កីឡាជាតិ
ជាតិ
​អ្នកជំនាញ​៖ ដើម្បី​ក្លាយជា​អ្នកជិះ​កង់​ដ៏​ពូកែ កីឡាករ​មិនគួរ​ហ្វឹកហាត់​តែ​នៅលើ​កង់​នោះទេ​
27, Jan 2019 , 6:59 pm        
រូបភាព
លោក Frank Zgoznik កំពុងបង្ហាត់បង្ហាញពីបច្ចេកទេសដល់សិក្ខាកាមទាំង៣៨រូប
លោក Frank Zgoznik កំពុងបង្ហាត់បង្ហាញពីបច្ចេកទេសដល់សិក្ខាកាមទាំង៣៨រូប
ដោយ:
​អតីត​កីឡាករ​អាជីព​របស់​អូស្ត្រាលី Frank Zgoznik បាន​បញ្ជាក់ថា ដើម្បី​ក្លាយជា​កីឡាករ​ជិះ​កង់​ដ៏​ពូកែ​មួយរូប កីឡាករ​មិនគួរ​ហ្វឹកហាត់​តែ​ជាមួយ​កង់​នោះទេ​។ ក្នុងន័យនេះ លោក ជំរុញ​ឲ្យ​កីឡាករ​ត្រូវ​ហ្វឹកហាត់​លើ​ផ្នែក​កាយសម្បទា និង​ផ្នែក​ផ្សេងៗ​ទៀត ដែល​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សមត្ថភាព​។ ការលើកឡើង​របស់ Frank ពេល​លោក​ធ្វើជា​គ្រូឧទ្ទេស​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​ថ្នាល និង​អត្ត​ព​លិ​ក​វ័យក្មេង​របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​។

 
​លោក Frank Zgoznik អតីត​កីឡាករ​ប្រណាំង​កង់​អាជីព​របស់​អូស្ត្រាលី​បាន​អះអាងថា ការហ្វឹកហាត់​ជាមួយ​កង់​តែមួយ​មុខ វា​មិន​គ្រប់គ្រាន់​នោះទេ​ក្នុងការ​ក្លាយជា​អត្ត​ព​លិ​កមាន​សមត្ថ​ភាពខ្លាំង ដើម្បី​ដណ្តើមបាន​មេដាយ​លើ​ឆាក​អន្តរជាតិ​។ ដូច្នេះ​ទាមទារ​ឲ្យ​កីឡាករ​ហ្វឹកហាត់​ជាមួយ​ឧបករណ៍ និង​ផ្នែក​ផ្សេងៗ ពិសេស​លេង​កីឡា​ឲ្យ​បាន​ច្រើន​ប្រភេទ​។  
 
«​ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​ផ្លាស់ប្តូរ​គំនិត បើ​ចង់​ក្លាយជា​កីឡាករ​ខ្លាំង​មួយរូប កុំ​ជិះ​តែ​កង់ គឺ​ត្រូវ​លេង​កីឡា​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​សាច់ដុំ​និង​ផ្នែក​ផ្សេងៗ​ឲ្យ​កាន់តែ​រឹងមាំ​។ ពួកគេ​គួរ​ទៅ​ហ្វឹកហាត់​សាច់ដុំ និង​ពត់​ពង្រឹង​ខ្លួន​នៅ​ក្លិប​ហាត់ប្រាណ ពិសេស​លេង​កីឡា​មួយចំនួន​ដែល​ជួយ​បង្កើន​សមត្ថភាព​ដូចជា​រត់ប្រណាំង បាល់ទះ និង​បាល់ទាត់​ជាដើម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Frank Zgoznik​។ 


 
​គ្រូបង្វឹក​កីឡាករ​ជម្រើសជាតិ​ស្ម័គ្រចិត្ត​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​រូបនេះ​បន្ថែមថា ពេលវេលា​សម្រាក និង​របប​អាហារ​មុន​និង​ក្រោយ​ការហ្វឹកហាត់ ក៏​កត្តា​រួមចំណែក​ជួយ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​ឲ្យ​មានការ​រីកចម្រើន​ផងដែរ​។ លោក​ជឿជាក់ថា បើសិន​កីឡាករ​ខ្វះ​ការយល់ដឹង​ពី​បញ្ហា​នេះ សមត្ថភាព​របស់​ពួកគេ​នឹង​ថេរ​ត្រឹម​កម្រិត​ណាមួយ មិនអាច​រីក​ចម្រើនប​ន្ត​ទៀតឡើយ​។ 
 
«​ការហាត់​កង់​ត្រូវ​ប្រើ​ថាមពល​ខ្លាំង ហើយ​វា​បានដាក់​សម្ពាធ​ធ្វើ​ឲ្យ​រាងកាយ​ហត់​ខ្លាំង​។ ដូច្នេះ​ពួកគាត់​ត្រូវ​រៀន​ធ្វើ​យ៉ាងម៉េច​ហូបចុក​ឲ្យ​បាន​គ្រប់គ្រាន់ ឲ្យ​ត្រឹមត្រូវ មាន​ជីវជាតិ​ល្អ ដើម្បី​ឲ្យ​រាងកាយ​ជាសះស្បើយ ក៏ដូចជា​រឹងមាំ​បន្ទាប់ពី​ហាត់​ហើយ សម្រាប់​បន្ត​ហាត់​នៅ​ថ្ងៃស្អែក​ទៀត​។ ហើយ​ពួកគេ​ត្រូវ​សម្រាក​ឲ្យ​គ្រប់គ្រាន់ ព្រោះ​អំឡុងពេល​សម្រាក​វា​ជា​ពេល​រាងកាយ​ត្រូវ​លូតលាស់​»​។ នេះ​ជាការ​បន្ថែម​របស់លោក Frank​។ 


 
​គ្រូបង្វឹក​អូស្ត្រាលី​រូបនេះ​សង្កត់ធ្ងន់ថា កីឡាករ​កីឡាការិនី​ត្រូវ​បង្កើន​ការហ្វឹកហាត់ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ក្នុងករណី​ដឹងថា សមត្ថភាព​ខ្លួន​ហាក់​នៅ​ទ្រឹង​។ បើតាម​លោក Frank កីឡាករ​អាជីព ឬ​ក្រុម​ជម្រើសជាតិ​ត្រូវដាក់​គោលដៅ​ជិះ​ឲ្យ​បាន​ពី​២​ទៅ​៣​ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយឆ្នាំ ខណៈ​យុវជន​ថ្នាល​ពី​១​ទៅ​១៥,០០០​គីឡូម៉ែត្រ​ក្នុង​ឆ្នាំ​។ ហើយ​កីឡាករ​គួរ​ហ្វឹកហាត់​រៀងរាល់ថ្ងៃ ឬ​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ 
 
​គ្រូបង្វឹក​កម្រិត UCI Level 1 មកពី​អូស្ត្រាលី​រូបនេះ​ជឿជាក់ថា ប្រសិនបើ​កីឡាករ​កម្ពុជា​អាច​អនុវត្តតាម​អ្វីដែល​លោក​បានលើកឡើង ពួកគេ​នឹង​អាច​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 


 
​បទពិសោធ និង​បច្ចេកទេស​ទាំងអស់​ខាងលើ លោក Frank ដែលជា​គ្រូឧទ្ទេស​ផង​នោះ​នឹង​យកទៅ​បង្ហាត់បង្រៀន​គ្រូបង្វឹក​និង​កីឡាករ​ថ្នាល​ក្នុង​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​ថ្នាល និង​អត្ត​ព​លិ​ក​វ័យក្មេង​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ដែល​រៀបចំ​នៅ​ទីស្នាក់ការ NOCC ចន្លោះ​ពីថ្ងៃ​ទី​២៦-២៨ ខែមករា ឆ្នាំ​២០១៩​។         
 
«​យើង​នឹង​ប្រាប់​ពួកគាត់​ពី​របៀបរបប​ហូ​ក​ចុក​ទាំង​មុន ក្រោយ និង​ពេល​ជិះ​កង់ ដើម្បី​ឲ្យ​រាងកាយ​គាត់ មាន​កម្លាំង​វិល​មករក​ភាព​ដើម​វិញ​ក្រោយ​ប្រើ​វា​អស់​។ យើង​ក៏​ប្រាប់​ពួកគាត់​ពី​ក្បួន​ហាត់ ក្បួន​ប្រណាំង ព្រមទាំង​បច្ចេកទេស​ជាច្រើន​ទៀត ដើម្បី​ជួយ​ឲ្យ​ពួកគាត់ អាច​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​អត្ត​ព​លិ​កមាន​សមត្ថ​ភាពល្អ និង​ជា​អ្នក​បណ្តុះបណ្តាល​ម្នាក់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បង្ហាត់​ដល់​គេ​»​។ លោក Frank រៀបរាប់​បែបនេះ​ប្រាប់​សារព័ត៌មាន Thmey Thmey ពេល​សម្រាក​ពី​ការហ្វឹកហាត់​។  


 
​លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​គ្រូបង្វឹក​និង​អត្ត​ព​លិ​ក​វ័យក្មេង​ក្នុងការ​ទទួលបាន​បទ​ពិសោធ​ល្អៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។ លោក​សង្កត់ធ្ងន់ថា គ្មាន​ការហ្វឹកហាត់​ណា​អាច​រីកចម្រើន​ដោយ​គ្មាន​ការណែនាំ​ពី​អ្នកជំនាញ​នោះទេ​។  
 
​លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈប្រយោជន៍​ណាស់ ក្នុងការ​បង្ហាត់​ឲ្យ​អត្ត​ព​លិ​ក​វ័យក្មេង​របស់​យើង ដឹង​ពី​បច្ចេកទេស​និង​តិច​និ​ច​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​អាជីព សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ព្រោះ​ការហាត់​ជិះ​កង់​ខ្លួនឯង ដោយ​គ្មាន​ការណែនាំ និង​បង្ហាត់បង្ហាញ​ពី​គ្រូ​ជំនាញ គឺ​មិនអាច​ឲ្យ​ពួកគេ​ក្លាយទៅជា​អត្ត​ព​លិ​កមាន​សមត្ថ​ភាពខ្លាំង​នោះទេ​»​។​


 
​វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣៨​នាក់​(​ស្រី​៣​នាក់​)​ដោយ​បណ្តុះបណ្តាល​ទាំង​លើ​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​នៅលើ​ទីលាន ក្នុងនោះ​កង​គួ​ក​ត្រូវធ្វើ​តេស្ត​លើក​ង់​ប្រើ​ម៉ាស៊ីន​នៅ NOCC ខណៈ​កង់​ភ្នំ​ធ្វើតេស្ត​នៅ​ទីលាន​ព្រែកលៀប​។ វគ្គ​នេះ​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ក្រោម​កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ 
 
​ជាមួយគ្នានេះ លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​ប្រាប់​ឲ្យ​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្រេបជញ្ជក់​ចំណេះដឹង​ពី​គ្រូឧទ្ទេស ពិស​សេ​ត្រូវគោរព​វិន័យ​ឲ្យ​បានល្អ ដើម្បី​ក្លាយជា​អត្ត​ព​លិ​កមាន​ទាំង​សមត្ថភាព និង​វិន័យ ក្រមសីលធម៌ ដើម្បី​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕ 
 

Tag:
 ទោចក្រយាន​
  វង្ស ខាន់​ពៅ​
  Frank Zgoznik
© រក្សាសិទ្ធិដោយ thmeythmey.com