ជាតិ
ពីនេះ ពីនោះ
តើ​សារព័ត៌មាន​មាន​ដើមកំណើត​មកពីណា​?
27, Jan 2019 , 5:29 pm        
រូបភាព
​សារព័ត៌មាន​គឺជា​លំនាំ​នៃ​ការប្រមូល រៀបចំ ចងក្រង និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅកាន់​មហាជន​ទូទៅ តាមរយៈ​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ផ្សេងៗ​។ តើ​សារព័ត៌មាន​មាន​ប្រ​វ​តិ្ត​ឬ​ដើមកំណើត​យ៉ាងដូចម្តេច​?

 
​បើ​យោងតាម​គេហទំព័រ universalclass.com ក្រោម​ចំណងជើង​ថា «A Brief History of Journalism: How We Arrived to Where We Are» លំនាំ​សារព័ត៌មាន​ដំបូង​គេ​បង្អស់​ត្រូវបាន​អ្នក​បុរាណវិទ្យា​សំដៅ​ទៅកាន់​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ​៥៩ មុន​គ្រិស្តសករាជ ឬ​ជាង​២០០០​ឆ្នាំមុន​។​
 
 ក្នុងសម័យ​បុរាណ ព័ត៌មាន​ត្រូវបាន​គេ​សរសេរ​នៅលើ​ក្តារបន្ទះ​រាង​ចតុកោណកែង ចង​ព​ន្យួ​រ​នៅតាម​ទីក្រុង​ផ្សេងៗ​ក្នុង​ទីក្រុង​សម្រាប់​ប្រជាជន​ទូទៅ​អាន​។ ក្តារបន្ទះ​ទាំងនោះ​ត្រូវបាន​គេ​ហៅថា Acta Diurna ។​
 
 ក្នុង​ឆ្នាំ​១៦០៩ ប្រទេស​អាល្លឺម៉ង់​បាន​ផលិត​លំនាំ​ព័ត៌មាន​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ព័ត៌មាន​បច្ចុប្បន្ន​ដែរ​។ កាសែត​នោះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា Weekly Newes ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​បុរាណ​។ 
 
​ចាប់តាំងពី​ពេលនោះ​មក វិស័យ​សារព័ត៌មាន​ត្រូវបាន​មហាជន​ឲ្យ​តម្លៃ និង​ប្រជាប្រិយភាព​របស់​វិស័យ​មួយ​នេះ​កើន​ឡើងជា​រៀងរាល់ឆ្នាំ​។ ការបង្កើត​ម៉ាស៊ីន​បោះ​ពុ​ម្ភ​ដំបូង​ក្នុងអំឡុង​សតវត្ស​ន៍ទី​១៩​បានធ្វើ​ឲ្យ​សារព័ត៌មាន​បោះជំហាន​ឡើង​ក្នុងការ​ចែកចាយ​ដំណឹង និង​អត្ថបទ​នានា​ទៅកាន់​អ្នកអាន​ក្នុងតម្លៃ​ធូរ​ថ្លៃ និង​ចំណាយពេល​តិច​។ 
 
​ប៉ុន្តែ​ជារឿយៗ ដំណឹង​ទាំងអស់នោះ​មិនសូវ​ជា​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល ឬ​អ្នកមានអំណាច​ឡើយ​។ ក្នុងសម័យ​នោះ អ្នកមានអំណាច​តែង​ដាក់​ពន្ធ និង​ពេលខ្លះ​គាបសង្កត់​សេរីភាព​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ការបញ្ចេញមតិ​។ ក្នុងពេល​ជាមួយគ្នា​នោះ ទស្សនា​វ​ដ្តី​ក៏ត្រូវ​បាន​គេ​បង្កើតឡើង ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ព័ត៌មាន​ពី​សំណាក់​ប្រជាជន​ជាច្រើន​។ ក្រោយមក ការរីកលូតលាស់​នៃ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដែលមាន​ដូចជា ខ្សែ​តេ​លេ​ក្រាម រលក​វិទ្យុ ទូរគមនាគមន៍ និង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​បាន​បង្កើត​ភាពងាយស្រួល​បន្ថែមទៀត​សម្រាប់​អ្នកយកព័ត៌មាន​និង​អ្នកអាន និង​ទទួលបាន​ផលិតផល​ព័ត៌មាន​យ៉ាង​ស្រួល​ទាំងអស់គ្នា​។ 
 
​ដោយសារតែ​ហេតុនេះហើយ ទើប​សារព័ត៌មាន​នេះ​បាន​ក្លាយជា​វិស័យ​មួយ​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន​ក្នុងប្រទេស​មួយចំនួន​លើ​ពិភពលោក​។ មុន​ដល់​សព្វថ្ងៃ សារព័ត៌​មានបាន​វិ​វត្ត​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ការ​ចែកចាយ​ដំណឹង​ជាប្រចាំ​របស់​ប្រជាជន​ទីក្រុង​រ៉ូម រហូតដល់​ក្លាយទៅជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការផ្សព្វផ្សាយ​និង​ចែករម្លែក​ចំណេះដឹង​សកល​៕

Tag:
 សារព័ត៌មាន​
  ប្រ​វ​តិ្ត​សាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com