អន្តរជាតិ
មហា​ធៀ ដាក់ចេញ​ផែនការ​ប្រាំ​ឆ្នាំ «​បោសសម្អាត​អំពើពុករលួយ​»
29, Jan 2019 , 8:39 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់​សម្រេច​ដាក់ចេញ​ផែនការ​ស្នូល​ប្រាំ​ឆ្នាំ​ដើម្បី​កម្ចាត់​អំពើពុករលួយ​ដែល​ហ៊ុមព័ទ្ធ​ម៉ាឡេស៊ី និង​ធ្វើ​ឲ្យ​ខាត​បង់លុយ​រដ្ឋ​ច្រើនសន្ធឹក​។ វិធានការ​ថ្មី​នេះ​មានការ​កែប្រែ​នីតិវិធី​តែងតាំង​មន្ត្រីជាន់ខ្ពស់​, ការប្រកាស​ទ្រព្យសម្បត្តិ​ក្នុងចំណោម​សមាជិកសភា និង​រដ្ឋមន្ត្រី និង​ចេញ​ច្បាប់​គ្រប់គ្រង​លុយ​ជំនួយ​ផ្នែក​នយោបាយ​ផង​។​


 
​ពុករលួយ​ក្លាយជា​ប្រធានបទ​សំខាន់​ក្នុងសង្គម​ម៉ាឡេស៊ី ចាប់តាំងពី​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ចាញ់ឆ្នោត​និង​ត្រូវ​ជាប់ចោទ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នោះ​។ ឃើញ​ស្ថានការណ៍​អាក្រក់ លោក មហា​ធៀ មហាម៉ាត់ ដាក់ចេញ​គោលនយោបាយ​តឹងរ៉ឹង​ដើម្បី​បោសសម្អាត​ជំងឺ​សង្គម​នៅ​ថ្ងៃ​អង្គារ​នេះ​។​
 
​បើតាម​កាសែត Al Jazeera លោក មហា​ធៀ នាយករដ្ឋមន្ត្រី​ចាស់​ជាងគេ​លើក​លោក​បាន​និយាយថា ស្ថានភាព​ម៉ាឡេស៊ី​បច្ចុប្បន្ន​ត្រូវការ​ចាំបាច់​រាល់​វិធានការ ច្បាប់ និង​យុទ្ធសាស្ត្រ​ដែល​អាច​កម្ចាត់​ឬ​កាត់បន្ថយ​ពុករលួយ​ផង​។ 
 
​វិធាន​ការដែល​រដ្ឋាភិបាល​លោក មហា​ធៀ ដាក់ចេញ​នៅពេលនេះ​កំណត់​គោលដៅ​លើ​នីតិវិធី​លទ្ធកម្ម​សាធារណៈ​របស់​រដ្ឋាភិបាល​, ភ្នាក់ងារ​អនុវត្ត​ច្បាប់​, ស្ថាប័ន​តុលាការ និង​អ្នកនយោបាយ រួមជាមួយ​ក្រុមហ៊ុន​ជំនួញ​ជាដើម​។ បើតាម​អ្នកពាក់ព័ន្ធ វិធានការ​ថ្មី​របស់លោក មហា​ធៀ ក្នុងពេល​ប្រាំ​ឆ្នាំនេះ​ត្រូវបាន​ចងក្រង​ឡើង​ដោយ​មន្ត្រី​ជាច្រើន​ដែល​ស៊ើបអង្កេត​និង​សិក្សា​ពី​ករណី​បាត់​លុយ​មូលនិធិ 1MDB ដែលជា​សំណុំរឿង​ធំ​ពាក់ព័ន្ធ​នឹង​លោក ណា​ជីប​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មេដឹកនាំ​ម៉ាឡេស៊ី​ដែល​ធ្លាប់ធ្វើ​នាយករដ្ឋមន្ត្រី​ជាង ២០​ឆ្នាំ​មកនេះ​នឹង​កែប្រែ​នីតិវិធី​ក្នុងការ​តែងតាំង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​, តម្រូវ​ឲ្យ​តំណាងរាស្ត្រ និង រដ្ឋមន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ​ទាំងអស់​ជា​សាធារណៈ និង​កំណត់​ច្បាប់​គ្រប់គ្រង​លុយ​ជា​វិភាគទាន​នយោបាយ​ផងដែរ​។​
 
«​វិធានការ​នេះ​ជា​សារ​មួយ​ដ៏​សំខាន់​ពី​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​បញ្ជាក់ថា យើង​នឹង​តាមដាន និង​កាត់ទោស​រាល់​អ្នកប្រព្រឹត្ត​ពុករលួយ ហើយ​អ្នក​កំពុង​ប្រព្រឹត្ត ឬ​អាច​នឹង​ប្រព្រឹត្ត​នៅពេល​អនាគត​នឹងត្រូវ​ប្រឈម​វិធានការ​ធ្ងន់ធ្ងរ​ជាមុន​»​។ លោក មហា​ធៀ ប្រកាស​បែបនេះ​ក្នុងពេល​ប្រកាស​ដែល​ដាក់ចេញ​វិធានការ​ប្រឆាំង​ពុករលួយ​ថ្មី​។​
 
​ក្នុងចំណោម​វិធានការ​ទាំងអស់ ច្បាប់​គ្រប់គ្រង​លុយ​វិភាគទាន​នយោបាយ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​គណបក្ស UMNO ដែល​ធ្លាប់ជា​បក្ស​កាន់អំណាច​រាប់​ទសវត្ស​រ៍ ហើយ​បច្ចុប្បន្ន​ក្លាយជា​បក្សប្រឆាំង​នោះ​។ ណា​ជីប ធ្លាប់ជា​ប្រធាន​បក្ស ហើយ​ក្រោយ​ចាញ់ឆ្នោត​ឆ្នាំមុន លោក​ស​ម្រេ​ចុះ​ចេញពី​តំណែង​នេះ​តែម្តង​។​
 
​សូមបញ្ជាក់ថា ម៉ាឡេស៊ី​ហ៊ុមព័ទ្ធ​ដោយ​រឿងអាស្រូវ​កិបកេង​លុយ​រដ្ឋ 1MDB​។ គេ​ចោទប្រកាន់ថា ថវិកា​ប្រហែល ៤,៥​ពាន់​លាន​ដុល្លារ​ត្រូវបាន​លួច​ចេញពី​មូលនិធិ​រដ្ឋ​នេះ ហើយ​លោក ណា​ជីប រង​ការចោទប្រកាន់​ជុំវិញ​ករណីនេះ​។ លោក ណា​ជីប​, ភរិយា​លោក និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ក្នុង​គណៈរដ្ឋមន្ត្រី​ចាស់​កំពុង​ប្រឈម​ការចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​ជាច្រើន​ទាក់ទិន​នឹង​សំណុំរឿង​មួយ​នេះ​។ ប៉ុន្តែ​អ្នក​ទាំងអស់នេះ​បដិសេធ​ការចោទប្រកាន់​និង​អះអាងថា​ខ្លួន​ស្លូតត្រង់​៕ 
 

Tag:
 មហា​ធៀ មហាម៉ាត់​
  ម៉ាឡេស៊ី​
  1MDB
© រក្សាសិទ្ធិដោយ thmeythmey.com