ជាតិ
សង្គមជាតិ
លោក ម៉ក់ ជី​តូ​៖ ស្ទឹងត្រែង និង​ព្រះវិហារ ជា​កន្លែង​ដែល​ឧក្រិដ្ឋជន​គ្រឿងញៀន​ឆ្លងកាត់​ញឹកញាប់
30, Jan 2019 , 9:39 pm        
រូបភាព
អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD
អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD
​ភ្នំពេញ​៖ កម្ពុជា​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ទេ តែ​ជា​ប្រទេស​មានការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់ និង​បន្ត​នាំចេញ​ទៅកាន់​ប្រទេស​ទី​៣ ប៉ុណ្ណោះ​។ ហើយ​ខេត្ត​ចំនួន​ពីរ នៅ​ភាគ​ឦសាន គឺជា​ទីកន្លែង​ដែល​ពួកឧក្រិដ្ឋជន​គ្រឿងញៀន​ឆ្លងកាត់​ញឹកញាប់​ជាងគេ​។​


 
​លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​និយាយថា ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ ជា​ខេត្ត​ដែល​ពួកឧក្រិដ្ឋជន​គ្រឿងញៀន​ឆ្លងកាត់​ញឹកញាប់ ជាមួយ​ប្រភេទ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​(Ice-Wy) កេ​តា​មីន ហេ​រ៉ូ​អ៊ី​ន​និង​កញ្ឆា​ក្រៀម ដែល​កម្ពុជា​បាន​បើក​កិច្ច​ប្រតិបត្តិ​បង្ក្រាបបាន​ជាច្រើន​ករណី​ផងដែរ​។​
 
​ក្នុង​របាយការណ៍​រក​ឃើញថា ខេត្ត​ភាគ​ឦសាន ជាពិសេស​គឺ​ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ ជា​កន្លែង​ដែលមាន​ការ​ចរាចរ​ឆ្លងកាត់​គ្រឿងញៀន​ពី​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ចូលក្នុង​ប្រទេស និង​មួយចំនួន​បន្ត​នាំទៅដល់​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​។ 
 
​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ទិសឦសាន និង​ការអនុវត្ត​ផែនការ​ភូមិ​-​ឃុំ​/​សង្កាត់ ស គ្មាន​គ្រឿងញៀន កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ម្សិលមិញ លោក កែ គឹមយ៉ាន បាន​និយាយថា កម្ពុជា មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ទេ តែ​ជា​ប្រទេស​មានការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ពី​ប្រទេស​នានា​ក្នុង​តំបន់ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា និង​បន្ត​នាំ​ចេញទៅ​ប្រទេស​ទី​៣ ។​
 
​ចំពោះ​គ្រឿងញៀន​ដែល​ឆ្លងកាត់ ហើយ​នៅសល់​ចែកចាយ​នៅ​កម្ពុជា​នេះ កំពុង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​យុវជន និង​ខាតបង់​នូវ​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។

ដោយឡែក​គោលដៅ​ដែល​ប្រឈម​នៃ​ការ​ចរាចរ​គ្រឿងញៀន​នេះ កើតឡើង​នៅក្នុង​តំបន់​មួយចំនួន ដូចជា តំបន់​ទេសចរណ៍ ក្នុង​ក្លឹប​កំសាន្ត​នានា ផ្ទះសំណាក់ និង​សំណង់​មិន​រៀបរយ​។ នេះ​បើតាម​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​
 
​បទល្មើស​គ្រឿងញៀន បានកើត​ឡើង​ជាង​៨​ពាន់​ករណី និង​មាន​មនុស្ស​ជាង​១,៦​ម៉ឺន​នាក់ (​ស្រី​ជាង​១៣០០​នាក់​) ដែល​ត្រូវបាន​ឃាត់ខ្លួន ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើតាម​របាយការណ៍​ប្រ​ឆាំ​ឆ្នាំ ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​
 
​របាយការណ៍ បាន​បង្ហាញថា ក្នុងចំណោម​អ្នកពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទាំងនោះ មាន​ជនបរទេស​ជាង​៣០០​នាក់ (​ស្រី​៤៨​នាក់​) ដោយមាន​២៤​សញ្ជាតិ​។  ប្រភព​ដដែល បាន​ឲ្យ​ដឹងថា សារធាតុ​ញៀន ដែល​បាន​ចាប់បាន​ក្នុង​ឆ្នាំ​២០១៨ មាន​ជាង​៥០០​គីឡូក្រាម កញ្ឆា​ក្រៀម​៧៤​គីឡូក្រាម និង​កញ្ឆា​ដើម​ជាង ១,៦​សែន​ដើម​។​
 
​បើតាម​របាយការណ៍​កា​លពី​ឆ្នាំ​២០១៧ មាន​មនុស្ស​ជាង​១​ម៉ឺន​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​។ ដូច្នេះ អ្នកពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុង​ឆ្នាំ​២០១៨  បាន​កើនឡើង​ជាង​៦​ពាន់​នាក់​៕
 

Tag:
 គ្រឿងញៀន​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com