ជាតិ
២៥ខេត្ត/រាជធានី
ពី​អ្នកស៊ីឈ្នួល​គេ អ្នក​មីង ស្រី ងាក​មក​ប្រក​របរ​ធ្វើ​«​នំ​បំពង់​»​លក់ ចិញ្ចឹម​កូន​ឲ្យ​រៀន​ចប់​បាក់​ឌុប​
27, Jan 2019 , 9:59 am        
រូបភាព
ដោយ:
​កំពត​៖ នំ​បំពង់​ជា​មុខរបរ​ប្រពៃណី​របស់​អ្នកភូមិ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត​។ បច្ចុប្បន្ន នំ​បំពង់ កំពុងតែ​ទ​ទួល​បានការ​គាំទ្រ និង​មាន​ទីផ្សារ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ស្ងាត់​ទីផ្សារ​អស់​ជាច្រើន​ឆ្នាំ​មក​។ សព្វថ្ងៃនេះ អ្នក​ប្រក​បរបរ​ធ្វើ​នំ​បំពង់​នេះ ក៏​នៅតែ​មិនទាន់​បំពេញតម្រូវការ​ឈ្មួញ ដែល​បញ្ជា​ទិញ​បាន​នៅ​ទ្បើ​យ​ទេ​។ ក្នុងនោះ​គ្រួសារ​អ្នក​មីង ស្រី ក៏​ទទួលបាន​ផលប្រយោជន៍​ជា​ចំណូល​ពី​ការធ្វើ​នំ​បំពង់​លក់​ផងដែរ​។​



​សិប្បកម្ម​នំ​បំពង់ ដែល​អ្នក​ខេត្តកំពត​ហៅថា​«​នំ​បាញ់​កែប​» ធ្វើ​ពី​ម្សៅ ល្ង និង​ខ្ទិះដូង និង​មាន​រសជាតិ​ដូចជា ស្លឹក​តយ​, សូ​កូ​ទ្បា​, ទឹកដោះគោ​, កាហ្វេ រួមទាំង​រសជាតិ​ផ្សេងទៀត​។ វា​គឺជា​មុខរបរ​ត​ជំនាន់​របស់​អ្នក​ខេត្តកំពត​។ ជាពិសេស អ្នកភូមិ​កំពង់​គ្រែង ស្រុក​ទឹកឈូ តែម្តង​។ សព្វថ្ងៃ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅតែ​ប្រកបមុខរបរ​ប្រពៃណី​មួយ​នេះ ដោយសារ​វា​កំពុង​តែមាន​ទីផ្សារ​។​

 
 
​កំពុង​អង្គុយ​លាយ​ម្សៅ ជាមួយ​ស្លឹក​តយ និង​គ្រឿងផ្សំ​ផ្សេងទៀត អ្នក​មីង ស្រី និង​កូនស្រី បាន​ប្រក​បរបរ​ធ្វើ​នំ​បំពង់ ឬ នំ​បាញ់​កែប នេះ​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​។ ក្នុង​មួយថ្ងៃ​អ្នក​មីង ស្រី ធ្វើ​នំ​បំពង់​នេះ ចំនួន​៥​គីឡូ​ម្សៅ ឬ​ច្រើនជាង​នេះ ទៅតាម​តម្រូវ​ការបញ្ជាទិញ​ពី​ឈ្មួញ ដែល​យកទៅលក់​បន្ត​នៅតាម​ហាង​ផ្សេងៗ​។ ក្រោយពី​ធ្វើ​នំ​បំពង់ ដោយ​វេច​ខ្ជ​ប់​ត្រឹមត្រូវ​រួចរាល់​ហើយ ស្ត្រី​វ័យ​៤០​ឆ្នាំ​រូបនេះ អាច​ទទួលបាន​ចំណូល​ពី​៥​ម៉ឺន​រៀល​ឡើងទៅ តាម​លទ្ធភាព​នៃ​ការធ្វើ​នំ​នេះ​។​


 
​ដៃ​ម្ខាង​កាន់​ដង្កៀប ហើយ​ដៃ​ម្ខាង​ទៀត​កាន់​ពុម្ព​ធ្វើ​នំ ដែល​នៅលើ​ចង្ក្រាន មាន​ភ្លើង​ចេញពី​ធ្យូង នៅក្នុង​ផ្ទះថ្ម​ខ្លួន ស្ត្រី​មេម៉ាយ​រូបនេះ បាន​ប្រាប់ ThmeyThmey25 ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្វើ​នំ​បំពង់​នេះ​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​តែប៉ុណ្ណោះ ទើប​ធ្វើ​មិនទាន់​អ្នក​ដែល​គាត់​ទិញ​យកទៅលក់​បន្ត​ទេ​។ និយាយ​ទៅ​មាន​ប៉ុន្មាន គាត់​(​ឈ្មួញ​)​យក​ប៉ុណ្ណឹង ចំណែកឯ​តម្លៃ​វិញ គឺ​ទៅតាម​ការ​កម្មង់​របស់​ភ្ញៀវ បើ​ចង់បាន​រសជាតិ​ពិសេស គឺ​ដាក់​គ្រឿងផ្សំ​ឲ្យ​ច្រើន​តាម​តម្រូវការ​ទៅ​»​។​


 
​តាមរយៈ​របរ​ធ្វើ​នំ​បំពង់​លក់​នេះ វា​ជា​ផ្នែក​សេដ្ឋកិច្ច​សំខាន់​មួយ ដែល​ជួយ​ជំរុញ​លទ្ធភាព​របស់​អ្នក​មីង ស្រី អាច​ចិញ្ចឹម​កូនស្រី​ម្នាក់ ដែល​កំពុង​អង្គុយ​ជួយ​ធ្វើ​នំ​អ្នកស្រី បានបញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២ ។ តាមពិត​ទៅមុន​ប្រកប​របរ​ធ្វើ​នំ​បំពង់​នេះ ស្ត្រី​មេម៉ាយ​រូបនេះ គឺ​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ធ្វើ​នំ​ឲ្យ​គេ ដោយ​ទទួលបាន​កម្រៃ​១០០​រៀល ក្នុង​មួយកញ្ចប់​ប៉ុណ្ណោះ កាលពី​ជាង​១០​ឆ្នាំមុន​។ ប៉ុន្តែ ដោយសារ​នំ​បំពង់​កាលណោះ គ្មាន​ទីផ្សារ​ល្អ ទើប​អា​ជី​កម្ម​ធ្វើ​នំ​ត្រូវ​ផ្អាក​ដំណើរការ ហើយ​អ្នក​មីង ស្រី ក៏​ងាក​ទៅធ្វើ​ការងារ​រោងចក្រ​មួយរយៈ​។​


 
«​ខ្ញុំ​បាន​ឈប់​ធ្វើ​នំ​បំពង់​នេះ​ម្តង​ហើយ ព្រោះតែ​គ្មាន​អ្នកបញ្ជា​ទិញ​និង​គ្មាន​ទីផ្សារ​លក់ ដោយ​ឃើញថា នំ​បំពង់​ចាប់ផ្តើម​មាន​ទីផ្សារ និង​មាន​ហាង​គេ​ទិញ​យកទៅលក់​បន្ត​វិញទៀត​នោះ ទើប​ខ្ញុំ​ចាប់ផ្តើម​ប្រក​បរបរ​នេះ​រយៈពេល​៥​ឆ្នាំ ហើយ​មកដល់​សព្វថ្ងៃ​ឃើញថា មាន​ទីផ្សារ​ហើយ អ្នកភូមិ​ក៏​ចាប់ផ្តើម​ធ្វើ​នំ​ច្រើន​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ស្ត្រី​រាងស្ដើង​វ័យ​៤០​ឆ្នាំ ដែល​កំពុង​ចូល​ជា​សមាជិកសមាគម​ស្ត្រី​ធ្វើ​នំ​បំពង់​នៅ​ខេត្តកំពត ដើម្បី​ផលិត​នំ ចែកចាយ និង​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ទូទាំងប្រទេស​។
 


Tag:
 ​នំ​បំពង់​
  មុខរបរ​ប្រពៃណី​
  ខេត្តកំពត​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com