ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ប្រាប់អភិបាលខេត្តព្រះសីហនុ កែប កំពត និងកោះកុង ទប់ស្កាត់ការទន្ទ្រានយកដី
× ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ប្រាប់ដល់អភិបាលខេត្តជាប់សមុទ្រទាំងអស់ ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈ និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រកម្ពុជាឲ្យបានតឹងរឹង ដើម្បីទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងអភិរក្សផ្លូវទឹក និងតំបន់ឆ្នេរ លោក ជា សុផារ៉ា បានប្រាប់អភិបាលខេត្តព្រះសីហនុ កំពត កែប និងកោះកុង ឲ្យការពារនិងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈ ដីចំណីឆ្នេរ ដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់សមុទ្រ ដោយអនុវត្តតាមសារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងប្លង់សុរិយោដី ដែលបានកំណត់ជាធរមាន។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអះអាងថា ដីនៅតាមតំបន់ឆ្នេរមិនទាន់មានការរំលោភបំពាននៅឡើយទេ ប៉ុន្តែការចេញលិខិតរបស់រដ្ឋមន្ត្រីក្រសួងដែនដីនេះ គ្រាន់តែជាការពង្រឹងបន្ថែមទៀតទៅលើការគ្រប់គ្រងដីនៅតំបន់ឆ្នេរ ដើម្បីទុកបំរើផលប្រយោជសាធារណៈ។
«កន្លងមកមានអ្នកលឹបលៗ ប៉ុន្តែមិនទាន់មាននរណារំលោភនៅឡើយ ក្រោយពីគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាគណៈកម្មាធិការតំបន់ឆ្នេរដាក់វិធានការទៅ (ពួកគេ)ដកថយ។ ភាគច្រើនអ្នកដែលលឹបលៗ ជាអ្នកដែលមានដីក្បែរៗហ្នឹង ឬអ្នករស់នៅតំបន់នោះ ហើយពេលឃើញដីទំនេរ(ពួកគេ)ចេះតែចង់លបៗទៅ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងរៀបចំដែនដី៕
Tag:
ជា សុផារ៉ា
តំបន់ឆ្នេរសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com