វ៉េណេស៊ុយអេឡាកំពុងបន្តធ្លាក់ផុងជ្រៅក្នុងវិបត្តិនយោបាយ និងអាចឈានដល់ធ្លាក់ក្នុងសង្គ្រាមស៊ីវិលផង។ រុស្ស៊ី និងចិនដែលគាំទ្ររបបដឹកនាំវ៉េណេស៊ុយអេឡារបស់លោក នីកូឡា ម៉ាឌុយរ៉ូ បានព្រមានរួចជាស្រេចហើយថាការអន្តរាគមន៍ជ្រៅក្នុងវិបត្តិនេះអាចបង្កើតជម្លោះប្រដាប់អាវុធឬសង្គ្រាមស៊ីវិលផង។ មានព័ត៌មានថា អាមេរិកអាចនឹងដឹកនាំអន្តរាគមន៍យោធាទម្លាក់លោក ម៉ាឌុយរ៉ូ ដែលមិនត្រូវបានអន្តរជាតិទទួលស្គាល់ផង បើសិនជាស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ត្រឹមនេះគេនៅមិនទាន់ដឹងថា មហាអំណាចដូចជាចិននិងរុស្ស៊ីអាច នឹងលូកដៃចូលជ្រៅដើម្បីការពាររបបលោក ម៉ាឌុយរ៉ូ ក្នុងករណីដែលអាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់ចូលអន្តរាគមន៍ ឬអត់ឡើយ។
ការវិវត្តចុងក្រោយនៃវិបត្តិវ៉េណេស៊ុយអេឡាកំពុងធ្វើឲ្យពិភពលោករំជើបរំជួល និងតាមដានយ៉ាងយកចិត្តទុកដាក់។ ប្រទេសមួយមានប្រធានាធិបតីពីរ កំពុងធ្វើឲ្យចលាចលនយោបាយកាន់តែខ្លាំង។ មួយគឺលោក នីកូឡា ម៉ាឌុយរ៉ូ មានអំណាចពេញដៃ និងទទួលបានការការពារពីក្រុមយោធា ខណៈមួយទៀតលោក ហ័ន កៃ្វដូ ទទួលបានភាពស្របច្បាប់ដែលមានសហគមន៍អន្តរជាតិគាំទ្រ។ គេរង់ចាំមើលថា ការវិវត្តដ៏គ្រោះថ្នាក់នេះនឹងនាំឲ្យរបបដឹកនាំចាស់លោក នីកូឡា ម៉ាឌុយរ៉ូ ដួលរលំ ឬអាចនាំឲ្យវ៉េណេស៊ុយអេឡាផុងខ្លួនក្នុងសង្គ្រាមស៊ីវិល និងមានការអន្តរាគមន៍ពីមហាអំណាចធំៗដូចជាអាមេរិកនិងរុស្ស៊ីដូចនៅក្នុងជម្លោះមជ្ឈិមបូព៌ាឬយ៉ាងណា។
របបដឹកនាំលោក ម៉ាឌុយរ៉ូ បានចាត់ទុកលោក កៃ្វដូ ជាមេដឹកនាំរដ្ឋប្រហារដែលជាអាយ៉ងរបស់សហរដ្ឋអាមេរិក ហើយបច្ចុប្បន្នលោក កៃ្វដូ ស្ថិតក្រោមបម្រាមធ្វើដំណើរទៅក្រៅប្រទេស និងត្រូវបង្កកទ្រព្យសម្បត្តិទៀតផង។ គេមិនទាន់ដឹងច្បាស់ថា លោកនឹងត្រូវប្រឈមបញ្ហាអ្វីផ្សេងទៀតឡើយប៉ុន្តែ អាមេរិកបានព្រមានជាមុនហើយថា រាល់ការប៉ះពាល់ ឬបង្កគ្រោះថ្នាក់ដល់មេដឹកនាំប្រឆាំងរូបនេះ នឹងនាំឲ្យអាមេរិកចេញវិធានការធ្ងន់ៗឆ្លើយតបវិញមិនខាន។
ថ្ងៃពុធទី ៣០ ខែមករា លោក ហ័ន កៃ្វដូ បានបកស្រាយក្នុងបទវិចារណកថាមួយចុះផ្សាយលើទំព័រសារព័ត៌មាន New York Times ឆ្លើយតបនឹងការចោទប្រកាន់ចំពោះការតាំងខ្លួនជាមេដឹកនាំថ្មី។ លោកបានបញ្ជាក់ថា វាជារឿងមិនត្រឹមត្រូវឡើយដែលគេចាត់ទុកលោកជាប្រធានាធិបតីដែលប្រកាសខ្លួនឯងជាលក្ខណៈឯកតោភាគីនោះ។ លោកស្បថចូលកាន់តំណែងថ្ងៃ ២៣ ខែមករា ជាប្រធានាធិបតីស្របច្បាប់ដោយអនុវត្តតាមនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញវ៉េណេស៊ុយអេឡាមាត្រា ២៣៣ ក្នុងនាមលោកជាប្រធានសភាប៉ុណ្ណោះ។ មាត្រានោះចែងថា ក្នុងករណីដែលអាណត្តិថ្មីចាប់ផ្តើមហើយគ្មានប្រមុខរដ្ឋថ្មីដែលត្រូវបានបោះឆ្នោតទេនោះ អំណាចទាំងអស់ធ្លាក់លើប្រធានសភា ទម្រាំមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ត្រូវបានរៀបចំឡើងនោះ។
ដោយសារលោក ម៉ាឌុយរ៉ូ ឈ្នះឆ្នោតខែឧសភាដោយគ្មានបក្សប្រឆាំងចូលរួម ហ៊ុមព័ទ្ធដោយបញ្ហាចម្រូងចម្រាសផង និងគ្មានការទទួលស្គាល់ពីអន្តរជាតិផង វ៉េណេស៊ុយអេឡា គ្មានប្រមុខរដ្ឋថ្មីឡើយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ថ្មីៗនេះវាលេចចេញព័ត៌មានមួយចំនួនពាក់ព័ន្ធយុទ្ធសាស្ត្រអាមេរិកក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីអន្តរាគមន៍ក្នុងវិបត្តិវ៉េណេស៊ុយអេឡាដើម្បីទម្លាក់លោក ម៉ាឌុយរ៉ូ ពីតំណែង បន្ថែមពីលើការបង្កើនទណ្ឌកម្មប្រឆាំងរបបដឹកនាំនេះដែរ។ អ្នកកាសែតថតបានកំណត់ហេតុរបស់លោក ចន បុលតុន ទីប្រឹក្សាសន្តិសុខរបស់លោក ដូណាល់ ត្រាំ ដែលមានសរសេរថា «បញ្ជូនទ័ព ៥០០០នាក់ទៅកាន់ទឹកដីកូឡុំប៊ី» ដែលជារដ្ឋភូមិផងរបងជាមួយវ៉េណេស៊ុយអេឡាដែរនោះ។
តាំងពីដើមមក រដ្ឋបាលលោក ត្រាំ មិនដែលបដិសេធការប្រើប្រាស់កម្លាំងបាយដើម្បីដោះស្រាយវិបត្តិវ៉េណេស៊ុយអេឡាឡើយ។ ប៉ុន្តែបណ្តាប្រទេសមួយចំនួនក្នុងតំបន់រួមទាំងកាណាដា និងសមាជិកក្រុមលីម៉ា (Lima Group) បានបដិសេធហើយរាល់ការប្រើប្រាស់កម្លាំងទ័ពដើម្បីប្តូររបបដឹកនាំនៅវ៉េណេស៊ុយអេឡានោះ។ ប្រទេសទាំងនេះចង់បានដំណោះស្រាយនយោបាយឬការទូតដែលត្រួសត្រាយឲ្យមានការបោះឆ្នោតរើសមេដឹកនាំថ្មីជាជាងការបង្ហូរឈាម។ យ៉ាងណាក៏ដោយ ក្នុងករណីដែលដំណោះស្រាយការទូត ឬនយោបាយទៅមុខមិនរួច ធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរខ្លាំង មហាអំណាចដូចជាអាមេរិកប្រហែលជាអាចនឹងដឹកនាំកម្លាំងទ័ពចូលអន្តរាគមន៍ក្រោមហេតុផលស្តាសណ្តាប់ធ្នាប់ សន្តិសុខ ប្រជាធិបតេយ្យនិងឆ្លើយតបនឹងវិបត្តិមនុស្សជាតិធ្ងន់ធ្ងរផង។
ដល់ត្រឹមនេះ វាមានសំណួរមួយថា តើរុស្ស៊ី និងចិនដែលជាខ្នងបង្អែកការទូតនិងនយោបាយដ៏ធំរបស់វ៉េណេស៊ុយអេឡានោះ នឹងបន្តការពាររបបដឹកនាំលោក ម៉ាឌុយរ៉ូ ទៀតឬទេ បើសិនជាមានការអន្តរាគមន៍យោធាពីសហរដ្ឋអាមេរិក ឬមានការផ្ទុះឡើងនូវសង្គ្រាមស៊ីវិលនៅវ៉េណេស៊ុយអេឡានោះ។
មុនឈានទៅដល់ ការពន្យល់ពីលទ្ធភាពនៃការលូកដៃក្នុងវិបត្តិរបស់មហាអំណាចចិន និងរុស្ស៊ី ខ្ញុំសូមទាញអារម្មណ៍មិត្តអ្នកអានទៅស្វែងយល់បន្តិចពីដើមហេតុខ្លះៗនៃវិបត្តិវ៉េណេស៊ុយអេឡា។ មិត្តអ្នកអានប្រហែលជាមិនឯកភាពទាំងស្រុងលើការលើកឡើងរបស់ខ្ញុំឡើយ ប៉ុន្តែអាចយល់ស្របលើបញ្ហាមួយចំនួនខាងក្រោម។
តាំងពីយូរមកហើយ វាមានការជជែកដេញដោលគ្នាច្រើនជុំវិញដើមហេតុដែលបណ្តាលឲ្យវ៉េណេស៊ុយអេឡាធ្លាក់ខ្លួនក្នុងវិបត្តិសេដ្ឋកិច្ច នយោបាយ និងសង្គមដូចបច្ចុប្បន្ន។ វិបត្តិជារួមផ្តើមចេញពីអាណត្តិដឹកនាំរបស់លោក ហ៊ូហ្គោ ឆាវេស និងរីករាលដាលខ្លាំងក្រោយការស្លាប់របស់លោកក្នុងឆ្នាំ ២០១៣ និងការឡើងកាន់តំណែងរបស់លោក ម៉ាឌុយរ៉ូ។ វាមានការបកស្រាយផ្សេងៗគ្នា ប៉ុន្តែសូមសរុបឲ្យខ្លីជារួមកត្តាសំខាន់បីយ៉ាងដែលរួមចំណែកធ្វើឲ្យវិបត្តិផ្ទុះឡើង។
ចំណុចទីមួយ វ៉េណេស៊ុយអេឡាជារដ្ឋដែលផ្តេកផ្តួលខ្លាំងលើប្រេង (Petrostate) ហើយភ្លេចគិតពង្រឹងវិស័យសំខាន់ផ្សេងៗទៀតដូចជាកសិកម្មនិងផលិតកម្មដែលជាកម្លាំងចលករសំខាន់និងមាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ។
ជាប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងវ៉េណេស៊ុយអេឡាមានផ្ទៃដីរហូតដល់ ៨៨១០៥០គីឡូម៉ែត្រការ៉េ និងធ្លាប់ជាដែនអាណានិគមរបស់អេស្ប៉ាញ មុននឹងប្រកាសឯករាជ្យជាផ្លូវការឆ្នាំ ១៨១០ ពេលដែលមេដឹកនាំបារាំង ណាប៉ូឡេអុង លើកទ័ពឈ្លានពានអេស្ប៉ាញ។
រឿងដែលសំខាន់កើតឡើងក្នុងអំឡុងឆ្នាំ ១៩២០ ពេលដែលវ៉េណេស៊ុយអេឡាចាប់ផ្តើមរកឃើញប្រេងឆៅជាលើកដំបូង ពេលរដ្ឋមួយនេះស្ថិតក្រោមរបបដឹកនាំផ្តាច់ការរបស់លោក Juan Vincente Gomez។ ពេលនោះហើយដែលវ៉េណេស៊ុយអេឡាចាប់ផ្តើមក្លាយខ្លួនជារដ្ឋដែលមានប្រេងបម្រុងច្រើនជាងគេលើលោក។ ពេលដែលប្រេងឆៅចាប់ផ្តើមឡើងថ្លៃឆ្នាំ ១៩៧០ វ៉េណេស៊ុយអេឡាទាញផលចំណេញកប់ក្តោង និងបានក្លាយខ្លួនជាប្រទេសដែលមានការអភិវឌ្ឍលើសគេក្នុងតំបន់។
បើតាមក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងការបរទេស (Council For Foreign Relations) វ៉េណេស៊ុយអេឡាមានប្រេងឆៅបម្រុងប្រហែល ៣០០ ពាន់លានបារ៉ែលឯណោះមកដល់សព្វថ្ងៃ លើសបរិមាណប្រេងអារ៉ាប៊ីសាអូឌីត និងកាណាដាមានទៅទៀត។ ផលិតផលក្នុងស្រុកសរុបរបស់រដ្ឋរហូតដល់ ៥០ភាគរយបានមកពីការលក់ប្រេង ហើយលើស ៩០ភាគរយនៃផលិតនាំចេញសរុបរបស់រដ្ឋគឺជា ប្រេងឆៅ ទៅទៀត។ បញ្ហានេះហើយទើបពេលដែលប្រេងឆៅធ្លាក់ថ្លៃគំហុកចាប់ពីឆ្នាំ ២០១៤ វិបត្តិវ៉េណេស៊ុយអេឡាចាប់ផ្តើមផ្ទុះឡើងកាន់តែខ្លាំងតែម្តង។
ចំណែកចំណុចទីពីរគឺ ការអនុវត្តគោលនយោបាយសង្គមនិយមចាប់ពីជំនាន់លោក ហ៊ូហ្គោ ឆាវេសដែលឡើងកាន់អំណាចពីឆ្នាំ ១៩៩៨។ បញ្ហាទាំងអស់ដែលកើតឡើងបច្ចុប្បន្ន អាចនិយាយបានថា ចាប់ផ្តើមដំបូងឡើងពីជំនាន់លោក ឆាវេស ដែលបង្កើតឲ្យមានចលនានយោបាយ «បូលីវ៉ា» ក្នុងគោលដៅកែប្រែសង្គមវ៉េណេស៊ុយអេឡា ឈរលើនយោបាយសង្គមនិយមស្តង់ដាថ្មីដែលទទួលស្គាល់កម្មសិទ្ធិឯកជន តែប្រឆាំងគោលនយោបាយហិរញ្ញវត្ថុដែលដាក់ចេញដោយធនាគារពិភពលោក និងមូលនិធិរូបីយវត្ថុអន្តរជាតិ។
លោក ឆាវេស បានធ្វើជាតូបនីយកម្មវិស័យសំខាន់ៗដូចជាវិស័យថាមពល ដែលធ្វើឲ្យបាត់បង់ការប្រកួតប្រជែង ហើយមេដឹកនាំរូបនេះបានដាក់វិធានការគ្រប់គ្រងការដោះដូររូបិយវត្ថុបរទេសក្នុងឆ្នាំ ២០០៣ តែវាជារឿងចម្រូងចម្រាសជាងគេ និងត្រូវអ្នកសេដ្ឋកិច្ចព្រមានខ្លាំងផង។
លើសពីនេះ ដើម្បីធានាប្រជាប្រិយភាពខ្លួន លោក ក៏បានដាក់ចេញគោលនយោបាយលើកកម្ពស់សុខុមាលភាពប្រជាជនអប់រំ សុខាភិបាល ផ្តល់ការឧបត្ថម្ភធនលើការប្រើប្រាស់ប្រេង និងបន្ទាបតម្លៃទំនិញសំខាន់ៗដូចជាចំណី ប្រេងឆា និងម្សៅ ដើម្បីឲ្យប្រជាជនក្រីក្រអាចទិញបាន។
វាប្រហែលជារឿងល្អសម្រាប់ពលរដ្ឋទូទៅ ប៉ុន្តែវាជាបន្ទុកធ្ងន់សម្រាប់រដ្ឋ មិនសមស្របសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាប៉ះពាល់ដល់ជំនួញឯកជនដែលផលិត និងលក់ទំនិញដូចខាងលើ។ ពឹងផ្អែកលើប្រេងស្ទើរទាំងស្រុងដូចវ៉េណេស៊ុយអេឡា ពេលប្រេងធ្លាក់ថ្លៃខ្លាំង ចំណូលរដ្ឋធ្លាក់ចុះខ្លាំងដូចគ្នា។ រដ្ឋាភិបាលក៏មិនអាចទប់ទល់លើការចំណាយច្រើនសន្ធឹកលើគោលនយោបាយសង្គមកិច្ចដូចខាងលើដែរ ហើយក្រុមហ៊ុនឯកជនត្រូវបិទទ្វារព្រោះគ្មានផលចំណេញ ដែលវាបណ្តាលឲ្យអត្រានិកម្មភាពកើនឡើងខ្លាំងដែរ។
ចំណុចទីបីគឺ អសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាល និងអំពើពុករលួយក្នុងការដឹកនាំនយោបាយនិងគ្រប់គ្រងសេដ្ឋកិច្ចជាតិ។ វ៉េណេស៊ុយអេឡាជារដ្ឋអាមេរិកឡាទីនមួយដែលមានស្ថាប័ននយោបាយទន់ខ្សោយ ហើយស្ថិតក្នុងចំណោមប្រទេសដែលពុករលួយជាងគេលើលោកទៀត។ ចំណែកគោលនយោបាយរដ្ឋភាគច្រើនបម្រើឲ្យតែប្រយោជន៍មនុស្សមួយក្រុមតូចដែលស្និទ្ធនឹងមេដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះ។ មុនពេលលោក ឆាវេស ឡើងកាន់តំណែង ចំណូលរដ្ឋ ១០០ពាន់លានដុល្លារបានបាត់បង់ទៅដោយសារអំពើពុករលួយរាប់ចាប់ពីឆ្នាំ ១៩៧២ ដល់ឆ្នាំ ១៩៩៧។
សូមស្លេះការបកស្រាយពីកត្តារួមចំណែកឲ្យកើតមានវិបត្តិវ៉េណេស៊ុយអេឡាត្រឹមនេះសិន ហើយងាកទៅផ្តល់ការបច្ចប្បន្នភាពនៃវិបត្តិនិងលទ្ធភាពនៃការលូកដៃកាន់តែជ្រៅពីសំណាក់មហាអំណាចធំពីរចិន និងរុស្ស៊ីវិញម្តង។
១. តើមហាអំណាចដូចចិនអាចឲ្យ របបដឹកនាំ ម៉ាឌុយរ៉ូ ពឹងពាក់បានទេក្នុងគ្រាអាសន្ន?
ជំហររបស់ចិនក្នុងវិបត្តិវ៉េណេស៊ុយអេឡាគឺស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ឡើយ មិនចាំបាច់និយាយដល់ករណីចូលលូកដៃជ្រៅជាងការទូត ដើម្បីការពាររបបដឹកនាំលោក ម៉ាឌុយរ៉ូ ប្រឆាំងនឹងការអន្តរាគមន៍យោធាអាមេរិកឡើយ។ សូម្បីតែក្នុងស្ថានភាពអាសន្នអន់ក្រដូចបច្ចុប្បន្នដែលប្រជាជនវ៉េណេស៊ុយអេឡាកំពុងដង្ហោយរកជំនួយ ដ្បិតខ្វះស្បៀង ខ្វះថ្នាំសង្កូវ និងត្រូវរត់ភៀសខ្លួនរាប់លាននាក់ ចិនក្នុងនាមជាសម្ព័ន្ធមិត្តមិនទាន់ទាំងហ៊ានចំណាយលុយបញ្ជូនស្បៀង ឬជំនួយមនុស្សធម៌ចាំបាច់ផ្សេងទៀតទៅវ៉េណេស៊ុយអេឡាផង។ ដូច្នេះសង្ឃឹមថា ចិននឹងធ្វើជាមិត្តល្អ និងជួយការពារគ្រប់កាលៈទេសៈនោះពិតជាកំហុសឆ្គងធំមួយហើយ។
មូលហេតុដែលខ្ញុំនិយាយបែបនេះគឺដោយសារហេតុផលបួនយ៉ាងសំខាន់ៗ។ ទីមួយ ថ្វីដ្បិតជានិច្ចជាកាល គេចាត់ទុកថា ចិនជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់វ៉េណេស៊ុយអេឡាលើផ្នែកមនោគមន៍នយោបាយ ការទូត និងសេដ្ឋកិច្ចក៏ដោយ ជាក់ស្តែងទំនាក់ទំនងនោះមិនស្អិតល្មួតដូចគេឃើញទេ។ អាចនិយាយបានថា វាចាប់ផ្តើមប្រែប្រួលក្រោយការស្លាប់របស់លោក ឆាវេសឆ្នាំ ២០១៣។
ទំនាក់ទំនងបច្ចុប្បន្នមានមូលដ្ឋានផ្អែក ពឹងផ្អែកលើលុយកម្ចីច្រើនជាងមិត្តភាពជាក់ស្តែងដែលផ្តោតលើពហុវិស័យ។ ក្នុងពេលសេដ្ឋកិច្ចកំពុងក្ស័យធន មេដឹកនាំវ៉េណេស៊ុយអេឡាលោក ម៉ាឌុយរ៉ូ ត្រហេបត្រហបហោះទៅចិនដើម្បីសុំខ្ចីបុលចិន ប្រមាណប្រាំពាន់លានដុល្លារ ក្នុងខែកញ្ញាឆ្នាំ ២០១៨ ក្នុងគោលដៅដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គម ជាពិសេសស្តាឡើងវិញនូវឧស្សាហកម្មបូមប្រេងផង។ បើតាមទូរទស្សន៍ Bloomberg បច្ចុប្បន្ន ចិនក្លាយជាម្ចាស់បំណុលធំបំផុតរបស់ វ៉េណេស៊ុយអេឡាចាប់ពីឆ្នាំ ២០១៤ មកដោយចិនបានផ្តល់កម្ចីឲ្យរដ្ឋអាមេរិកឡាទីនេះមិនតិចជាង ៦០ពាន់លានដុល្លារឡើយ។ អ្វីដែលសំខាន់ភាគច្រើននៃបំណុលដែលជំពាក់ ត្រូវសងចិនវិញដោយប្រេង។
រឿងប្រកាសការពាររបបដឹកនាំវ៉េណេស៊ុយអេឡាកន្លងគឺ ចិនបារម្ភពីលទ្ធភាពនៃការសងលុយជំពាក់ខ្លួនត្រឡប់មកវិញប៉ុណ្ណោះ។ សម្រាប់ក្រុងប៉េកាំង ការផ្លាស់ប្តូរណាមួយនៃក្បាលម៉ាស៊ីនដឹកនាំ ឬមានសង្គ្រាមស៊ីវិលកើតឡើង លទ្ធភាពមិនសងបំណុលត្រឡប់មកវិញមានកាន់តែច្រើន។ ចិនមិនទុកចិត្តឡើយថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោក ហ័ន កៃដូ និងរដ្ឋាភិបាលថ្មីកើតឡើងក្រោយបោះឆ្នោត អាចនឹងទទួលស្គាល់បំណុលដែលវ៉េណេស៊ុយអេឡាខ្លួន ឬ គិតគូរដល់ការសងបំណុលខ្លួនវិញឡើយ។
ទីពីរ ចិនប្រហែលលួចសង្ឃឹមចង់ឲ្យមានការផ្លាស់ប្តូរផងដើម្បីស្តាសេដ្ឋកិច្ចនិងសង្គមវ៉េណេស៊ុយអេឡាឡើងវិញផងក៏មិនដឹង។ ការក្ស័យធនសេដ្ឋកិច្ចស្ទើរស្តាលែងរួច វិបត្តិសង្គមធ្ងន់ធ្ងរ អសមត្ថភាពដឹកនាំនយោបាយ សេដ្ឋកិច្ច រួមជាមួយអំពើពុករលួយស៊ីរូងផ្ទៃក្នុងនៃរបបដឹកនាំលោក ម៉ាឌុយរ៉ូ មិនមែនជារឿងដែលចិនចង់ឃើញឡើយក្នុងនាមជាម្ចាស់បំណុល, ម្ចាស់ទុនវិនិយោគ និងជាអតិថិជនប្រេងធំមួយឡើយ។
មកដល់បច្ចុប្បន្ន ឧស្សាហកម្មខួងបូមប្រេងរបស់រដ្ឋវ៉េណេស៊ុយអេឡាស្ទើរតែដាច់ខ្យល់ទៅហើយ ដ្បិតគ្មានការវិនិយោគ កង្វះការគ្រប់គ្រងពីរដ្ឋ និងបញ្ហាពុករលួយ។ ធ្លាប់បូមប្រេងបានមួយថ្ងៃលើស ២លានបារ៉ែលមុនឆ្នាំ ២០១៧ ធ្លាក់ចុះមកត្រឹមជាង ១,៤ លានបារ៉ែលប៉ុណ្ណោះត្រឹមខែឧសភាឆ្នាំ ២០១៨ បើតាមទិន្ន័យអង្គការ OPEC។ បើសិនវិបត្តិនេះបន្តអូសបន្លាយ រាល់ហានិភ័យសម្រាប់ការវិនិយោគរបស់ចិនមានកាន់តែធំ ហើយវាក៏ប៉ះពាល់ខ្លាំងដល់សមត្ថភាពផ្គត់ផ្គង់ប្រេងសម្រាប់តម្រូវការរបស់ខ្លួនផងដែរ។
ទីបី គោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃដែលចិនតែងអនុវត្ត ដែលវាមានន័យថា ចិនធ្វើការតែជាមួយអ្នកឈ្នះប៉ុណ្ណោះ។ ជារឿងធម្មតា ជំហររបស់រដ្ឋាភិបាលចិនអាចនឹងប្រែប្រួលអាស្រ័យលើស្ថានភាពជាក់ស្តែង ហើយបើមានការផ្លាស់ប្តូរចិនត្រឹមនិយាយថា ខ្លួនគោរពឆន្ទៈប្រជាជនវ៉េណេស៊ុយអេឡានិងប្រកាសត្រៀមសហការជាមួយរដ្ឋាភិបាលថ្មី។ ការផ្លាស់ប្តូរជំហររបស់ចិនក្នុងវិបត្តិនៅស៊ីមបាវ៉េចុងឆ្នាំ ២០១៧ ពេលដែលក្រុមយោធាទម្លាក់លោក មូហ្កាបេ ពីតំណែងប្រហែលអាចជាឧទាហរណ៍សម្រាប់វ៉េណេស៊ុយអេឡា និងរបបដឹកនាំផ្សេងទៀតដែលជឿជាក់លើចិននោះ។ ចិនក៏ដូចជាមហាអំណាចផ្សេងទៀត ធ្វើការតែជាមួយអ្នកដែលកាន់អំណាច និងអាចរក្សាប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ។
ទីបួន ចិនមិនអាចយកករណីវ៉េណេស៊ុយអេឡាដើម្បីបង្កើនការប្រឈមមុខដាក់គ្នានិងធ្វើឲ្យទំនាក់ទំនងជាមួយអាមេរិកកាន់តែល្អក់កករឡើយ។ ដូចដឹងស្រាប់ហើយ បច្ចុប្បន្នមហាអំណាចសេដ្ឋកិច្ចទីពីរនេះកំពុងបន្តចរចាជាមួយអាមេរិកដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលធ្វើឲ្យចិនប្រឈមបញ្ហាខ្លាំងក្នុងពេលបច្ចុប្បន្ន។ រាល់ការលូកដៃជ្រៅក្នុងបញ្ហាវ៉េណេស៊ុយអេឡា វាហាក់ដូចជាចិនកំពុងនាំទុក្ខដាក់ខ្លួនបន្ថែមទៀតដែរ។ ចង់មិនចង់ចិននៅរក្សាភាពស្ងៀមស្ងាត់ និងព្យាយាមដើរដោយប្រុងប្រយ័ត្ន ដោយរង់ចាំមើលការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីនៅវ៉េណេស៊ុយអេឡា។
២. លោក វ្ល៉ាឌីមៀ ពូទីន ចិត្តសឿងការពាររបបដឹកនាំម៉ាឌុយរ៉ូ តតាំងនឹងអាមេរិក?
ប្រៀបធៀបជាមួយក្រុងប៉េកាំង ក្រុងមូស្គូប្រហែលជាមានភាពជិតស្និទ្ធខ្លាំងជាងជាមួយរបបដឹកនាំលោក ម៉ាឌុយរ៉ូ ជាពិសេសផ្នែកយោធា និងនយោបាយ។ កន្លងមានការវាយតម្លៃផងថា រុស្ស៊ីទំនងជាចង់បើកមូលដ្ឋានទ័ពនៅវ៉េណេស៊ុយអេឡាទៀតដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅអឌ្ឍគោលលិចដែលជាដែនឥទ្ធិពលផ្តាច់មុខរបស់អាមេរិកផង។
ប៉ុន្តែបើនិយាយដល់ការអន្តរាគមន៍ចូលការពាររបបដឹកនាំលោក ម៉ាឌុយរ៉ូ ដើម្បីទប់ទល់នឹងលោកខាងលិចក្នុងករណីអាមេរិកប្រើប្រាស់កម្លាំងទ័ពឬ មានសង្គ្រាមស៊ីវិលដូចដែលរុស្ស៊ីធ្វើនៅក្នុងសង្គ្រាមស៊ីរីនោះ វានៅនៅតែជារឿងស្រពេចស្រពិល។ ត្រង់នេះគេអាចចោទជាសំណួរថា តើលោក ពូទីន ចិត្តសឿងកម្រិតណា?
វាជារឿងមិនអាចប្រកែកបានឡើយដែល វ៉េណេស៊ុយអេឡាជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ីប្រចាំអាមេរិកខាងត្បូងបន្ថែមលើបូលីវី នីហ្គារ៉ាកា និងគុយបា។ វ៉េណេស៊ុយអេឡាជាទីតាំងយុទ្ធសាស្ត្រសម្រាប់រុស្ស៊ីក្នុងការពង្រឹងឥទ្ធិពលខ្លួន បន្ថយឥទ្ធិពលអាមេរិក ហើយវ៉េណេស៊ុយអេឡាក៏ជាកូនបំណុលដ៏សំខាន់របស់ខ្លួនដែរ។ ប៉ុន្តែរុស្ស៊ីចាំបាច់ត្រូវថ្លឹងថ្លែងមើលថា ការប្រថុយការពាររបបលោក ម៉ាឌុយរ៉ូ លើសពីផ្លូវការទូតនោះចំណេញខ្លាំងឬអត់។
ខ្ញុំសូមលើកយកហេតុផលសំខាន់បីយ៉ាងដែលធ្វើឲ្យរុស្ស៊ីគិតថា វ៉េណេស៊ុយអេឡាមិនអាចជាស៊ីរីទីពីរឡើយ។ ទីមួយគឺ រុស្ស៊ីកំពុងប្រឡូកក្នុងសមរភូមិច្រើនមុខ និងសេដ្ឋកិច្ចមហាអំណាចនេះរងផលប៉ះពាល់ខ្លាំងរួចហើយដោយសារទណ្ឌកម្មច្រើនជំហានរបស់សហគមន៍អន្តរជាតិ។
មកដល់បច្ចុប្បន្ន រុស្ស៊ីកំពុងបន្តជំពាក់វាក់វិននឹងវិបត្តិភាគខាងកើតប្រទេសអ៊ុយក្រែនក្រោយក្រសោបយកទឹកដីគ្រីមៀ និងបន្តលូកដៃជ្រៅក្នុងសង្គ្រាមស៊ីវិលស៊ីរីផង។ អឺរ៉ុប និងអាមេរិកនាំគ្នាដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីជាបន្តបន្ទាប់ ហើយវាក៏មានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចមហាអំណាចនេះដែរ។ ដូច្នេះហើយ រាល់ការចូលប្រឡូកក្នុងវិបត្តិវ៉េណេស៊ុយអេឡាលើសពីផ្លូវការទូត រុស្ស៊ីនឹងត្រូវប្រឈមលទ្ធផលអាក្រក់ផ្សេងទៀតកាន់តែច្រើនដែរ។
ចំណុចទីពីរគឺពាក់ព័ន្ធនឹងទីតាំងភូមិសាស្ត្រ។ ក្រៅពីមានទីតាំងនៅឆ្ងាយជាងមួយម៉ឺនគីឡូម៉ែត្រឆ្លងមហាសមុទ្រអាត្លង់ទិក វ៉េណេស៊ុយអេឡាខុសពីស៊ីរីដែលមានសម្ព័ន្ធមិត្តក្នុងតំបន់ដូចអ៊ីរ៉ង់នៅក្បែរខាង។ ផ្ទុយទៅវិញ វ៉េណេស៊ុយអេឡាព័ទ្ធជុំវិញដោយសម្ព័ន្ធមិត្តអាមេរិកប្រទេសកូឡុំប៊ី, ប្រេស៊ីល ហើយក៏ជា សមាជិកអង្គការរដ្ឋអាមេរិក (OAS) ដែលដឹកនាំដោយអាមេរិកទៀត។ ប្រទេសទាំងនោះភាគច្រើនក៏មិនគាំទ្រម៉ាឌុយរ៉ូ ទៀត។ ដូច្នេះ ការអន្តរាគមន៍ដោយប្រើកងទ័ពដើម្បីការពាររបបលោក ម៉ាឌុយរ៉ូ នឹងប្រឈមការប្រឆាំងខ្លាំងពីប្រទេសក្នុងតំបន់ រហូតអាចបណ្តាលឲ្យខាតបង់ផលប្រយោជន៍រុស្ស៊ីច្រើនក្នុងតំបន់ និងបាត់បង់មិត្តភក្តិរុស្ស៊ីក្នុងតំបន់ទៀត។
ចុងក្រោយ រុស្ស៊ីមិនទាន់ត្រៀមខ្លួនធ្វើសង្គ្រាមឬប្រឈមមុខផ្នែកយោធាជាមួយអាមេរិកឡើយ។ ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិកធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់ពីសង្គ្រាមត្រជាក់ចប់ទៅ។ ប្រាកដណាស់ថា អាមេរិកនឹងមិនលើកលែងដល់អ្នកណាដែលព្យាយាមលូកលាន់ដោយចំហនៅតំបន់នៅក្បែររបងផ្ទះខ្លួនបែបនេះឡើយ។ កន្លងមក ទ្រឹស្តី«ម៉ុនរ៉ូ» (Monroe Doctrine) ត្រូវបានលើកឡើងជាញឹកញាប់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់អាមេរិកទាំងរដ្ឋមន្ត្រីការបរទេស និងការពារជាតិផង ដើម្បីព្រមានពីការជ្រៀតជ្រែក និងកើនឡើងឥទ្ធិពលរបស់ចិន និងរុស្ស៊ីនៅអឌ្ឍគោលខាងលិច។ ទ្រឹស្តីម៉ុនរ៉ូ ត្រូវបានដាក់ចេញឆ្នាំ ១៨២៣ ដោយប្រធានាធិបតី ជេម ម៉ុនរ៉ូ ដោយទ្រឹស្តីនេះព្រមានថា អាមេរិកមិនលើកលែងដាច់ខាតចំពោះបណ្តារដ្ឋអឺរ៉ុបណាដែលហ៊ានដណ្តើមប្រយោជន៍អាមេរិកតាមរយៈការពង្រីកដែនអាណានិគមនៅទ្វីបអាមេរិកនោះ។
សរុបមកវិញ រាល់ការប្រើកម្លាំងបាយមិនមែនជាដំណោះស្រាយសម្រាប់វិបត្តិវ៉េណេស៊ុយអេឡាឡើយក្នុងពេលបច្ចុប្បន្នឡើយ។ ដំណោះស្រាយតាមផ្លូវការទូត និងនយោបាយនៅតែជាជម្រើសរើសសមស្របសម្រាប់វិបត្តិនយោបាយបច្ចុប្បន្នត្រួសត្រាយឲ្យមានការផ្សះផ្សាជាតិ មុននឹងមានដំណោះស្រាយសម្រាប់ស្តាសេដ្ឋកិច្ច និងវិបត្តិសង្គម។
សប្តាហ៍នេះ លោក ម៉ាឌុយរ៉ូ បានប្រកាសបើកចំហទ្វារសម្រាប់ការចរចាជាមួយក្រុមប្រឆាំង និងលើកឡើងពីលទ្ធភាពអនុញ្ញាតឲ្យឲ្យមានការបោះឆ្នោតសភាមុនអាណត្តិផង។ ប៉ុន្តែសម្បទានទាំងនេះមិនទាន់ល្មមគ្រប់គ្រាន់ដើម្បីឲ្យក្រុមប្រឆាំងទទួលយកឡើយ។ ដូច្នេះហើយ មហាអំណាចទាំងអាមេរិក ទាំងរុស្ស៊ី កាណាដា និងចិនក្តី បូករួមទាំងបណ្តារដ្ឋក្នុងតំបន់ផង គួរដាក់សម្ពាធឲ្យភាគីចូលតុចរចា សន្ទនាគ្នាដោយបើកចំហរ និងរកដំណោះស្រាយជាក់ស្តែងដែលអាចត្រួសត្រាយផ្លូវដល់ការបោះឆ្នោតប្រជាធិបតេយ្យមុនអាណត្តិផង។
រឿងអាទិភាពមួយទៀត គឺសហគមន៍អន្តរជាតិជាពិសេសមហាអំណាចធំៗដែលឈឺឆ្អាលនឹងវិបត្តិត្រូវចាប់ផ្តើមយកចិត្តទុកដាក់ផ្តល់ជំនួយមនុស្សធម៌ទៅទ្រទ្រង់ប្រជាជនវ៉េណេស៊ុយអេឡាដែលកំពុងរងគ្រោះរាប់លាននាក់៕