ភ្នំពេញ៖ ជាង១០ឆ្នាំហើយ ដែលលោកស្រី ចក់ សុភាព បម្រើការងារក្នុងវិស័យការពារសិទ្ធិមនុស្ស។ ជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បច្ចុប្បន្ន លោកស្រី ចក់ សុភាព ត្រូវបានស្ថាប័នអន្តរជាតិ រួមទាំងថ្នាក់ដឹកនាំប្រទេសធំៗ ទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងវិស័យមួយនេះ។ ភាពលេចធ្លោរបស់លោកស្រី សុភាព កើតចេញពីការបោះបង់ចោលក្តីស្រមៃ ក្លាយជាវេជ្ជបណ្ឌិត មកបម្រើការងារជាអ្នកការពារសិទ្ធិមនុស្សនៅក្នុងសង្គម។
«តាំងពីកុមារមកខ្ញុំមានក្តីសុបិនមួយ គឺខ្ញុំចង់ក្លាយទៅជាវេជ្ជបណ្ឌិត ដោយសារខ្ញុំសរសេរអក្សដៃខាងឆ្វេង ដូច្នេះខ្ញុំតែងតែស្រមៃថា ប្រើប្រាស់ដៃខាងឆ្វេងរបស់ខ្ញុំនេះ ទៅជាព្យាបាលពលរដ្ឋមានជំងឺ ជាពិសេសពលរដ្ឋក្រីក្រដោយមិនគិតថ្លៃទេ»។ នេះជាការរំឮករឿងរ៉ាវអតីតកាលរបស់លោកស្រី ចក់ សុភាព ដែលកំពុងមានតំណែងជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រោយពីបោះបង់ចោលក្តីស្រមៃចង់ក្លាយជាវេជ្ជបណ្ឌិតចោល កាលពីឆ្នាំ២០០២ បន្ទាប់ពីប្រឡងជាប់ចូលរៀនពេទ្យកម្រិតមធ្យម (គិលានុបដ្ឋាកយិកា) កាលពីឆ្នាំ២០០១។
ការបោះបង់ក្តីស្រមៃខ្លួននេះ ដោយសារបញ្ហាជីវភាពគ្រួសារយុវតី ចក់ សុភាព កាលណោះ មានភាពខ្វះខាត មិនអាចផ្គត់ផ្គង់ការសិក្សាលើជំនាញពេទ្យនេះផង គួបផ្សំនឹង សុភាព ទទួលបានឱកាសការងារនៅក្នុងអង្គការមួយ ដែលមានឈ្មោះវិទ្យាស្ថាន ដើម្បីសន្តិភាព និងសហប្រតិការ នៅឆ្នាំ២០០២ ។ តាមរយៈការងារនេះហើយ ទើបធ្វើឲ្យយុវតី សុភាព ឈានជំហានមួយទៀត ចូលក្នុងការងារការពារសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅចុងឆ្នាំ២០០៥ ដែលកាលណោះ មានលោក កឹម សុខា ដែលបច្ចុប្បន្នជាប្រធានអតីតគណបក្សសង្គ្រោះជាតិ ធ្វើជាប្រធានស្ថាប័នសង្គមស៊ីវិលមួយនេះ។
ខ្ញុំមិនបានព្យាបាលអ្នកជំងឺតាមក្តីស្រមៃ ប៉ុន្តែខ្ញុំបានការពារសិទ្ធិអ្នករងគ្រោះដោយអយុត្តិធម៌ក្នុងសង្គម
«តម្លៃឱកាស(Opportunity Of Cost)» គឺជានិយមន័យរបស់សេដ្ឋកិច្ច ដែលមានន័យថា បើយើងចង់បាន ឬចង់សម្រេចអ្វីមួយនោះ គឺយើងត្រូវបោះបង់អ្វីមួយចោល។ ពាក្យមួយគ្នានេះ គឺវាបានស្ថិតនៅក្នុងចិត្តរបស់លោកស្រី ចក់ សុភាព ជានិច្ច បន្ទាប់ពីខ្លួនបានបោះបង់ចោលក្តីស្រមៃក្លាយជាគ្រូពេទ្យ។ ហើយការសម្រេចចិត្តរបស់លោកស្រី សុភាព ក៏បានផ្ដល់ផ្លែផ្កាដល់លោកស្រី ដែលកំពុងអង្គុយកៅអីជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នេះដែរ។ ដ្បិតខ្លួនមិនបានក្លាយជាគ្រូពេទ្យព្យាបាលអ្នកជំងឺតាមក្តីស្រមៃក្តី ប៉ុន្តែវាមិនបានធ្វើឲ្យលោកស្រី សុភាព ខកបំណងឡើយ ព្រោះតែពេលនេះលោកស្រី ក៏កំពុងតែមមាញឹកក្នុងការងារជួយការពារសិទ្ធិអ្នករងគ្រោះដោយអយុត្តិធម៌ក្នុងសង្គមដូចគ្នា។
ស្ថិតនៅក្នុងបន្ទប់ការិយាល័យនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលពោរពេញទៅដោយឯកសារជាច្រើននៅតុក្តី ប៉ុន្តែស្ត្រីវ័យជាង៣០ឆ្នាំរូបនេះ នៅតែឆ្លៀតពេលផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«សម្រាប់ខ្ញុំមកដល់ពេលនេះ ខ្ញុំគិតថា អ្វីដែលខ្ញុំពេញចិត្តនោះគឺទោះបីជាខ្ញុំមិនបានធ្វើជាវេជ្ជបណ្ឌិត ដែលអាចព្យាបាលពលរដ្ឋ ប៉ុន្តែខ្ញុំបានធ្វើការងារនៅក្នុងកិច្ចការសង្គម ដែលបានបន្តនូវការជួយពលរដ្ឋដូចគ្នា ។ ដូច្នេះវាគ្រាន់តែមិនមែនជាគ្រូពេទ្យ ប៉ុន្តែ(ខ្ញុំ)ជាតួអង្គមួយនៅក្នុងអង្គការសង្គមស៊ីវិល ដើម្បីលើកកម្ពស់សិទ្ធិដល់ពលរដ្ឋ ហើយសម្រាប់សង្គមយើង»។
ការសម្រេចក្តីស្រមៃ និងគោលដៅជីវិតវាពិតជាពិបាកណាស់ សម្រាប់មនុស្សម្នាក់ៗ ពោលគឺគោលដៅ និងក្តីស្រមៃ វាតែងតែមានការផ្លាស់ប្ដូរគ្រប់កាលៈទេសៈនៃពេលវេលាជីវិត។ ប៉ុន្តែយើងម្នាក់ៗត្រូវចេះជ្រើសរើស និងប្រើប្រាស់តម្លៃឱកាស (Opportunity Of Cost) ឲ្យបានត្រឹមត្រូវ ដើម្បីអាចសម្រេច ឬទទួលបានលទ្ធផលផ្លែផ្កាអ្វីមួយសម្រាប់អនាគត។ នេះជាការលើកឡើងរបស់លោកស្រី ចក់ សុភាព ដែលជំរុញឲ្យយុវជនចេះថ្លឹងថ្លែងឲ្យបានច្បាស់ពីចំណុចនេះ។
VIDEO
ភាពអយុត្តិធម៌ជំរុញឲ្យខ្ញុំកាន់តែរឹងមាំ និងស្រលាញ់ការងារសិទ្ធិមនុស្សកាន់តែខ្លាំង
នៅក្នុងឆ្នាំ២០០២ យុវតី ចក់ សុភាព បានចូលកម្មសិក្សានៅក្នុងអង្គការមួយ ដែលហៅថា វិទ្យាស្ថានដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ក្រោយពីប្រឡងជាប់សញ្ញាបត្រទុតិយសភូមិន្ទ (បាកឌុប) នៅក្នុងឆ្នាំ២០០១។ ផ្ដើមចេញពីការងារសង្គមស៊ីវិលនេះហើយ ទើបធ្វើឲ្យយុវតី ចក់ សុភាព បំភ្លេចក្តីស្រមៃជាគ្រូពេទ្យបន្តិចម្ដងៗ ដោយសាររវល់ជក់ចិត្តទៅនឹងការងារអប់រំពលរដ្ឋ ការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងសង្គម។ ពេលវេលាបម្រើការងារពីរឆ្នាំនៅក្នុងអង្គការសង្គមស៊ីវិលនេះ បានផ្ដល់បទពិសោធន៍មួយចំនួនទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស បញ្ហាលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតជាដើម មុននឹងយុវតី សុភាព សម្រេចចិត្តផ្លាស់ប្ដូរការងារមកជាមន្ត្រីសិទ្ធិមនុស្ស នៅក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅក្នុងដើមខែធ្នូ ឆ្នាំ២០០៥ ដែលកាលណោះមានលោក កឹម សុខា (បច្ចុប្បន្នជាអតីតប្រធានគណបក្សសង្គ្រោះជាតិ) ធ្វើជាប្រធានអង្គការ។
បម្រើការងារក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានតែ១០ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០០៥ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិក៏ឈានចូលមកដល់ យុវតី សុភាព ក៏បានឃើញរូបភាពតវ៉ាទាមទារសិទ្ធិសេរីភាពពលរដ្ឋ គួបផ្សំការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច រហូតមានការប្ដឹងផ្ដល់ថ្នាក់ដឹកនាំអង្គការគឺលោក កឹម សុខា ដែលជាប់ពន្ធនាគារនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០០៥ ក្រោមបទចោទបរិហាកេរ្តិ៍ ពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ កាលណោះលោក កឹម សុខា ជាប់ពន្ធនាគារ១៦ថ្ងៃ គឺនៅថ្ងៃទី១៧ មករា ស្ថាបនិកមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅឆ្នាំ២០០២រូបនេះ ត្រូវបានតុលាការសម្រេចដោះលែងវិញ។ ហើយរូបភាពទាំងនេះហើយ គឺជាកម្លាំងចិត្តដែលជំរុញឲ្យយុវតី សុភាព កាន់តែស្រលាញ់ការងារសិទ្ធិមនុស្សថែមទៀត។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកម្ពុជាផ្នែកទំនាក់ទំនងអន្តរជាតិ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រផ្នែកសេដ្ឋកិច្ច បានរំឭកដូច្នេះថា៖«នៅពេលនោះខ្ញុំនៅក្មេងមែនទែននៅរៀនឆ្នាំទី២ ក្នុងសាកលវិទ្យាល័យ ហើយដោយសារខ្ញុំជាបុគ្គលិកថ្មី(CCHR) យើងអាចគិតថា នៅពេលយើងចូលប្រឡូកការងារ ហើយស្ថាប័នយើងត្រូវប្រឈម ដូច្នេះយើងអាចមានជម្រើសពីរ គឺយើងនៅបន្តការងារ ឬក៏យើងចាកចេញ។ ប៉ុន្តែនៅពេលនោះ អ្វីដែលធ្វើឲ្យខ្ញុំតាំងចិត្តថា មិនអាចចាកចេញនោះគឺ ដោយសារស្ថានភាពសិទ្ធិមនុស្សយើងបានឃើញជាក់ស្ដែង នូវអង្គហេតុដែលកើតឡើង ដែលយើងបានឃើញថា សិទ្ធិមនុស្សត្រូវបានគេរំលោភបំពាន។ អ៊ីចឹងធ្វើឲ្យខ្ញុំគិតថា ខ្ញុំប្ដេជ្ញាចិត្តក្នុងការចូលរួមធ្វើយ៉ាងម៉េច ការពារសិទ្ធិមនុស្ស និងលើកកម្ពស់សិទ្ធិមនុស្សក្នុងសង្គម»។
ក្រោយបម្រើការងារក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាង២ឆ្នាំ យុវតី ចក់ សុភាព ក៏សុំសម្រាកពីការងារមួយរយៈ ដោយសារទទួលបានអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យអន្តរជាតិនៃប្រទេសជប៉ុន ផ្នែកការសិក្សាសន្តិភាព រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១០។ បន្ទាប់ពីបញ្ចប់ការសិក្សា ហើយចូលបម្រើការងារវិញ កូនស្រីពៅអ្នកខេត្តកំពង់ចាមរូបនេះ ក៏ទទួលបានតំណែងជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅខែមិនា ឆ្នាំ២០១៤ ក្រោយពេលលោក អ៊ូ វីរៈ (២០០៧ដល់២០១៤)ដែលទទួលកិច្ចការងារគ្រប់គ្រងអង្គការបន្តពីលោក កឹម សុខា កាលពីឆ្នាំ២០០៧នោះ បានសុំលាលែងពីតំណែងប្រធានអង្គការ។
VIDEO
ទទួលបានពានរង្វាន់ពីរដ្ឋាភិបាលបារាំង-អាល្លឺម៉ង់
ថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៨ ដែលជាទិវាប្រារព្វសិទ្ធិមនុស្សអន្តរជាតិ គឺជាថ្ងៃពិសេសសម្រាប់លោកស្រី ចក់ សុភាព ដែលត្រូវបានរដ្ឋាភិបាលបារាំងនិងអាល្លឺម៉ង់ សម្រេចប្រគល់ពានរង្វាន់ការពារសិទ្ធិមនុស្ស បន្ទាប់ស្ត្រីវ័យ៣៣ឆ្នាំរូបនេះ បានបម្រើការងារក្នុងវិស័យនេះ អស់រយៈពេល១៣ឆ្នាំមក។ លោកស្រី ចក់ សុភាព ស្ថិតក្នុងចំណោមសកម្មជន១៥រូបទូទាំងពិភពលោក ដែលទទួលបានពានរង្វាន់ Prix Franco-Allemand des droits de l’Homme et de l’Etat de droit (Franco-German Prize for Human Rights and the Rule of Law)។ ពានរង្វាន់នេះ ត្រូវបានប្រកាសរួមគ្នាដោយលោក Jean-Yves Le Drian រដ្ឋមន្ត្រីបារាំងទទួលកិច្ចការអឺរ៉ុប និងការបរទេស រួមជាមួយសមភាគីអាល្លឺម៉ង់ លោក Heiko Mass។
លោកស្រី ចក់ សុភាព ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ ចាត់ទុកជាជនដ៏សកម្មក្នុងបណ្តាញសង្គម ដែលបានក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស ។ហើយអង្គការដែលគាត់កំពុងដឹកនាំបានលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន ជាពិសេសការលើកកម្ពស់ សហគមន៍ ដូចជា ក្រុមអ្នកការពារសិទ្ធិមនុស្ស ក្រុមជនជាតិភាគតិច យុវជន ស្ត្រី និងក្រុម LGBTIQ+ជាដើម។
ពានរង្វាន់នេះអាចជាផ្នែកមួយ ដែលបង្ហាញពីគុណតម្លៃនៃការខំប្រឹងលើកកម្ពស់សិទ្ធិមនុស្សរបស់លោកស្រី ចក់ សុភាព ពិតមែន។ ប៉ុន្តែតើវាជាបន្ទុកធ្ងន់សម្រាប់លោកស្រី ដែលត្រូវប្រឹងប្រែងឲ្យកាន់តែក្លៀវក្លា ដើម្បីឲ្យសាកសមនឹងការទទួលពានរង្វាន់ពីរដ្ឋាភិបាលបារាំង-អាល្លឺម៉ង់ ដែលផ្ដល់ទំនុកចិត្តលើអ្នកស្រី ថែមទៀតទេ? មិនបង្អង់យូរ ស្ត្រីរាងស្ដើង សក់ត្រឹមស្មារូបនេះ បាននិយាយតបវិញថា ពានរង្វាន់ដែលអ្នកស្រីទទួលបាននេះ វាជាការលើកទឹកចិត្តខ្លួនក្នុងវិស័យសិទ្ធិមនុស្ស ប៉ុន្តែវាគ្មានឥទ្ធិពល ឬសម្ពាធអ្វី ដែលតម្រូវឲ្យលោកស្រី ប្រែប្រួលសកម្មភាពការងារ ហើយត្រូវបំពេញភារកិច្ច ដើម្បីផ្គាប់ចិត្តគេវិញនោះទេ។
«អ្វីដែលយើងធ្វើកន្លងមកនេះ គឺជាបេសកកម្មរបស់យើង ដូច្នេះយើងមិនមានចេតនាណាមួយ ដែលយើងធ្វើកិច្ចការទាំងអស់នេះ ដើម្បីទទួលបានពានរង្វាន់ ឬក៏ការកោតសរសើរណាមួយគឺមិនមានទេ។ ប៉ុន្តែដូចអ្វីដែលខ្ញុំបានលើកដូចខាងដើមអ៊ីចឹង គឺទាំងមុននិងទាំងក្រោយនៃការផ្ដល់ពានរង្វាន់នេះ មិនមានអ្វីដែលធ្វើឲ្យយើងត្រូវប្រែប្រួលក្នុងដំណើរការប្រតិបត្តិការរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឬសូម្បីតែការប្រែប្រួលនៅក្នុងការប្ដេជ្ញាចិត្ត(បំពេញការងារ)របស់ខ្ញុំ នៅក្នុងវិស័យសិទ្ធិមនុស្សក៏គ្មានដែរ។ ប៉ុន្តែការសួរខ្ញុំថា នឹងមានផលជះឥទ្ធិពលណាមួយ ដែលធ្វើឲ្យយើងត្រូវកិច្ចការងារហ្នឹងឲ្យថមថយ ឬកើនឡើង គឺមិនមានទេ»។ នេះជាការអត្ថាធិប្បាយរបស់នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
សម្រាប់លោកស្រី ចក់ សុភាព ការផ្ដល់ពានរង្វាន់ផ្នែកសិទ្ធិមនុស្សដល់ខ្លួន និងសកម្មជនដែលធ្វើការងារក្នុងវិស័យនេះ វាមិនមែនជាការសូកទឹកចិត្តទេ ប៉ុន្តែវាបង្ហាញថា អ្នកការពារសិទ្ធិមនុស្សទាំងអស់ មិនរស់នៅឯកោឡើយ ពោលគឺយ៉ាងណាក៏មានអន្តរជាតិនៅទទួលស្គាល់ពីគុណតម្លៃនៃការខិតខំប្រឹងប្រែង និងការចំណាយពេលវេលា ក្នុងការលើកកម្ពស់សិទ្ធិមនុស្សរបស់ពួកគេ ។ បើតាមលោកស្រី សុភាព សកម្មជនសិទ្ធិមនុស្សនៅកម្ពុជា ដែលប្រឹងប្រែងធ្វើការអស់ពីកម្លាំងកាយចិត្ត ក៏មានឱកាសទទួលបានពានរង្វាន់នេះ ដូចលោកស្រី និងលោក ធន់ សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក )ដែលធ្លាប់បានទទួលពានពីរដ្ឋាភិបាលបារាំងនិងអាល្លឺម៉ង់ កាលពីឆ្នាំ២០១៦ ដែរ។
ក្រៅពីទទួលបានពានរង្វាន់នេះ លោកស្រី សុភាព ក៏ជានារីដ៏ឆ្នើមម្នាក់សម្រាប់កម្ពុជា ដែលបានទទួលការកោតសរសើរពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០១៤ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់កម្មវិធីផ្តួចផ្តើមគំនិតពិភពលោកលោក គ្លីនតុន នៅបុរីញូវយ៉កទៀតផង។
VIDEO
វិស័យសិទ្ធិមនុស្សនៅកម្ពុជា ប្រៀបដូចជាក្រាហ្វិចសេដ្ឋកិច្ចជាតិ
«ចាប់តាំងពីមានបទពិសោធន៍ ដែលខ្ញុំចូលប្រឡូកក្នុងវិស័យសិទ្ធិមនុស្សកម្ពុជា ពីចុងឆ្នាំ២០០៥មកនេះ គឺស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាយើង ខ្ញុំតែងតែប្រៀបធៀបដូចក្រាហ្វិចសេដ្ឋកិច្ច ដែលពេលខ្លះឡើងចុះ ទៅតាមអតិផរណា ឬកំណើនសេដ្ឋកិច្ចអ៊ីចឹង»។ នេះជាទស្សនៈរបស់ស្ត្រីវ័យ៣៣ឆ្នាំ ដែលបានបន្ថែមថា ស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា តែងតែប្រែប្រួល ដោយពេលខ្លះល្អប្រសើរឡើង ហើយពេលខ្លះអាក្រក់ខ្លាំង។
សម្រាប់លោកស្រី ចក់ សុភាព ដែលបម្រើការងារជាង១០ឆ្នាំមកនេះ មើលឃើញពីទិដ្ឋភាពនៃសំណុំបញ្ហាជាច្រើន នៅក្នុងវិស័យសិទ្ធិមនុស្ស គឺតែងតែកើតចេញពីបញ្ហានយោបាយជាធំ មុននឹងឈានដល់ដំណាក់កាលជាបន្តបន្ទាប់ទៀត ដែលវាជាចំណុចមួយ មិនអាចប្រកែកបានឡើយ។ ដូច្នេះវិស័យសិទ្ធិមនុស្សនៅកម្ពុជាល្អ ឬអាក្រក់នោះ វាអាស្រ័យលើអ្នកនយោបាយ អ្នកមានអំណាច និងការដឹកនាំរបស់រដ្ឋាភិបាល។ និយាយបែបនេះ លោកស្រី សុភាព ចង់បានន័យថា អ្នកនយោបាយកាន់អំណាច ដឹកនាំរដ្ឋាភិបាល គួរតែអនុវត្តគោលដៅគោរពសិទ្ធិមនុស្សស្របតាមមាគ៌ាត្រឹមត្រូវ ប្រសើរជាងយកបញ្ហាសិទ្ធិមនុស្សក្នុងប្រទេស ទៅប្រៀបធៀបនឹងប្រទេសដទៃ ដែលនាំឲ្យមើលមិនឃើញពីចំណុចខ្វះខាតខ្លួនហើយធ្វើការគោរពសិទ្ធិមនុស្សនៅកម្ពុជា កាន់ធ្លាក់ចុះ ឬដើរថយក្រោយថែមទៀត។
«ខ្ញុំគិតថា យើងគួរសម្លឹងទៅមើលគោលដៅដែលយើងចង់ដើរ ហើយប្រទេសកម្ពុជា ឆ្លុះបញ្ចាំងតាមរយៈរដ្ឋធម្មនុញ្ញ ហើយនឹងការប្ដេជ្ញាចិត្តជាច្រើនហ្នឹង ដែលយើងចង់កសាងប្រទេសយើង ឲ្យមានសន្តិភាព ដែលគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ហើយពាក្យសន្តិភាព ជាទូទៅក៏មានការជជែកច្រើន ហើយខ្ញុំគិតថា(រដ្ឋាភិបាល)យើងតែងតែមានការប្រៀបធៀបមួយ ដោយលើកពីសន្តិភាព ដែលត្រឹមតែអវត្តមានសង្គ្រាម។ ប៉ុន្តែបើយើងនិយាយពីសន្តិភាពដែលពេញលេញនោះ មិនមែនត្រឹមតែអវត្តមានសង្គ្រាមទេ ទន្ទឹមនឹងសេរីភាពពេញលេញ ទន្ទឹមសុខុមាលភាពរបស់ពលរដ្ឋ ដែលអាចប្រើប្រាស់សិទ្ធិដោយគ្មានការភ័យខ្លាច។ ដូច្នេះខ្ញុំចង់គូសបញ្ជាក់ថា យើងត្រូវសម្លឹងមើលគោលដៅ មិនមែនយើងប្រៀបធៀបទៅនឹងរង្វាស់មួយ ដែលអន់ថយនោះទេ»។ នេះជាការលើកឡើងរបស់នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា ដែលកំពុងរៀបចំផែនការរយៈពេល៥ឆ្នាំ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិពលរដ្ឋ ក្នុងអាណត្តិការងាររបស់ខ្លួន៕
VIDEO