អន្តរជាតិ
វៀតណាម​-​ថៃ ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន ២០ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០២០
29, Jan 2019 , 7:39 pm        
រូបភាព
រូបភាព vov.vn
រូបភាព vov.vn
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ និង​រដ្ឋាភិបាល​ក្រុង​បាងកក បាន​ព្រមព្រៀងគ្នា​ក្នុងការ​ចាត់វិធានការ​ជំរុញ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​សម្រេច​ឲ្យ​បាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ២០ ពាន់​លាន​ដុល្លារ ត្រឹម​ឆ្នាំ​២០២០​។ ការប្តេជ្ញាចិត្ត​របស់​ស​មា​ជិ​ក​អាស៊ាន​ទាំងពីរ ធ្វើឡើង​ស្របពេល​អាស៊ាន​ក៏​កំពុងតែ​បន្តធ្វើ​សមាហរណកម្ម​គ្រប់​វិស័យ​ជាមួយនឹង​គ្នា​ផងដែរ​។

 
​តាមរយៈ​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៅក្នុង​ក្រុង​បាងកក​នៅ​ចុង​សប្តាហ៍​មុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក Phạm Bình Minh និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក Don Pramudwinai បាន​ឯកភាពគ្នា​ក្នុងការ​បង្កើត​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ការធ្វើ​ធុរកិច្ច​របស់​ប្រទេស​ទាំងពីរ​ដើម្បី​បង្កើន​ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ធុរកិច្ច ក៏ដូចជា​ជំរុញ​សកម្មភាព​នាំចេញ​និង​នាំចូល​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Vietnam News​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ តំណាង​ប្រទេស​ទាំងពីរ ក៏បាន​ព្រមព្រៀង​ក្នុង​កិច្ចសហប្រតិបត្តិការ​លើក​កម្ពស់ និង​ចែករំលែក​ពី​ការស្រាវជ្រាវ​ពាក់ព័ន្ធ​ស្រូវ​អង្ករ ដែល​រាប់បញ្ចូល​ទាំង​សង្វាក់​ផលិតកម្ម និង​ការនាំចេញ​ទៀតផង​។ ភាគី​ទាំងពីរ បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ នៃ​ការតភ្ជាប់​អនុតំបន់ ជាក់ស្តែង​លើ​ការតភ្ជាប់​ផ្លូវ ការដឹកនាំ​ជញ្ជូន​តាម​ទឹក ដែនអាកាស រវាង​វៀតណាម និង​ថៃ ក៏ដូចជា​ក្នុងចំណោម​ប្រទេស​អាស៊ាន​។​
 
​បន្ថែម​ពី​ការជំរុញ​ឲ្យ​កាន់​តែមាន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​នោះ ភាគី​ទាំងពីរ ក៏បាន​ប្តេជ្ញា​បន្ត​លើកកម្ពស់ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ វប្បធម៌ ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន ដែល​រួមបញ្ចូល​ទាំង​ការបង្កើន​ការបង្រៀន​ភាសា​វៀតណាម និង​ភាសា​ថៃ នៅក្នុង​ប្រទេស​នីមួយៗ​ទៀតផង​។​
 
​គួរ​ជម្រាប​ផងដែរ នៅ​ឆ្នាំ​២០១៩​នេះ ថៃ គឺជា​ប្រធាន​វិលជុំ​របស់​អាស៊ាន ដែលមាន​តួនាទី​ស្នូល​ក្នុងការ​សម្របសម្រួល និង​កាច់ចង្កូត​ការងារ​របស់​អាស៊ាន ហើយ​អ្នក​បន្តវេន​ពោលគឺ​នៅ​ឆ្នាំ​២០២០ វៀតណាម នឹង​កាន់តំណែង​។ លើ​ចំណុច​នេះ ភាគី​ទាំងពីរ ក៏​សន្យា​ធ្វើការ​ជាមួយនឹង​ប្រទេស​សមាជិក​ដើម្បី​លើកកម្ពស់​តួនាទី​ស្នូល​របស់​អាស៊ាន និង​ធានា​ពី​សន្តិភាព សន្តិសុខ និង​សុវត្ថិភាព​នៅក្នុង​តំបន់ រួមទាំង​ការដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕ 
 

Tag:
 វៀតណាម​
  ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com