កីឡាជាតិ
ជាតិ
ក្រុម​របស់ ចាន់ វឌ្ឍនាកា ប៉ះ​ក្រុម ធា​រី ចន្ថា​ប៊ី​ន ក្នុងការ​ប្រកួត​បើកឆាក​លី​ក​កំពូល​ម៉ាឡេស៊ី​
01, Feb 2019 , 7:59 am        
រូបភាព
កីឡាករ ចាន់ វឌ្ឍនាកា (ឆ្វេង) និង ធារី ចន្ថាប៊ីន ពេលហ្វឹកហាត់ជាមួយក្លិបរៀងៗខ្លួន, រូបភាពពីក្លិប PKNS និង Terengganu
កីឡាករ ចាន់ វឌ្ឍនាកា (ឆ្វេង) និង ធារី ចន្ថាប៊ីន ពេលហ្វឹកហាត់ជាមួយក្លិបរៀងៗខ្លួន, រូបភាពពីក្លិប PKNS និង Terengganu
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី Malaysia Super League 2019 បើក​រដូវ​កាល​ថ្មី​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​។ សម្រាប់​ជំនួប​បើកឆាក​ដំបូង ក្រុម PKNS របស់​កីឡាករ ចាន់ វឌ្ឍនាកា ត្រូវ​តទល់​ជាមួយ​ក្រុម Terengganu របស់​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ខណៈ Kuala Lumpur ស្វាគមន៍ Pahang FA​។

 
​ក្រោយ​រួមចំណែក​មួយ​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ លើ​ក្រុម PKNP នា​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​កាលពីពេល​ថ្មីៗ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ត្រូវ​បន្ត​ជួយ​ក្រុម PKNS ប្រជែង​ជាមួយ​ក្រុម Terengganu របស់​ខ្សែបម្រើ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន នា​ជំនួប​បើកឆាក​ពានរង្វាន់ Malaysia Super League នៅ​កីឡដ្ឋាន Sultan Ismail Nasiruddin Shah Stadium​។​
 
​នេះ​ជា​ជំនួប​ដ៏​ជក់ចិត្ត ដែល​អ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុជា​ទន្ទឹង​រង់ចាំ បន្ទាប់ពី​ពួកគេ​ចុះ និង​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​រៀងៗ​ខ្លួន​កាលពីពេល​កន្លងទៅ​។ ខ្សែបម្រើ ធា​រី ចន្ថា​ប៊ី​ន ដែល​បាន​ផ្តេ​រ​ពី​ក្លិប​អគ្គិសនី​កម្ពុជា​ទៅ​ប្រកប​អាជីព​ជាមួយ​ក្លិប Terengganu នៅ​ឆ្នាំ​២០១៨ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្លិប​នេះ បន្ត​កិច្ចសន្យា​មួយឆ្នាំ​បន្ថែម​ដល់​រូបគេ​។ ចំណែក​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​ផ្ទេរ​ពី​បឹងកេត​ទៅ​ចូលរួម​ជាមួយ PKNS ក្រោម​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​។ 
 
​ក្រោយ​ត្រឡប់​មកពី​ប្រកប​អាជីព​ជាមួយ​ក្លិប​ក្របខណ្ឌ​ទី​៣​ជប៉ុន Fujieda MYFC នៅ​ឆ្នាំ​២០១៨ វឌ្ឍនាកា បាន​ចុះកិច្ចសន្យា​រយៈពេល​មួយឆ្នាំ​លេង​ឲ្យ​ក្លិប​ម៉ាឡេស៊ី Pahang FA​។ ប៉ុន្តែ​ក្រោយ​រួមរស់​បាន​ពាក់កណ្តាល​រដូវ​កាល កីឡាករ​មកពី​ខេត្តកំពត​រូបនេះ​បាន​ចែកផ្លូវ​គ្នា​ជាមួយ Pahang FA មក​ចូលរួម​ជាមួយ​ទ្រនំ​ចាស់​ក្លិប​បឹងកេត​នៅ​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៨​។ 
 
​សម្រាប់​ជំនួប​ឆាក​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ក៏មាន​ការប្រកួត​មួយគូ​ទៀត​ដែរ គឺ​រវាង​ក្រុម Kuala Lumpur ជាមួយ​អតីត​ក្រុម​របស់ វឌ្ឍនាកា Pahang FA នា​កីឡដ្ឋាន KLFA Stadium​។ មិន​ខុសគ្នា​ពី​រដូវ​កាល​មុន​ឡើយ រដូវ​កាល​នេះ មាន​ក្លិប​ចូលរួម​ចំនួន​១២៕  
 

Tag:
 ចាន់ វឌ្ឍនាកា​
  ធា​រី ចន្ថា​ប៊ី​ន​
  Malaysia Super League
© រក្សាសិទ្ធិដោយ thmeythmey.com