កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា Assist ជួយ PKNS ស្មើ ១-១ ជាមួយ Terengganu
02, Feb 2019 , 10:33 am        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា បានរួម​ចំណែក​ជួយ​ឲ្យ PKNS បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្លិប Terengganu របស់​ខ្សែបម្រើ ធា​រី ចន្ថា​ប៊ី​ន នា​ជំនួប​បើកឆាក​ពានរង្វាន់​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី Malaysia Super League កាលពី​យប់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ចំណែក​ក្រុម Pahang FA បាន​លត់​ម្ចាស់ផ្ទះ Kuala Lumpur ក្នុង​លទ្ធផល ៣-១​។​

 
​ទោះបី​មិនអាច​រក​គ្រាប់​បាល់​ដោយផ្ទាល់ តែ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម (Assist) តាមរយៈ​ការលើក​បាល់​ពី​ជ្រុង​ដើម្បី​ឲ្យ​កីឡាករ Nick Swirad តែ​ត​បញ្ចូល​ទី ដើម្បី​ជួយ​ឲ្យ PKNS នាំមុខ ១-០ នៅ​នាទី​ទី​៦៥​។ ការប្រកួត​ឈានដល់​នាទី​៨៨​កីឡាករ Abdul Malik Mat Arif បានសម្រេច​គ្រាប់​តាម​ស្មើ ១-១ សម្រាប់ Terengganu របស់​ខ្សែបម្រើ ធា​រី ចន្ថា​ប៊ី​ន​។ 
 
កីឡាករ Nick Swirad ដែលតែតបាល់បញ្ចូលទីឲ្យ PKNS ក្រោយការលើកពីជ្រុងរបស់ វឌ្ឍនាកា
​វឌ្ឍនាកា ត្រូវបាន​គ្រូបង្វឹក និង​មិត្ត​រួម​ក្រុម​ផ្តល់ឱកាស​ឲ្យ​ទាត់​បាល់​ជ្រុង​ជា​បន្តបន្ទាប់​។ លើសពីនេះ រួប​គេ​បានបង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់អារម្មណ៍ តាមរយៈ​ការ​បណ្តើរ​និង​បញ្ជូន​បាល់​យ៉ាង​ល្អ​ឲ្យ​មិត្ត​រួម​ក្រុម​។ សម្រាប់​ការបង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត​ផ្លូវការ​របស់​ក្លិប​លើកដំបូង​នេះ វឌ្ឍនាកា ត្រូវបាន​គ្រូបង្វឹក Rajagobal Krishnasamy ដាក់​ក្នុង​ជម្រើស​១១​នាក់​ដំបូង និង​លេង​រហូត​ចប់​ការប្រកួត​។​
 
 
​ខ្សែប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​ខាងលើ បានសម្រេច​គ្រាប់​បាល់​មួយ​គ្រាប់ ដើម្បី​រួមចំណែក​ជួយ​ឲ្យ​ក្រុម PKNS យកឈ្នះ​ក្រុម PKNP ក្នុង​លទ្ធផល ២-១ នា​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​មិន​បើក​រដូវ​កាល​ថ្មី កាលពីពេល​កន្លងទៅ​ថ្មីៗ​។ 
 
​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន KLFA Stadium នៅ​យប់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះដែរ ក្រុម​ភ្ញៀវ Pahang FA បាន​លត់​ម្ចាស់ផ្ទះ Kuala Lumpur ក្នុង​លទ្ធផល ៣-១៕   
 
 



 

Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  Malaysia Super League
© រក្សាសិទ្ធិដោយ thmeythmey.com