ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងការពារជាតិ ចាត់ទុក​របាយការណ៍​អាមេរិក ជាការ​ញុះញង់​បែប​វិទ្ធង្សនា​
02, Feb 2019 , 10:58 am        
រូបភាព
​ភ្នំពេញ​៖ អាមេរិក កំពុងមាន​ចេតនា​អាក្រក់ ដែល​ចង់​បំផ្លិចបំផ្លាញ​ភាព​ឯករាជ្យ​របស់​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់​ក្រសួងការពារជាតិ ដោយបាន​ច្រានចោល​របាយការណ៍​អាមេរិក ដែល​និយាយថា រដ្ឋាភិបាល​កម្ពុជា​នឹង​កែ​រដ្ឋធម្មនុញ្ញ បើកផ្លូវ​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស​នៅក្នុង​ប្រទេស​។​


​ក្រសួងការពារជាតិ ចាត់ទុក​របាយការណ៍​មន្ទី​ចារកម្ម​ជាតិ​អាមេរិក ដែល​បាន​ផ្សព្វផ្សាយ​នេះ ជាការ​ញុះញង់​គ្មាន​មូលដ្ឋាន​បែប​វិទ្ធង្សនា ដើម្បី​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ​ដល់​សាធារណមតិ​ជាតិ និង​អន្តរជាតិ មកលើ​ឯកភាព​របស់​ប្រទេស​កម្ពុជា​។​
 
​សេចក្តីថ្លែងការណ៍​ក្រសួងការពារជាតិ ចុះ​ថ្ងៃទី​១ កុម្ភៈ បាន​សរសេរ​ដូច្នេះ​ថា​៖« របាយការណ៍ ស្ដីពី ការវាយតម្លៃ​លើ​ការគំរាមកំហែង​ទូទាំង​ពិភពលោក​របស់​សហរ​ដ្ឋ​អាមេរិក បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​នូវ ចេតនា​អាក្រក់​មួយ ក្នុងការ​ជ្រៀតជ្រែក​ដ៏​ធ្ងន់ធ្ងរ​ចំពោះ កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ និង​ជាការ​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​លាប​ពណ៌​មកលើ ភាព​ឯករាជ្យ អ​ព្យា​ក្រឹត្យ​អចិន្ត្រៃយ៍ របស់​ព្រះរាជាណាចក្រ​កម្ពុជា ទោះបី​ជាមាន ការបំភ្លឺ​ផ្លូវច្បាប់ និង​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់លាស់ ម្តង​ហើយ​ម្តងទៀត​ពី​សំណាក់ រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​វត្តមាន​កងទ័ព​បរទេស​ក៏ដោយ​»​។​
 
​អម​ជាមួយ​ការបដិសេធ​នេះ ក្រសួងការពារជាតិ ក៏បាន​រំឭក​ប្រាប់​ទៅ​អាមេរិក​វិញ​ថា កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​តាំង​ឆ្នាំ​១៩៧០ ហើយក៏​ធ្លាប់​រងគ្រោះ​ដោយសារ​តែមាន​វត្តមាន​កងទ័ព​បរទេស​នៅក្នុង​ទឹកដី ដូច្នេះ​កម្ពុជា​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​វិល​មកជា​ថ្មី ព្រោះតែ​ការកែ​រដ្ឋធម្មនុញ្ញ ដើម្បី​ទទួល​វត្តមាន​កងទ័ព​បរទេស​នោះដែរ​។​
 
​ជុំវិញ​បញ្ហា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​អះអាង​កាលពីពេល​ថ្មីៗ​នេះ​ថា ទោះបី​កម្ពុជា​ពេលនេះ មានលទ្ធភាព​កែប្រែ​រដ្ឋធម្មនុញ្ញ​ក៏ដោយ ក៏​សម្ដេច​មិន​កែប្រែ​ច្បាប់កំពូល​របស់​ជាតិ ដើម្បី​អនុញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស ឬ​បញ្ជូន​យោធា​កម្ពុជា​ទៅ​ក្រៅប្រទេស ក្រៅពី​បេសកកម្ម​ជាមួយ​អង្គការសហប្រជាជាតិ​នោះឡើយ​។​

អត្ថបទទាក់ទង
 
​អាមេរិក បានចេញ​របាយការណ៍​វាយតម្លៃថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹងធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​អាច​បើកផ្លូវ​ឲ្យ​មាន​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​។​របាយការណ៍​វាយតម្លៃ​ការគំរាមកំហែង​ពិភពលោក​របស់​អាមេរិក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៩ មករា ជា​ភាសា​អង់គ្លេស ហើយ​មានន័យ​ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖«​ការឈាន​ឆ្ពោះទៅរក​ភាព​ផ្ដាច់ការ​របស់​កម្ពុជា ដែល​ស្ដែងឡើង​តាមរយៈ​ការរក្សា​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​គ្របដណ្ដប់​យ៉ាង​ពេញលេញ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាតិ បើកផ្លូវ​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​អាច​ឲ្យ​វត្តមាន​កងទ័ព​ចិន​នៅក្នុង​ប្រទេស​»​។​
 
​ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រានចោល​ព័ត៌មាន​ជុំវិញ​របាយការណ៍​រប​ស់​អាមេរិក​នេះ​។ លោក សួស យ៉ា​រ៉ា ចាត់ទុកថា ការវាយតម្លៃ​របស់​អា​មេ​រិ​ក​នេះ ជា​ទស្សន​ស្រពិចស្រពិល ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ប៉ុណ្ណោះ ខណៈដែល​រដ្ឋាភិបាល​បាន​ប្ដេជ្ញាចិត្ត មិន​ឲ្យ​មាន​ករណីបែបនេះ​កើតឡើង​ឡើយ​។​
 
​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ នៅត្រង់​ជំពូក​ទី​៤ និយាយ​អំពី​របប​នយោបាយ មាត្រា​៥៣ ត្រង់ចំណុច​ទី​៤ បាន​ចែងថា​«…​ព្រះរាជាណាចក្រ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​ខ្លួន ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​ខ្លួន​នៅលើ​ទឹកដី​បរទេស​ដែរ លើកលែងតែ​ក្របខណ្ឌ​សំ​ណូ​ពរ​របស់​អង្គការសហប្រជាជាតិ​»៕

Tag:
 អាមេរិក​
  ការពារជាតិ​
  កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com