ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ខិនរ៉ូ អ៊ីស៊ុ៖«មន្ទីរពេទ្យកុមារអង្គរ ជាចំណែកនៃជីវិតរបស់ខ្ញុំ»
× សៀមរាប៖ នៅថ្ងៃទី២៥ មករា ឆ្នាំ២០១៩ មន្ទីរពេទ្យកុមារអង្គរ បានប្រារព្ធខួប២០ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យដែលព្យាបាលកុមារមិនគិតថ្លៃមួយនេះ។ ស្ថាបនិកមន្ទីរពេទ្យ លោក ខិនរ៉ូ អ៊ីស៊ុ ដែលបានផ្តួចផ្តើមកៀងគរបង្កើតបានចាត់ទុកមន្ទីរពេទ្យមួយនេះថាជាផ្នែកមួយនៃជីវិតរបស់លោក។ ជាផ្នែកមួយនៃជីវិតរបស់លោក ដោយសារក្ដីស្រមៃដែលលោកចង់ឃើញកុមារកម្ពុជាទទួលបានការថែទាំ ព្យាបាលប្រកបដោយគុណភាព ដោយក្ដីមេត្តា និងចាត់ទុកអ្នកជំងឺដូចគ្រួសាររបស់ខ្លួន បានអនុវត្តន៍ត្រឹមត្រូវក្នុងមន្ទីរពេទ្យនេះ។
សូមស្ដាប់បទសម្ភាសរវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប និងលោក ខិនរ៉ូ អ៊ីស៊ុ ដោយមានការប្រែសម្រួលដោយ អ្នកស្រី ស៊ិនកេត អរុណ ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ នៃមន្ទីរពេទ្យកុមារអង្គរ ដូចតទៅ៖
មកដល់ឆ្នាំនេះ មន្ទីរពេទ្យកុមារអង្គរមានកំណើត ២០ឆ្នាំក៏ពិតមែន តែបើរាប់តាំងពីពេលផ្តួចផ្តើមបង្កើតមក គឺមានរយៈពេល ២៤ឆ្នាំហើយ។ លោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរបានរម្លឹកថា គោលបំណងនៃការបង្កើតមន្ទីរពេទ្យនេះ ដំបូងមានតែមួយគត់ គឺលោកចង់ឱ្យកុមារកម្ពុជាទាំងអស់ទទួលបានការថែទាំ ការព្យាបាលប្រកបដោយគុណភាព និងក្ដីមេត្ដាស្មើៗគ្នា។ បទពិសោធន៍ជូរជត់មួយដែលលោក ខិនរ៉ូ ចាំមិនភ្លេច និងបង្កើតគំនិតបង្កើតមន្ទីរពេទ្យមួយនេះ គឺក្មេងស្រីកម្ពុជាម្នាក់បានស្លាប់នៅចំពោះមុខលោក ដោយសារគ្រួសារមិនមានលុយឱ្យគ្រូពេទ្យចំនួន២ដុល្លារ ដោះដូរនឹងលក្ខខណ្ឌមុនពេលព្យាបាល។ ពេលនោះលោកគិតថា លុយអាចយកបាននៅពេលក្រោយ តែជីវិតក្មេងស្រីនោះមិនអាចរកវិញបានទេ។
ជាមួយនឹងការផ្តល់សេវាព្យាបាលដល់កុមារដោយឥតគិតថ្លៃហើយនោះ ក្នុងនាមជាស្ថាបនិកមន្ទីរពេទ្យលោក ខិនរ៉ូ បានអះអាងថា ក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យកុមារអង្គរទាំងអស់ គឺមានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ដោយអនុវត្តន៍តាមប្រព័ន្ធ «ការថែទាំ និងព្យាបាលដោយគុណភាពខ្ពស់ និងចាត់ទុកអ្នកជំងឺដូចក្រុមគ្រួសាររបស់ខ្លួនដូច្នោះដែរ»។ សម្រាប់លោក ខិនរ៉ូ ប្រព័ន្ធសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែលោកចង់ឃើញគ្រូពេទ្យមានការថែទាំ និងព្យាបាលអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ ការយកចិត្តទុកដាក់ ពិសេសស្វាគមន៍អ្នកជំងឺដោយភាពរាក់ទាក់ និងកក់ក្ដៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com