ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! បង្កើន​សុខភាព​បេះដូង និង​ខួរក្បាល ជាមួយ​ភេសជ្ជៈ​បែប​ធម្មជាតិ​នេះ​
30, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការរួមបញ្ចូល​គ្នា​រវាង​ខ្ញី​, រមៀត​, ម្រេចខ្មៅ​, ទឹកឃ្មុំ និង​ទឹក​ធម្មតា​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរឱ្យភ្ញាក់ផ្អើល​ចំពោះ​សុខភាព​? អ្នក​អាច​បង្កើន​សុខភាព​ខួរក្បាល​, បេះដូង​, ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក និង​រាល់​កោសិកា​ក្នុង​រាងកាយ​ជាមួយ​ភេសជ្ជៈ​បែប​ធម្មជាតិ​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ដែល​ផ្សំ​ឡើង​ពីរ​មៀត​, ខ្ញី​, ម្រេចខ្មៅ​, ទឹកឃ្មុំ និង​ទឹក​ធម្មតា​។


ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​គ្រឿងផ្សំ​នីមួយៗ​នៃ​ភេសជ្ជៈ​ដ៏​ពិសេស​នេះ រួមទាំង​របៀប​ធ្វើ ៖
 
– អត្ថប្រយោជន៍​
 
១. ម្រេចខ្មៅ ៖ គ្រឿងផ្សំ​មួយ​នេះ​ជួយ​បង្កើន​រសជាតិ​នៃ​តែ និង​ធ្វើឱ្យ​សារធាតុចិញ្ចឹម​ដែលមាន​នៅក្នុង​គ្រឿងផ្សំ​ទាំងអស់​កាន់តែ​ងាយស្រួល​ប្រើ​ក្នុង​ប្រព័ន្ធ​ផ្សេងៗ​នៃ​រាងកាយ​។​
 
២. ខ្ញី ៖ ជា​ប្រភព​នៃ gingerols ដែល​ផ្ដល់ឱ្យ​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​។ ខ្ញី​ជួយ​រក្សា​សុខភាព​បេះដូង​ដោយ​ជួយ​កម្ចាត់​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​ទប់ស្កាត់​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​។ លើសពីនេះទៅទៀត ខ្ញី ក៏​ផ្ដល់​ឥទ្ធិពល​យ៉ាង​ប្រសើរ​ចំពោះ​ខួរក្បាល​ផងដែរ​តាមរយៈ​ការបង្កើន​កម្រិត​នៃ​សារធាតុ neurotransmitter ចាំបាច់​ដែល​ត្រូវបាន​ប្រើ​ដោយ​រាល់​កោសិកា​ខួរក្បាល​ដើម្បី​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។ កោសិកា​ខួរក្បាល​គ្រប់គ្រង​លើ​សមត្ថភាព​នៃ​ការផ្ដោត​អារម្មណ៍​, ការចងចាំ​, ការប្រមូល​អារម្មណ៍​, ដំណេក និង​ផ្សេងៗ​ច្រើន​ទៀត​។​
 
៣. ទឹកឃ្មុំ ៖ ក្រៅពី​បង្កើន​រសជាតិ​ផ្អែម​ឈ្ងុយ​ដល់​តែ​ហើយ​នោះ ទឹកឃ្មុំ​ក៏​ជួយផ្ដល់​នូវ​ផល​ល្អជា​ច្រើន​ចំពោះ​សុខភាព រួមបញ្ចូល​ទាំង​ការធ្វើឱ្យ​សុខភាព​ខួរក្បាល​កាន់តែ​ប្រសើរឡើង​។ ទឹកឃ្មុំ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​ការបាត់បង់ និង​ការខូចខាត​នៃ​កោសិកា​ខួរក្បាល​។​
 
៤. រមៀត ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សមាសធាតុ Curcumin ដែល​ជួយ​បង្កើន​មុខងារ​នៃ endothelium ដែលជា​ស្រទាប់​នៃ​សរសៃឈាម​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​បេះដូង​, សម្ពាធ​ឈាម​, ឈាមកក និង​ភាពអវិជ្ជមាន​ក្នុង​ដំណើរការ​ចាំបាច់​ដទៃទៀត​។ រមៀត​ក៏​ល្អ​សម្រាប់​សុខភាព​ខួរក្បាល​គួរឱ្យកត់សម្គាល់​តាមរ​យៈ​សារធាតុ turmerone ដែល​ជួយ​បង្កើន​ការលូតលាស់​កោសិកា​សរសៃប្រសាទ​នៅក្នុង​ខួរក្បាល​ទប់ស្កាត់​ជំងឺ​ភ្លេចភ្លាំង​។​

– របៀប​ធ្វើ​ភេសជ្ជៈ 
 
​អ្វីដែល​អ្នកត្រូវការ គឺ ១ ពែង និង ៣ ពែង​នៃ​ទឹក​ធម្មតា ( ៣ ពែង​សម្រាប់​ពង្រា​វ ហើយ ១ ពែង​សម្រាប់​ឆុង​), ខ្ញី​ស្រស់​ចំនួន ២ អ៊ី​ញ ឬ​ម្សៅ​ខ្ញី​ស្ងួត​ចំនួន ៤ ស្លាបព្រា​កាហ្វេ​, ម្សៅ​រមៀត​ស្ងួត​ធម្មជាតិ ៤ ស្លាបព្រា​កាហ្វេ​, ម្រេចខ្មៅ​ម៉ដ្ឋ​ចំនួន ៣​ភាគ​៤ នៃ​ស្លាបព្រា​កាហ្វេ​, ទឹកឃ្មុំ ១ ភាគ ៤ នៃ​ពែង និង​ក្រឡ​សម្រាប់​រក្សាទុក​ភេសជ្ជៈ​នៅក្នុង​ទូរ​ទឹកកក​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដំបូង​ត្រូវដាក់​ខ្ចី​, រមៀត និង​ម្រេចខ្មៅ​ក្នុង​ឆ្នាំង​មួយ រួច​បន្ថែម​ទឹក ១ ពែង​ចូល ហើយ​ដាំ​រហូតដល់​ពុះ​។ បន្ទាប់មក​បន្ថយកម្ដៅ​មក​ត្រឹម​រម្ងាស់​សម្រាប់​រយៈពេល​ប្រមាណ​ពី ២ ទៅ ៣ នាទី សឹម​បិទ​ភ្លើង​តែម្ដង​។ បន្ថែម​ទឹកឃ្មុំ​ចូល រួច​គ្រប​គម្របឆ្នាំង និង​ទុកចោល​បែបនេះ​សម្រាប់​រយៈពេល​ប្រហែល ១ ម៉ោង ឬ​ទុក​ពេញ​មួយ​យប់​ក៏បាន ប្រសិនបើ​ចង់​ទទួលបាន​រសជាតិ​ខ្លាំង​។ ប្រើប្រាស់​ស្បៃ​ត្រង​ល្បាយ​ដើម្បី​យក​ខ្ញី​ស្រស់​ចេញ ប្រសិនបើ​អ្នកប្រើប្រាស់​ខ្ញី​ស្រស់ និង​កាក​ម្សៅ​។ បន្ថែម​ទឹក ៣ ពែង​ចូល កូរ​ឱ្យ​សព្វ សឹម​ចាក់​ចូល​ក្រឡ ហើយ​រក្សាទុក​ក្នុង​ទូរ​ទឹកកក​។ ប្រសិនជា​មិន​ចូលចិត្ត​រសជាតិ​ខ្លាំង​ទេ អ្នក​អាច​បន្ថែម​ទឹក​ច្រើន​សមល្មម​តាម​ចំណូល​ចិត្តបាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com