ជាតិ
លោក ប្រាក់ សុខុន ៖​រដ្ឋាភិបាល​មានបំណង​ប្រាថ្នា​តែមួយគត់ គឺ​ចង់​ឲ្យ​NGO បំពេញការងារ​ស្ថិត​ត្រឹម​ដែន​កំណត់​សិទ្ធិ​ខ្លួន​
29, Jan 2019 , 11:16 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល មានបំណង​ប្រាថ្នា​តែមួយគត់ គឺ​ចង់​ឲ្យ​អង្គការ សមាគម​ទាំងអស់ បំពេញការងារ​ដោយ​ចូលរួម​ដោះស្រាយ​បញ្ហា​នានា ដែល​ស្ថិត​នៅត្រឹម​ដែន​កំណត់​សិទ្ធិ ក្នុង​កិច្ចប្រតិបត្តិការ​រៀងៗ​ខ្លួន​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន ក្នុង​កិច្ចប្រជុំ​លើកដំបូង ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​


 
​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​កន្លងមក ពិតជា​មានការ​ចូលរួម​ចំណែក​មិនអាច​ខ្វះ​បាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងនោះ​មាន​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​។ នេះ​ជាការ​បរិយាយ​របស់លោក ប្រាក់ សុខុន ដែល​បាន​បន្ថែមថា អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុងស្រុក និង​បរទេស​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ផ្តល់​សេវា និង​គាំទ្រ​ដល់​វិស័យ​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច សង្គមកិច្ច​នៅតាម​មូលដ្ឋាន​ជនបទ និង​សហគមន៍​ដាច់​ស្រ​យ៉ា​ល នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​ដោយសារតែ​គុណ​តម្លៃ​របស់​សង្គម​ស៊ីវិល ដែល​មិនអាច​ខ្វះ​បាន​នេះហើយ​ទើប​រាជរដ្ឋាភិបាល ប្តេជ្ញា​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ និង​បើកទ្វារ​ចំហ​រង់ចាំ​នូវ​កិច្ចសហប្រតិបត្តិការ ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំង​អស់ ដែល​ប្រតិបត្តិ​ដោយ​សុ​ឆន្ទៈ និង​ឈរលើ​ឧ​ត្ត​ម​គតិ​នៃ​ការគិតគូរ​ដល់​ប្រយោជន៍​ប្រជាជន​ជាធំ​។​
 
​អម​ជាមួយ​ការនិយាយ​ពី​ភាព​វិជ្ជមាន​របស់​អង្គការ សមាគមន៍​នេះ លោក ប្រាក់ សុខុន ក៏​បន្ត​និយាយ​ពី​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​។ រដ្ឋមន្ត្រីការបរទេស បាន​អះអាងថា រដ្ឋាភិបាល​រៀបចំ​ច្បាប់​នេះ​ឡើង ក្នុង​គោលបំណង​ការពារ​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​សាធារណៈ​។ ជាពិសេស​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​រវាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​អាជ្ញាធរ​សាធារណៈ ដើម្បី​អភិវឌ្ឍ​សង្គម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ដូច​មានចែង ក្នុង​មាត្រា ១ និង មាត្រា ២ នៃ​ច្បាប់​នេះ​។  
 
​ត្រង់ចំណុច​នេះ​លោក ប្រាក់ សុខុន ក៏​ស្នើ​ឲ្យ​អង្គការ សមាគម​ទាំងអស់ បំពេញការងារ​ដោយ​ចូលរួម​ដោះស្រាយ​បញ្ហា​នានា ដែល​ស្ថិត​នៅត្រឹម​ដែន​កំណត់​សិទ្ធិ​ប្រតិបត្តិការ​របស់ខ្លួន​។ «​រាជរដ្ឋាភិបាល​កម្ពុជា តែង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការអភិវឌ្ឍ​ប្រកប ដោយ​បរិ​យា​ប័ន្ន ហើយ​តែង​ឲ្យ​តម្លៃ​ជានិច្ច​ដល់​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដែលជា​ផ្នែក​មួយ​ដំណើរ ការ​លទ្ធិប្រជាធិបតេយ្យ​។ ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ និង​ជា​អង្គ​ដែល​ទទួលបាន​អាណត្តិ​ស្របច្បាប់តែមួយគត់​ ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ក្នុងការ​ដឹកនាំ​, រាជរដ្ឋាភិបាល​មានបំណង​ប្រាថ្នា​តែមួយគត់ គឺ​រួមគ្នា​ធ្វើយ៉ាងណា​ឲ្យ​ការចូលរួម​ទាំងនោះ​ប្រព្រឹត្ត​ទៅដោយ​ការគោរព​គ្នា​ទៅវិញទៅមក​នូវ​អាណត្តិ​កិច្ច និង​ស្ថិត​ត្រឹម​ដែន​កំណត់​នៃ​សិទ្ធិ ក្នុង​កិច្ចប្រតិបត្តិការ​រៀងៗ​ខ្លួន​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​។​
 
​លោក ប្រាក់ សុខុន បាន​បន្ថែមថា បើ​អង្គការ សមាគម​គោរព​បាន​ទាំងស្រុង​នូវ​ច្បាប់​នេះ នឹង​ធានាបាន​នូវ​ប្រសិទ្ធិភាព និង​និរន្តរភាព​យូរអង្វែង​នៃ​ភាពជា​ដៃគូ ក្នុងការ​រួមចំណែក​ក​សាង​និង​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​សម្រេចបាន​នូវ​គោលដៅ​របស់ខ្លួន​ជា​ប្រទេស​មាន​ចំណូលខ្ពស់ ​នៅ​ឆ្នាំ ២០៥០​។​
 
​ក្រោយ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចូល​ជា​ធរមាន ក្រសួង​បានកែតម្រូវ​ខ្លឹមសារ​នៃ MoU គំរូ​ចាស់​ឲ្យ​ស្របតាម​ខ្លឹមសារ​នៃ​ច្បាប់ និង​បាន​អនុវត្ត MoU គំរូ​ថ្មី ចាប់ពី​ខែមករា ឆ្នាំ​២០១៦ ព្រមទាំង​ទទួលបាន​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ថ្មី​ចំនួន​៦៥ បន្ថែមទៀត​។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ចំនួន ៣៨៦ នៅមាន​សុពលភាព ។ ក្នុងនោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​មកពី​ប្រទេស​ផ្សេងៗ​នៃ​ទ្វីបអាស៊ី អាមេរិក អឺរ៉ុប និង​អូស្ត្រាលី ដែលមាន​គម្រោង​សំខាន់ៗ​ផ្តោតលើ​វិ​ស័​យអប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍​សហគមន៍ បរិស្ថាន និង​បោសសម្អាត​មីន​។​
 
​សម្រាប់​កិច្ចប្រជុំ​នៅ​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃទី​២៩​មករា​នេះ គឺជា​វេទិកា​ផ្ដល់​ឲ្យ​អង្គការ សមាគម​លើ​យក​បញ្ហា​ប្រឈម​នានា និង​ស្វែងរក​ដំណោះស្រាយ​សមស្រប ដើម្បី​ពង្រឹង​ការអនុវត្ត ច្បាប់​និង​បទបញ្ញត្តិ​ជា​ធរមាន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​សក្តិ​សមជា​នីតិរដ្ឋ​៕

Tag:
 ​ប្រាក់ សុខុន​
  NGO
  សិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com