កីឡាជាតិ
ជាតិ
លោក ប្រាក់ សុវណ្ណារ៉ា ជា​អ្នកចាត់ការ​ក្រុម ដែល​ដឹកនាំ​បង្វឹក​កីឡាករ​ផ្ទាល់​
02, Feb 2019 , 8:30 am        
រូបភាព
លោក ប្រាក់ សុវណ្ណារ៉ា ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយតែងតាំងឲ្យធ្វើជាអ្នកចាត់ការក្រុមរបស់ប៉ូលិស
លោក ប្រាក់ សុវណ្ណារ៉ា ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយតែងតាំងឲ្យធ្វើជាអ្នកចាត់ការក្រុមរបស់ប៉ូលិស
ដោយ:
 លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​អ្នកចាត់ការ​ក្រុម​(Team Manager)​របស់​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(​ប៉ូលិស​)​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩​។ សម្រាប់​តួនាទី​នេះ លោក ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​ផ្នែក​បច្ចេកទេស ទាំង​ការរៀបចំ​ដាក់​ផែនការ និង​ដឹកនាំ​បង្វឹក​កីឡាករ​ដោយផ្ទាល់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អតីត​គ្រូបង្វឹក​ដឹកនាំ​ឲ្យ​បឹងកេត​លើក​ពាន​លី​ក​កំពូល​ឆ្នាំ​២០១៦​រូបនេះ​។​

 
​វា​អាចជា​លើកដំបូង​សម្រាប់​ក្លិប​បាល់ទាត់​នៅ​កម្ពុជា ដែលមាន​អ្នកចាត់ការ​ក្រុម ឬ​ហោ​ថា Team Manager ជា​អ្នកដឹកនាំ​ការ​បង្វឹក​កីឡាករ​ដោយផ្ទាល់​នៅលើ​ទីលាន​។ តែ​សម្រាប់​លោក ប្រាក់ សុវណ្ណារ៉ា បញ្ហា​នេះ​វា​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​ក្លិប​ធំៗ​នៅលើ​ពិភពលោក​។ ព្រោះ​ពាក្យ Team Manager ត្រូវបាន​ក្លិប​ធំៗ​នៅ​អង់គ្លេស និង​អឺរ៉ុប​មួយចំនួន​ប្រើ​ជំនួស​ពាក្យ​គ្រូបង្វឹក ឬ​ហៅថា Head Coach​។    
 
 
​លោក ប្រាក់ សុវណ្ណារ៉ា ដែល​ទើប​កាន់តំណែង​ជា​អ្នកចាត់ការ​ក្រុម បាន​ពន្យល់ថា​៖«​ក្លិប​ទាំងអស់​កន្លងមក​មាន​អ្នកចាត់ការ​ក្រុម​(Team Manager) និង​គ្រូបង្វឹក​(Head Coach)​។ ប៉ុន្តែ​តួនាទី​ក្នុង​ក្លិប​អគ្គស្នងការ​នគរបាល​ជាតិ គឺ​អត់​មាន Head Coach ទេ មានតែ​គ្រូបង្ហាត់ ឬ​ហៅថា Coach​។ ដូច្នេះ​ពាក្យ Head Coach គឺ​ប្រទេស​ធំៗ​នៅលើ​ពិភពលោក ដូចជា នៅ​អង់គ្លេស ពិសេស​នៅ​អឺរ៉ុប គេ​ឲ្យ​ឈ្មោះថា Team Manager»​។​
 
​នៅពេល​សួរ​ពី​តួនាទី​របស់​អ្នកចាត់ការ​ក្រុម​ក្នុង​ក្លិប អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ​បាន​បញ្ជាក់ថា​៖«​និយាយ​ជារួម​ខ្ញុំ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការហ្វឹកហាត់ ទាក់ទង​លទ្ធផល និង​ទាក់ទង​សព្វបែបយ៉ាង និយាយ​ឲ្យ​ចំ​ផ្នែក​បច្ចេកទេស​។ គ្រាន់តែ​យើង​ប្តូរ​ពី Head Coach មកជា Team Manager​។ ពាក្យ​ថា​អ្នកចាត់ការ​ក្រុម គឺ​រឿង​សំខាន់​ទទួលខុសត្រូវ​ទាំងស្រុង​លើ​ផ្នែក​បច្ចេកទេស មានន័យថា យើង​ជា​អ្នករៀបចំ​និង​ដាក់​ផែនការ និង​បង្ហាត់​»​។​
 
 
​អតីត​គ្រូបង្វឹក​ដឹកនាំ​ក្លិប​បឹងកេត​ឈ្នះ​ពាន​លី​ក​កំពូល​ឆ្នាំ​២០១៦​រូបនេះ​បានចាត់ទុក​ការផ្តល់​តួនាទី​ជា​អ្នក​ចាត់​ក្រុម​ពី​សំណាក់​ថ្នាក់​ក្លិប​ប៉ូលិស​នេះ​ថា វា​ជា​មោទកភាព និង​ជា​របត់​ថ្មី​មួយ​ក្នុងការ​ជំរុញ​ឲ្យ​ក្លិប​នេះ​ដើរ​តាម​ស្តង់ដារ​អន្តរជាតិ មុន​ឈានដល់​ការទទួលស្គាល់​ជា​ក្លិប​អាជីព​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​។ តួនាទី​នេះ ក៏​អាចជា​កត្តា​ជួយ​ជំរុញ​ឲ្យ​ឈានទៅរក​ការបញ្ចប់​ថ្នាក់​គ្រូបង្វឹក Pro-License សម្រាប់​គ្រូបង្វឹក​រូបនេះ​នាពេលខាងមុខ​ផងដែរ​។ 
 
​លោក សុវណ្ណារ៉ា រំពឹងថា ក្លិប​ទាំងអស់​នៅ​កម្ពុជា​នឹង​យល់ដឹង​ពី​សារសំខាន់​ពី​តួនាទី​និង​ភារកិច្ច​របស់​អ្នក​ចាត់​ក្រុម​ក្នុងការ​អភិវឌ្ឍ​បាល់ទាត់​ទាំង​នៅលើ​ទីលាន​និង​ក្រៅ​ទីលាន​។ បច្ចុប្បន្ន​ពិភពលោក​ឲ្យ​តម្លៃ​៦០​ភាគរយ លើ​ការបណ្តុះបណ្តាល​បច្ចេកទេស នៅក្រៅ​ទីលាន​។ ជាមួយគ្នានេះ លោក​សង្ឃឹម​ក្លិប​ទទួលបាន​លទ្ធផល​នៅ​រដូវ​កាល​នេះ​។ 
 
​គួរ​បញ្ជាក់ថា លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​អ្នក​ចាត់​ក្រុម​របស់​ក្លិប​បាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ខណៈ​លោក សារ៉េត ស៊ីដន ជា​ជំនួយការ Team Manager​។ ការតែងតាំង​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​។ ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏បាន​បង្ហាញ​ពី​សមាសភាព​កីឡាករ និង​សម្លៀកបំពាក់​សម្រាប់​រដូវ​កាល​ថ្មី​ផងដែរ​៕  
 

 
‬  

Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com