ONE Championship
កីឡាជាតិ
ជាតិ
10YearChallenge៖ ក្នុងពេល​១០​ឆ្នាំ​មនុស្ស​ម្នាក់ៗ​ផ្លាស់ប្តូរ​ច្រើន ព្រោះ​កាមេរ៉ា​មិនចេះ​កុហក​!
29, Jan 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅតាម​បណ្តាញ​សង្គម​ថ្មីៗ​នេះ​កំពុង​ផ្អើល​បង្ហោះ​រូប 10YearChallenge ដែល​មនុស្ស​ជុំវិញ​ពិភពលោក​នាំគ្នា​បង្ហោះ​កំរង​រូបភាព​ចំនួន​ពីរ​សន្លឹក ដោយ​រូប​ទី​១​តាំងពី​ឆ្នាំ​២០០៩ និង​មួយទៀត​រូប​បច្ចុប្បន្ន​។ កីឡាករ​ប្រចាំ ONE Championship និង​អ្នក​ប្រដាល់​ល្បីៗ​កម្ពុជា​ជាច្រើនរូប​ទៀត ក៏បាន​ចូលរួម​លេង​ក្នុង​កម្មវិធី​នេះ​ផងដែរ​។

 
​អ្នកលេង​គុន​ចម្រុះ​ប្រចាំ​ស្ថាប័ន​ប្រដាល់ ONE Championship និង​អ្នកលេង​គុន​ខ្មែរ​ល្បីៗ​ជាច្រើនរូប​រួមមាន​កីឡាករ កែវ រំ​ចង់​, ចាន់ រតនា​, ខុន ស៊ី​ចាន់​, សំ ថា​រ័ត្ន​, នៅ​ស្រី​ពៅ និង ឯម សុ​វណ្ណា​រី ជាដើម បាននាំគ្នា​លេង​កម្មវិធី 10 Year Challenge ដើម្បី​ប្រៀបធៀប​មុខមាត់​កាលពី​១០​ឆ្នាំ​ជាមួយ​មុខមាត់​បច្ចុប្បន្ន​។ ក្រៅពី​កីឡាករ ដែល​បាន​រៀបរាប់​ឈ្មោះ​ខាងលើ ក៏មាន​កីឡាករ​និង​មហាជន​ជាច្រើនរូប​ទៀត​ដែរ បាន​ចូលរួម​លេង​កម្មវិធី​ប្រៀប​ធៀ​ម​មុខមាត់​នេះ​។ 
 
១. ខុន ស៊ី​ចាន់​



​ខុន ស៊ី​ចាន់ ជើងឯក KWC Flyweight Champion កាលពីមុន​ជា​អ្នកលេង​គុន​ខ្មែរ​ម្នាក់​ដែរ ប៉ុន្តែ​មិនទាន់​ចាប់យក​ក្បាច់គុន​ចម្រុះ ហើយ​បាន​ប្រកួត​អន្តរជាតិ​នៅឡើយ​ទេ​។ នៅ​ថ្ងៃ​សុក្រ ទី​២២ ខែ​កម្ភៈ ខាងមុខ ស៊ី​ចាន់ នឹង​ត្រលប់​ចូល​ប្រកួត​នៅ ONE Championship ម្តងទៀត ដោយ​ប៉ះ​ជាមួយ​កីឡាករ​ឥណ្ឌូនេស៊ី  Rudy Augustian ក្នុង​ទម្ងន់​៦១​គីឡូក្រាម នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS​។​
 
២. នៅ ស្រី​ពៅ​



​នៅ ស្រី​ពៅ កីឡាការិនី​ពន្លក​ថ្មី​ជើងឯក Kun Khmer World Champion ចាប់ផ្តើម​ហាត់​ប្រដាល់​តាំងពី​អាយុ​១៦​ឆ្នាំ បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​ឡើងៗ​រហូត​មានឱកាស​បញ្ចេញស្នាដៃ​ជា​លើកដំបូង​នៅ​សង្វៀន​ប្រដាល់​ធំជាងគេ​ទូទាំង​ពិភពលោក​។ ១០​ឆ្នាំមុន នាង​គ្រាន់តែ​ជា​ក្មេងស្រី​ម្នាក់ មិន​ធ្លាប់​ទាំង​គិត​ចង់​កាន់​ហ្គ​ង់​ផង តែ​ឥឡូវ​កំពុង​ត្រៀមខ្លួន​ក្នុងការ​ប្រកួត​ដ៏​ធំជាងគេ​ក្នុង​ជីវិត​នាង  គឺ​ការប្រកួត​គុន​ចម្រុះ​នៅ​ទីក្រុង​បាងកក ថ្ងៃ​សៅរ៍ ទី​១៦ ខែកុម្ភៈ ក្នុង​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS​។ 
 
៣. ចាន់ រតនា 



​ជើងចាស់​គុន​ខ្មែរ​ដ៏​ល្បីឈ្មោះ ចាន់ រតនា ក្នុង​រយៈពេល​១០​ឆ្នាំនេះ​មានការ​ផ្លាស់ប្តូរ​ច្រើនណាស់​។ ពីមុន រតនា មាន​ទម្ងន់​ធ្ងន់​ជាង​ធម្មតា​មិនមាន​ឱកាស​ប្រកួត​នៅ ONE Championship ក្នុង​ទម្ងន់​៦១​គីឡូក្រាម​ឡើយ​។ តែ​ក្រលេកមើល​កាលពី​ថ្ងៃទី​៧ ខែធ្នូ  ចាន់ រតនា បាន​ត្រលប់​ចូលក្នុង​ទ្រុង​ម្តងទៀត​ជាមួយ​ការបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ធំ ដោយបាន​ផ្តួល​ខ្លា​កំណាច​ឥណ្ឌូនេស៊ី Abro Fernandes បានសម្រេច​។ 
 
៤. ឯម សុ​វណ្ណា​រី 



​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី កាលពីមុន​ជា​ក្មេងស្រី​ពូកែ​អៀន​ម្នាក់ ប៉ុន្តែ​នាង​ចាប់ផ្តើម​តាំងចិត្ត​ឈប់​ខ្មាស រហូតដល់​ឥឡូវ​ក្លាយជា​អ្នក​ប្រដាល់​ស្រី​រះ​ថ្មី​ម្នាក់​ក្នុង​ឆ្នាំ​២០១៩​នេះ​។ នា​ការប្រកួត​ដាក់​ទ្រុង​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ កាលពីដើម​ខែធ្នូ នាង​បាន​សាង​ជ័យ​ជ​ន្នះ​ដ៏​ធំធេង ដោយបាន​ផ្តួល​កីឡាការិនី​ជើង​ខ្លាំង​ជនជាតិ​អ៊ុយ​ក្រែ​ន Iryna Kyselova បាន​យ៉ាង​ងាយ​។ 
 
​បើ​យើង​មើល​រូបភាព​កាលពី​១០​ឆ្នាំមុន​របស់​នាង​វិញ ប្រហែល​មិន​នឹកស្មានថា នាង​អាច​ទៅធ្វើ​ទៅបាន​ដល់​សព្វថ្ងៃ​ឡើយ​។ តែ​យ៉ាងណា សុ​វណ្ណា​រី បាន​ជម្នះ​ភាពភ័យខ្លាច​និង​អៀនខ្មាស់ ហើយ​ត្រៀម​បន្តដំណើរ​ជីវិត​ក្នុង​អាជីព​អ្នក​ប្រដាល់​ឲ្យ​កាន់តែ​អស្ចារ្យ​ថែមទៀត​នៅ​ឆ្នាំ​២០១៩​នេះ​។ 
 
៥. សំ ថារ​ត្ន័​



១០​ឆ្នាំមុន នរណា​ទៅ​ស្មាន​បាន​ថា សំ ថារ​ត្ន័ អាច​ក្លាយជា​អតីត​កីឡាការិនី​ប្រដាល់​ឲ្យ ONE Championship ហើយ​ក្លាយទៅជា​តួកុន​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​ដូច​សព្វថ្ងៃ​។ ថារ​ត្ន័ ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​ប្រដាល់​ស្រី​ដ៏​មាន​ទេ​ព្យ​កោសល្យ​១​រូប​។ ហើយ​នាង​យក​ក្បាច់គុន​ធ្វើជា​ស្ពាន ដើម្បី​ចាប់យក​អាជីព​ជាតា​រា​សម្តែង​។ ហើ​ង​សង្កេតឃើញថា​ថ្មីៗ​នេះ នាង​មមាញឹក​ជាមួយ​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស ដើម្បី​ផ្សព្វផ្សាយ​រឿង​«Surviving Bokator» នៅ​សហរដ្ឋអាមេរិក​។ 
 
​កញ្ញា​កូន​កង្កែប​នេះ មាន​ប្រវត្តិ​ប្រកួត​នៅ ONE ២​ដង​ឈ្នះ​ទាំង​ពីរដង យើង​សង្ឃឹមថា​នាង​អាច​ត្រលប់​ចូល​ការប្រកួត​តំណាង​ស្ត្រី​កម្ពុជា​ឲ្យ​កាន់តែ​កក្រើក​ឆាក​អន្តរជាតិ​ត​ម្តងទៀត​។​
 
៦. កែវ រំ​ចង់​



​កំឡុងពេល​១០​ឆ្នាំ តារា​គុន​ខ្មែរ​ដ៏​មាន​ប្រជាប្រិយ កែវ រំ​ចង់ បាន​មានឈ្មោះ​បោះ​សំលេង ដែល​កីឡាករ​ផ្សេងៗ​ស្រ​ម៉ៃ​ចង់បាន​។ សព្វថ្ងៃ រំ​ចង់ ប្រកួត​នៅក្នុង​ស្រុក ហើយក៏​មានបំណង​ចង់​បញ្ចេញ​សមត្ថភាព​នៅ ONE Championship ឲ្យ​ទស្សនិកជន​ទូទាំង​ពិភពលោក​បានឃើញ​ផងដែរ​។ ថ្វីបើ​ទទួលបាន​ជោគជ័យ​ជាច្រើន​ហូរហែរ​ក៏ដោយ ប៉ុន្តែ​ឆ្នាំ​២០១៩​នេះ រូបគេ​រឹតតែ​ប្រឹង​ហាត់​ឲ្យ​ខ្លាំង​មួយកំរិត​ទៀត​ដើម្បី​ឲ្យ​អាជីព​របស់គេ​កាន់តែ​ល្បី​មួយកំរិត​ទៀត​៕ 

Tag:
 ប្រដាល់​គុន​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com