ភ្នំពេញ៖ ឆ្នេរខ្សាច់សិប្បនិម្មិតមួយ ដែលគ្រោងនឹងចំណាយជិត ២ពាន់លានដុល្លារ ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ២០០ហិកតា ក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បាននិយាយថា ដំណឹងនៃការបង្កើតឆ្នេរខ្សាច់នៅក្នុងតំបន់កែបថ្មីនេះ បានធ្វើឲ្យតម្លៃអចលនទ្រព្យមានសន្ទុះឡើងខ្លាំងក្នុងរយៈជាងមួយឆ្នាំចុងក្រោយ។
លោក គែន បានបញ្ជាក់ថា តម្លៃដីនៅតំបន់នេះបានកើនឡើងប្រមាណ៣០០ភាគរយ។ ជាក់ស្តែងដីជាប់មាត់សមុទ្រនៅក្នុងឆ្នាំ២០១៧មានតម្លៃ ពី៣៥ដុល្លារទៅ៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែឥឡូវកើនឡើងដល់២០០ដុល្លារ ទៅ២៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីដែលនៅជាប់ផ្លូវជាតិលេខ៣ ដែលមានចម្ងាយ១.៥គីឡូម៉ែត្រពីតំបន់ឆ្នេរថ្មីនេះបច្ចុប្បន្នមានតម្លៃពី៧០ទៅ១០០ដុល្លារ ដែលពីមុនតម្លៃជាមធ្យម ៣០ដុល្លារក្នុងមួយ ម៉ែត្រការ៉េ។
កាលពី២ឆ្នាំមុន តម្លៃដីនៅជិតផ្លូវជាតិ ថ្លៃជាងដីនៅជិតមាត់សមុទ្រ។ កែបថ្មីនេះ គឺជាតំបន់មានសក្តានុពលមួយសម្រាប់វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ដោយសារទៅទីនេះក៏មានគម្រោងធំៗ២គឺកំពង់ផែទឹកជ្រៅ (កំពុងដំណើរការសាងសង់) និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសទំហំ១,០០០ហិកតាដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន ហើយបច្ចុប្បន្នបានចាក់ដីរួចរាល់។ នេះបើតាម លោក គែន ។
សម្រាប់សក្តានុពលនៃវិស័យលំនៅដ្ឋានក្នុងតំបន់នេះ លោក គែន ជឿថា ក្នុងរយៈពេលចាប់ពី៣ ទៅ៥ឆ្នាំខាងមុខ តំបន់នេះមានការពេញនិយមខ្លាំងសម្រាប់ការកំសាន្ត ពាណិជ្ជកម្ម និងការរស់នៅ ដោយសារដីលំនៅដ្ឋានខ្នាតតូចតាមមាត់ឆ្នេរ ដែលមានទំហំ ១,០០០ ទៅ ២០០០ ម៉ែត្រការ៉េ មានការទិញលក់ច្រើនគួរឲ្យកត់សម្គាល់។ បន្ថែមលើលពីនេះទៀត លោក គែន មើលឃើញថា ដីមួយផ្នែកធំត្រូវបានអ្នកអភិវឌ្ឍន៍ទិញទុករួចរាល់ និងកំពុងរង់ចាំការវិនិយោគនៅក្នុ ងជំហានបន្ទាប់។
ឆ្នេរមួយនេះ មានសារៈសំខាន់មិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងអាចជួយទ្រទ្រង់ដល់ជីវភាពរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ ឲ្យកាន់តែប្រសើរឡើង ពិសេសអាចផ្តល់ឱកាសការងារដល់អ្នកប្រជាជនទូទៅនៅក្នុងតំបន់នេះ។
គួររំឭកដែរថា បច្ចុប្បន្ននេះ ខេត្តកំពតមានតំបន់ទេសចរណ៍ចំនួន ១៧កន្លែង ខុសៗគ្នាទាំងទេសចរណ៍ធម្មជាតិ ឆ្នេរសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ ដងអូរ និងទេសចរណ៍បែបវប្បធម៌ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ៕