេះ បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ជា​និស្សិត​កិត្តិយស នៅ​សាកលវិទ្យាល័យ​ណេ​វ៉ា​ដា ដែល​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នេះ​។ ខ្ញុំ​កំពុង​សិក្សា​ផ្នែក​ជីវវិទ្យា ជាមួយ​គីមីវិទ្យា និង​ការអភិរក្ស​សត្វព្រៃ​។ ចំណាប់អារម្មណ៍​របស់​ខ្ញុំ​ជាពិសេស គឺ​ការស្រាវជ្រាវ និង​ការអភិរក្ស​ជលផល​។ ខ្ញុំ​សង្ឃឹមថានឹង​បញ្ចប់​ការសិក្សា​នៅ​ខែឧសភា និង​ចូលរៀន​នៅ​មហាវិទ្យាល័យ​ដើម្បី​បន្ត​ការសិក្សា​របស់ខ្ញុំ​។​
 
​ពេលនេះ ខ្ញុំ​រំភើប​ខ្លាំងណាស់ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុងការ​សិក្សា​នេះ​។ ក្នុងនាម​ជា​អ្នកស្ម័គ្រចិត្ត ខ្ញុំ​នឹងធ្វើ​ការ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​ដែល​មកពី​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។ ខ្ញុំ​នឹង​ជួយ​កត់ត្រា​បទសំភាសន៍​ជាមួយ​អ្នកនេសាទ នៅ​បឹង​ទន្លេសាប និង​ដៃ​រប​ស់វា​។ ខ្ញុំ​នឹង​ជួយ​ក្រុម​ដើម្បី​វិភាគ​ទិន្នន័យ នៅពេល​យើង​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ពី​ផលប៉ះពាល់​នៃ​សកម្មភាព​គ្រប់គ្រង លើ​ការនេសាទ​ក្នុង​តំបន់ និង​កំណត់​ពី​របៀប​ដែល​ចំនួន​ត្រី​បាន​ប្រែប្រួល​តាម​ពេលវេលា​។​

© រក្សាសិទ្ធិដោយ thmeythmey.com