កីឡាជាតិ
ជាតិ
បឹងកេតអះអាងថា រដូវកាលថ្មីមានការផ្លាស់ប្តូរកីឡាករច្រើន ខណៈបរទេសស្ទើរទាំងអស់
× លោក ហៅ សុជាតិ គ្រូបង្វឹកក្លិបបឹងកេតបានអះអាងថា បឹងកេតមានការផ្លាស់ប្តូរសមាសភាពកីឡាករច្រើន ពិសេសបរទេសនៅឆ្នាំ២០១៩នេះ។ បឹងកេតនឹងបង្ហាញកីឡាករទ្រង់ទ្រាយធំសម្រាប់ត្រៀមរដូវកាលថ្មី នាពេលឆាប់ៗខាងមុខនេះ។ ក្លិបជើងឯករងលីកកំពូលឆ្នាំ២០១៨មួយនេះ ក៏មានគម្រោងទៅបោះជុំរុំហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីត្រៀមរដូវកាលថ្មីផងដែរ។
ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកក្នុងរដូវកាលថ្មី ដែលនឹងចាប់ផ្តើមនៅដើមខែមីនា ខាងមុខ ក្លិបបឹងកេតបាននាំចូលកីឡាករថ្មីៗជាច្រើន។ អ្វីដែលគួរកត់សម្គាល់ក្នុងរដូវកាលនេះ បឹងកេតនឹងផ្លាស់ប្តូរកីឡាករបរទេសទ្រង់ទ្រាយធំ ពោលគឺស្ទើរទាំងអស់តែម្តង។ នេះបើតាមការអះអាងរបស់លោក ហៅ សុជាតិ គ្រូបង្វឹកក្លិបបឹងកេត ដែលមិនទាន់ហ៊ានបញ្ជាក់លម្អិតពីបញ្ហានេះ។
«យើងមិនទាន់ហ៊ានដាក់ក្តីរំពឹងយ៉ាងម៉េចនោះទេក្នុងរដូវកាលថ្មីនេះ ព្រោះយើងដូរធនធានកីឡាករច្រើន ខណៈកីឡាករបរទេសយើងដូរស្ទើរទាំងអស់។ នាការប្រកួតកន្លងមកយើងសង្កេតឃើញថា កីឡាករថ្មី និងចាស់របស់យើងលេងមិនទាន់ស៊ីចង្វាក់គ្នាល្អ១០០ភាគរយនោះទេ តែយើងនឹងព្យាយាមរៀបចំឲ្យបានល្អ មុនលីកចាប់ផ្តើម»។ នេះជាការបកស្រាយរបស់លោក ហៅ សុជាតិ ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានថ្មីៗ ដែលចោទសួរពីក្តីរំពឹងក្នុងរដូវកាលថ្មីនេះ។
ក្លិបជើងឯកលីកកំពូលឆ្នាំ២០១៧មួយនេះ ក៏មានគម្រោងចេញទៅបោះជុំរុំហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីត្រៀមមុនបើករដូវថ្មីផងដែរ។ បើតាមលោក ហៅ សុជាតិ ប្រទេសមួយក្នុងចំណោម៣ប្រទេសក្នុងតំបន់អាស៊ានរួមមានថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាជម្រើសដែលបឹងកេតគ្រោងចេញបោះជុំរុំហ្វឹកហាត់ Pre-Season។ ហើយបឹងកេត មានគម្រោងប្រកួតមិត្តភាពកម្តៅសាច់ដុំជាច្រើនប្រកួត ក្នុងអំឡុងពេលហ្វឹកហាត់នេះដែរ។
«យើងមានច្រើនជម្រើសដូចជាម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ។ យើងសង្កេតឃើញវិស័យបាល់ទាត់ក្នុងប្រទេសទាំង៣បច្ចុប្បន្នមានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ក្នុងតំបន់អាស៊ាន។ គោលបំណងយើង គឺចង់ប្រកួតមិត្តភាពជាមួយក្រុមខ្លាំងៗមានកីឡាករពោរពេញដោយបទពិសោធក្នុងបណ្តាប្រទេសទាំងនេះ ដើម្បីជំរុញឲ្យកីឡាករយើងមានឆន្ទៈក្នុងការប្រកួតនិងសិក្សាពីចំណុចខ្លាំងរបស់គេយកមករៀបចំក្រុមរបស់យើង»។ នេះជាការបង្ហាញហេតុផលរបស់លោក ហៅ សុជាតិ ពាក់ព័ន្ធគម្រោងជ្រើសរើសប្រទេសទាំង៣ជាគោលដៅក្នុងការបោះជុំរុំហ្វឹកហាត់។
បឹងកេត ដែលបានផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីកាលពីពាក់កណ្តាលរដូវកាលឆ្នាំ២០១៨ បានសាងសង់កីឡដ្ឋានផ្ទាល់ខ្លួននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កីឡដ្ឋាននេះ សាងសង់លើផ្ទៃដីជួលគេទំហំប្រមាណ២ហិកតា ដោយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងអំឡុងខែឧសភា ខាងមុខ។ បឹងកេតគ្រងជើងឯករងលីកកំពូលកម្ពុជាឆ្នាំ២០១៨ ដែលមានណាហ្គាវើលជាម្ចាស់ជើងឯក៕
Tag:
បាល់ទាត់
ហៅ សុជាតិ
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com