ជាតិ
នយោបាយជាតិ
លោក ប្រាក់ សុខុន ហាមNGO មានសកម្មភាពពាក់ព័ន្ធហិរញ្ញប្បទានអាវុធប្រល័យលោក ដែលនាំបច្ច័យអាក្រក់ដល់កម្ពុជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន ជួបក្រុមអង្គការ និងសមាគម នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដំណោះស្រាយរួមគ្នាមួយ នៅព្រឹកថ្ងៃទី២៩ មករា។
× ភ្នំពេញ៖ អង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវអនុវត្តសកម្មភាពរបស់ខ្លួន ឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេង ហើយមិនត្រូវជាប់ពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធប្រល័យលោកទេ។ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងបែបនេះទៅកាន់ក្រុមអង្គការ និងសមាគម នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដំណោះស្រាយរួមគ្នាមួយ នៅព្រឹកថ្ងៃទី២៩ មករា។
ជំនួបជាលើកដំបូងនេះ លោក ប្រាក់ សុខុន បានផ្ដើមនិយាយពីចំណុចវិជ្ជមានរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេស ដែលបានជួយជំរុញដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីភាពលំបាករហូតមកដល់បច្ចុប្បន្ននេះ។ វាជាគុណតម្លៃមួយរបស់អង្គការ សមាគម ដែលកម្ពុជាមិនអាចបំភ្លេចបាន។
ដ្បិតអង្គការសង្គមស៊ីវិល និងសមាគមទាំងនោះ ខិតខំធ្វើអ្វីៗដើម្បីជួយប្រទេសកម្ពុជាក្តី ប៉ុន្តែពួកគេមិនត្រូវធ្វើអ្វីហួសដែនសមត្ថកិច្ចខ្លួនដែរ ពោលគឺពួកគេត្រូវធ្វើសកម្មភាពការងារ ដោយត្រូវអនុវត្តស្ថិតត្រឹមដែនកំណត់សិទ្ធិ ក្នុងការប្រតិបត្តិការរៀងៗខ្លួន ដែលមានចែងក្នុងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា។ នេះជាចំណុចបន្ទាប់ដែលលោក ប្រាក់ សុខុន ប្រាប់ទៅមន្ត្រី និងអ្នកតំណាងរបស់អង្គការ និងសមាគមជាតិ-អន្តរជាតិទាំងនោះ។
ក្រោយចំណាយពេលជាង១០នាទី រៀបរាប់ពីចំណុចខាងលើនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បន្តនិយាយអំពីហិរញ្ញប្បទានប្រតិបត្តិការងាររបស់ក្រុមអង្គការ សមាគមទាំងនេះ មុននឹងបិទបញ្ចប់សន្ទរកថាខ្លួន។ លោក ប្រាក់ សុខុន ស្នើឲ្យអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនតាមប្រព័ន្ធធនាគារដែលស្របច្បាប់ និងមានអាជ្ញាប័ណ្ណផ្លូវការចេញដោយធនាគារជាតិនៃកម្ពុជា ហើយចៀសវាងការធ្វើប្រតិបត្តិការណាមួយ ពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ ដែលនាំបច្ច័យអាក្រក់ដល់កម្ពុជា។
ក្នុងបន្ទប់កិច្ចប្រជុំ ដែលពោរពេញទៅដោយប្រមុខថ្នាក់ដឹកនាំអង្គការ សមាគមជាង៣០០នាក់ ប្រមុខការទូតរូបនេះ បាននិយាយដូច្នេះថា៖«សូមអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ អនុវត្តសកម្មភាពរបស់ខ្លួនឲ្យស្របតាមក្របខ័ណ្ឌ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លើសពីនេះទៀត សូមជៀសវាងជាដាច់ខាតនូវសកម្មភាពទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ដែលបានកំណត់ឡើងដោយក្រុមប្រទេសអាស៊ី ប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ ដើម្បីជៀសផុតពីការធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះរបស់ស្ថាប័ននេះ និងកុំឲ្យមានជាបច្ច័យអវិជ្ជមានដល់កម្ពុជាយើងលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម»។
គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន ៣៨៦ នៅមានសុពលភាព ។ ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលបរទេសមកពីប្រទេសផ្សេងៗនៃទ្វីបអាស៊ី អាមេរិក អឺរ៉ុប និងអូស្ត្រាលី ដែលមានគម្រោងសំខាន់ៗផ្តោតលើវិស័យអប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍សហគមន៍ បរិស្ថាន និងបោសសម្អាតមីន។ ដោយឡែកក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាដៃគូរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ត្រូវបន្តសហការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អង្គការដែលនៅមានសុពលភាព MoU ជាមួយក្រសួងការបរទេស ក្នុងកិច្ចប្រតិបត្តិការសកម្មភាពរបស់ពួកគេ។ នេះជាការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីក្រសួងការបរទេស។
សម្រាប់កិច្ចប្រជុំនៅក្រសួងការបរទេស នាព្រឹកថ្ងៃទី២៩មករានេះ គឺជាវេទិកាផ្ដល់ឲ្យអង្គការ សមាគមលើយកបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីពង្រឹងការអនុវត្ត ច្បាប់និងបទបញ្ញត្តិជាធរមាន ឲ្យកាន់តែមានប្រសិទ្ធភាពសក្តិសមជានីតិរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com