ជាតិ
២៥ខេត្ត/រាជធានី
ក្រុង​-​ស្រុក​-​ខណ្ឌ​ថ្មី​៖​បឹង​កេងកង​, កំបូល​, កោះរ៉ុង​, បុរី​អូរ​ស្វាយ​សែន​ជ័យ​, តា​លោ​សែន​ជ័យ និង​តាំងគោក​
26, Jan 2019 , 9:29 pm        
រូបភាព
ដោយ: រួបរួម
​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ស្ទឹងត្រែង ពោធិ៍សាត់ និង​កំពង់ធំ នឹងមាន​រដ្ឋបាល​ថ្នាក់ក្រុង ស្រុក ខណ្ឌ បន្ថែមទៀត ដោយ​សមាសភាព​ដឹកនាំ​ទំនងជា​កើតចេញពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។​

 
​រដ្ឋបាល​មូលដ្ឋាន​ថ្មី​ទាំង​៦ ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​ផ្សេងៗ​គ្នា ដែល​ចុះ​កាលពី​ថ្ងៃទី​៨ ខែមករា​។ យោងតាម​លិខិត​របស់​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផ្ញើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រុង ស្រុក ខណ្ឌ នីមួយៗ នឹងមាន​សមាសភាព​គ​ណៈ​អភិបាល​ចំនួន​៥​រូប​។​
 
​រាជធានី​ភ្នំពេញ នឹងមាន​ខណ្ឌ​ពីរ​បន្ថែមទៀត គឺ​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​កំបូល ដែល​ធ្វើ​រាជធានី​ភ្នំពេញ​កើន​ដល់​ទៅ​១៤​ខណ្ឌ​។  តាម​អនុក្រឹត្យ ស្ដីពី​ការកំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ សម្រាប់​អាណត្តិ​ទី​៣ ខណ្ឌ​ថ្មី​ទាំងពីរ នឹងមាន​សមាជិក​ក្រុមប្រឹក្សា​ចំនួន​១៧​នាក់ រៀងៗ​ខ្លួន​។ ខណ្ឌ​ផ្សេងទៀត​របស់​រាជធានី​ភ្នំពេញ​រួមមាន ខណ្ឌមានជ័យ ច្បារអំពៅ ទួលគោក ឫស្សីកែវ សែន​សុខ ពោធិ៍​សែន​ជ័យ ចំការមន ដង្កោ ដូនពេញ ៧​មករា ជ្រោយចង្វារ និង​ព្រែក​ព្នៅ​។​
 
​កោះរ៉ុង នឹង​ក្លាយជា​ក្រុង​ថ្មី​មួយ​បន្ថែមទៀត​របស់​ខេត្ត​ព្រះសីហនុ​។ ក្រុង​កោះរ៉ុង​នឹងមាន​សមាជិក​ក្រុមប្រឹក្សា​ចំនួន​១១​នាក់ ហើយ​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ មាន​រដ្ឋបាល​ក្រុង ស្រុក ចំនួន​៥ គឺ​ក្រុងព្រះសីហនុ ស្រុក​ព្រៃនប់ ស្រុក​កំពង់​សិលា ស្រុក​ស្ទឹងហាវ និង​ក្រុង​កោះរ៉ុង​។​
 
​ខេត្តស្ទឹងត្រែង មាន​ក្រុង​-​ស្រុក ឡើងដល់​៦ ក្រោយ​ការបង្កើត​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។ ស្រុក​ថ្មី​នេះ នឹងមាន​ចំនួន​ក្រុមប្រឹក្សា​១១​នាក់ ដែល​តិចជាង​នៅ​ក្រុង​ស្ទឹងត្រែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សេសា​ន ស្រុក​សៀម​ប៉ាង និង​ស្រុក​សៀម​បូក​។​
 
​ខេត្តពោធិ៍សាត់ ក៏មាន​ស្រុក​ថ្មី​មួយទៀត​បន្ថែម​ដែរ គឺ​ស្រុក​តា​លោ​សែន​ជ័យ​។ ស្រុក​នេះ នឹងមាន​ក្រុមប្រឹក្សា​ចំនួន​១៥​នាក់ ដែល​លើស​ស្រុក​វាលវែង តែ​តិចជាង​ស្រុក​បាកាន ស្រុក​ក្រគរ ក្រុង​ពោធិ៍សាត់ ស្រុក​ភ្នំក្រវាញ និង​ស្រុក​កណ្តៀង​។​
 
​រីឯ​ខេត្តកំពង់ធំ មានស្រុក​តាំងគោក​ជា​ចំណូល​ថ្មី បន្ថែម​លើ​ស្រុក​បារាយណ៍ ស្រុក​ស្ទោង ស្រុក​កំពង់ស្វាយ ស្រុក​សន្ទុក ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ស្រុក​សណ្តាន់ ក្រុង​ស្ទឹងសែន និង​ស្រុក​ប្រាសាទ​សំបូរ​។ តាំងគោក​មាន​ចំនួន​ក្រុមប្រឹក្សា​១៩​នាក់​៕

Tag:
 ភ្នំពេញ​
  ព្រះសីហនុ​
  ស្ទឹងត្រែង​
  ពោធិ៍សាត់​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com