ម៉ានីឡា-ហ្វីលីពីន៖ ក្នុងថ្ងៃនេះ CIMB (ធនាគារ CIMB) បានប្រកាសសម្ពោធជាផ្លូវការ នូវវត្តមានរបស់ធនាគារ CIMB នៅក្នុងប្រទេសហ្វីលីពីន។ វត្តមានរបស់ធនាគារ CIMB Philippines Inc. (ហៅកាត់ថាធនាគារ) នេះមានគោលដៅក្លាយជាធនាគារផ្តល់សេវាកម្មចល័ត និងធនាគារឌីជីថលមុនគេបង្អស់ ក្នុងប្រទេសហ្វីលីពីន ដែលធានាឲ្យប្រតិបត្តិការសេវាធនាគារ កាន់តែមានភាពសាមញ្ញ និងងាយស្រួល។
កម្មវិធីសម្ពោធជាផ្លូវការនាថ្ងៃនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្លិបសមាជិកឯកជន Manila House ក្នុងទីក្រុង Bonifacio Global នៃតំបន់ Taguig ក្រោមអធិបតីភាពលោក Chuchi G. Fonacier អភិបាលរងរបស់ធនាគារកណ្តាល នៃប្រទេសហ្វីលីពីន BSP និង លោក Datuk Mohd Nasir Ahmad ប្រធានក្រុមប្រឹក្សាភិបាល CIMB Group។
ក្នុងកម្មវិធីដ៏ឱឡារិកនេះ លោក Effendy Shahul Hamid ដែលជាប្រធាននាយកប្រតិបត្តិ ផ្នែកផ្សងព្រេង និងភាពជាដៃគូរបស់ CIMB Group បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការចាប់ផ្តើមបម្រើសេវាកម្មជូនអតិថិជន នៅក្នុងប្រទេសហ្វីលីពីន។លោក Effendy Shahul Hamid បន្តទៀតថា៖«កិច្ចដំណើរការនេះ បានបំពេញនូវវត្តមានប្រតិបត្តិការរបស់ធនាគារ CIMB ក្នុងតំបន់អាស៊ានទាំងមូល ហើយយើងនឹងនាំយកមកនូវសេវាកម្មធនាគារឌីជីថលដ៏ខុសប្លែក និងទីតាំងរបស់ឌីជីថលក្នុងទីផ្សារ។ ប្រទេសហ្វីលីពីន ជាទីផ្សារមួយ ដែលមានការរីកចម្រើនខ្ពស់ ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងទូរស័ព្ទចល័តនៅលើពិភពលោក ដែលជាសញ្ញាយ៉ាងច្បាស់ នៃសង្គមបែបទំនើប និងជឿនលឿនមួយ សម្រាប់យើងបម្រើសេវាកម្មជូន»។
លោក Vijay Manoharan ប្រធាននាយកប្រតិបត្តិរបស់ធនាគារ CIMB ហ្វីលីពីន ក៏បានបញ្ជាក់យ៉ាងលម្អិតពីបំណងដែលធនាគារ CIMB ហ្វីលីពីន គ្រោងផ្តល់បទពិសោធន៍នៃការបម្រើសេវាកម្មធនាគារបែបថ្មី ទៅដល់ប្រជាជនហ្វីលីពីនផងដែរ។ លោក Vijay Manoharan ឲ្យដឹងដូច្នេះថា៖«អតិថិជននាពេលបច្ចុប្បន្ន និងពេលអនាគត ត្រូវការសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលសមស្របនឹងតម្រូវការហិរញ្ញវត្ថុផ្ទាល់ខ្លួន ក៏ដូចជាជួយឲ្យពួកគេ ឈានមុខគេជានិច្ច ប៉ុន្តែពួកគាត់មិនចាំបាច់ធ្វើប្រតិបត្តិការ ដោយទៅកាន់ធនាគារផ្ទាល់នោះទេ។ ជាមួយការផ្តល់ជូននូវផលិតផលភាគច្រើនរបស់យើង តាមរយៈកម្មវិធីទូរស័ព្ទ OCTO ប្រកបដោយសុវត្ថិភាព យើងក៏អាចផ្តល់ជូននូវសេវាកម្មធនាគារ កាន់តែល្អប្រសើរថែមទៀត គ្រប់ពេលវេលា រៀងរាល់ថ្ងៃ ដែលនាំមកនូវភាពងាយស្រួល សម្រាប់អតិថិជនរបស់យើង ដោយអាចឲ្យពួកគេធ្វើប្រតិបត្តិការធនាគារ ពីបាតដៃគាត់ផ្ទាល់តែម្តង»។
ដៃគូអាជីវកម្មរបស់ធនាគារ CIMB ហ្វីលីពីន រួមមាន 7-Eleven និង DragonPay ជាដើម ជា មួយទីតាំងផ្តល់សេវាកម្មជូនអតិថិជនប្រកបដោយភាពងាយស្រួល ជាង ៨.០០០កន្លែង ទូទាំងប្រទេស។ បណ្ណឥណពន្ធ VISA-powered របស់ធនាគារ អាចប្រើប្រាស់បាននៅគ្រប់ ២០.០០០បណ្តាញរបស់ Bancnet រួមទាំង VISA និង VISA Plus ATM ទូទាំងប្រទេស ព្រមទាំង និង ជាងពីរលានទីតាំងទៀត ទូទាំងពិភពលោក។
ដើម្បីបំពេញតម្រូវការ ដល់អ្នកដែលបានរៀបចំនូវការសន្សំសម្រាប់អនាគត ធនាគារ CIMB បាននាំយកគណនីសន្សំ UpSave ដែលផ្តល់នូវការសន្សំកាន់តែអស្ចារ្យ ជាមួយអត្រាការប្រាក់ខ្ពស់រហូតដល់ ២% ក្នុងមួយឆ្នាំ (ខ្ពស់ជាងធនាគារផ្សេងៗទៀតដល់ទៅ៨ដង)។ សេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB ហ្វីលីពីន ត្រូវបានគាំទ្រដោយកម្មវិធីទូរស័ព្ទ OCTO ដែលអតិថិជនអាចទាញយកពី Apple App Store ឬ Google Play។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់
www.cimbbank.com.ph ឬ Like ទំព័រ Facebook របស់យើង
www.facebook.com/CIMBBankPH និងធ្វើការ follow នៅលើ Instagram @CIMBBankPH។
ជាមួយនឹងការសម្ពោធដាក់ឲ្យដំណើរការធនាគារ CIMB ហ្វីលីពីន ធនាគារក៏បានប្រកាសពីការទទួលការអនុម័តផ្លូវច្បាប់ផងដែរ ពីគណៈកម្មធិការមូលបត្រ និងភាគហ៊ុន នៃប្រទេសហ្វីលីពីន សម្រាប់ការដាក់ឲ្យដំណើរការធនាគារវិនិយោគ ក្នុងប្រទេសហ្វីលីពីន ដែលមានឈ្មោះថា ក្រុមហ៊ុន CIMB Bancom (CIMB Bancom)។ លោក Shahul Hamid មានប្រសាសន៍ដូច្នេះថា៖ «យើងមានសំណាងក្នុងការប្រកាសជាផ្លូវការ នៃធនាគារវិនិយោគ CIMB Bancom ដែលនឹងផ្តល់ប្រឹក្សាយោបល់ដ៏មានគុណតម្លៃ និងសេវាកម្មទីផ្សារមូលធនឆ្លងប្រទេស ទៅដល់ក្រុមហ៊ុន ក្នុងប្រទេសហ្វីលីពីន ដែលកំពុងសម្លឹងរកការពង្រីក និងភាពរីកចម្រើន នៅទូទាំងតំបន់អាស៊ាន ក៏ដូចជាការពង្រឹងវត្តមានកាន់តែរឹងមាំរបស់ CIMB នៅក្នុងតំបន់ ដើម្បីបង្កើនប្រភពនៃការព្រមព្រៀងពាណិជ្ជកម្ម ទៅកាន់ប្រទេសហ្វីលីពីន»៕
(អត្ថបទពាណិជ្ជកម្ម)