កីឡាជាតិ
ជាតិ
លោក ភា សុភ័ក្ត្រា៖ ការប៉ះ Muangthong ជាឱកាសល្អសម្រាប់កីឡាករដើម្បីទាក់ចិត្តក្លិបបរទេស លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុម Cambodia All Stars ចូលរួមសន្និសីទសារព័ត៌មាននៅសណ្ឋាគារសូហ្វីតែល, រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× លោក ភា សុភ័ក្ត្រា នឹងដឹកនាំក្រុម Cambodia All Stars ប្រកួតតទល់ជាមួយក្រុម SCG Muangthong United នាជំនួបមិត្តភាពលើកទី៣នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ។ ទោះបីជាជំនួបមិត្តភាព តែនេះជាឱកាសល្អសម្រាប់កីឡាករកម្ពុជាក្នុងការបង្ហាញសមត្ថភាព ដើម្បីទាក់ចិត្តក្លិបនៅបរទេស។ ថវិកាបានពីការរៀបចំព្រឹត្តិការណ៍នេះ នឹងយកទៅធ្វើជាមូលនិធិសប្បុរសធម៌ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា។
លោក ភា សុភ័ក្ត្រា ដែលជាគ្រូបង្វឹកបានចាត់ទុកការប្រកួតរវាងក្រុម Cambodia All Stars ជាមួយក្រុម SCG Muangthong United លើសពីការប្រកួតមិត្តភាព។ សម្រាប់គ្រូបង្វឹករូបនេះ វាជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជាក្នុងការបង្ហាញសមត្ថភាព ដើម្បីទាក់ចិត្តក្លិបបរទេសនានា ពិសេសថៃ ក្នុងការចេញទៅប្រកបអាជីពនៅក្រៅប្រទេស។ ព្រោះ Muangthong ជាក្លិបមានសមត្ថភាពខ្លាំងនៅប្រទេសថៃ និងក្នុងតំបន់អាស៊ាន ហើយក្នុងការប្រកួតនេះ មានភ្ញាក់ងារនាំកីឡាករនៅថៃជាច្រើនចូលរួម។
ជាមួយការបង្ហាញអារម្មណ៍រំភើបចំពោះឱកាសធ្វើជាគ្រូបង្វឹកដឹកនាំក្រុម Cambodia All Stars លោក ភា សុភ័ក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំគិតថា នេះជាការបង្ហាញសមត្ថភាពពិតប្រាកដសម្រាប់កីឡាករកម្ពុជា ដោយសារ Muangthong ជាក្រុមខ្លាំងមួយមិនត្រឹមតែអាស៊ាន គឺអាស៊ីតែម្តង។ ដូច្នេះពួកគាត់(ភ្នាក់ងារកីឡាករ)នឹងឃើញច្បាស់ពីទម្រង់លេង និងសមត្ថភាពពិតប្រាកដរបស់កីឡាករកម្ពុជា។ ក្រែងលោថា ចប់ការប្រកួតទៅ មិនត្រឹមតែក្លិប Muangthong មានក្លិបបរទេសក្នុងតំបន់អាស៊ានជាច្រើនទៀតមកទាក់ទងនិងនាំយកពួកគាត់ទៅលេងឲ្យ ក៏ថាបាន»។
គ្រូបង្វឹកដឹកនាំក្លិបក្រសួងការពារជាតិលើកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ រូបនេះ បានបន្ថែមថា៖«ខ្ញុំគិតថា ក្នុងចំណោមអ្នកគាំទ្ររាប់ម៉ឺននាក់ពហុកីឡដ្ឋានជាតិ ក៏ប្រហែលជាមានក្រុមភ្នាក់ងារនាំកីឡាករផងដែរ ដើម្បីតាមមើលពីកម្រិតនៃការលេងរបស់ក្រុម Cambodia All Star។ ហេតុផលនេះហើយ មានភាគរយតិចណាស់ដែលខ្ញុំយកកីឡាករបរទេសមកចូលរួម។ ព្រោះក្តីបំណងចម្បងរបស់ខ្ញុំ គឺចង់ផ្តល់ឱកាសដល់កីឡាករកម្ពុជាបានបង្ហាញសមត្ថភាព»។
លោក ភា សុភ័ក្ត្រា បានបង្ហើបថា លោកក៏ជាអ្នកគាំទ្រក្លិប SCG Muangthong United មួយរូបដែរ។ លើសពីនេះ លោកធ្លាប់ពាក់អាវក្លិបនេះ មកមើលការប្រកួតរវាងក្លិបជើងខ្លាំងមួយនេះជាមួយក្រុម Cambodia All Stars ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា កាលពីលើកមុនផងដែរ។ ដូច្នេះការក្លាយជាគ្រូបង្វឹកក្រុម Cambodia All Stars នៅពេលនេះត្រូវបានលោកចាត់ទុកជាការសម្រេចក្តីស្រមៃ ដែលបានប៉ងកន្លងមក។
ឆ្លើយសំណួរអ្នកសារព័ត៌មាន ដែលសួរថា ហេតុអ្វីលោកពាក់អាវក្លិប Muangthong មកទស្សនាការប្រកួតមិត្តភាពកន្លងមក? គ្រូបង្វឹករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំពាក់អាវក្លិប Muangthong ដោយសារខ្ញុំតាមដាននិងគាំទ្រក្លិបនេះ និយាយជារួមប្រៀបបានជា Fan មួយរួប។ ខ្ញុំបានទស្សនាការប្រកួតកាលណោះ គឺដឹកនាំដោយលោកគ្រូ ប្រាក់ សុវណ្ណារ៉ា ហើយតែងតែនឹកស្រមៃថា ក្រែងថ្ងៃណាមួយបានមកដឹកនាំការប្រកួត ដែលមានអ្នកទស្សនារាប់ម៉ឺននាក់នេះ»។
ទាំងភាគីថៃ និងកម្ពុជាសុទ្ធតែអះអាងថា ការប្រកួតមិត្តភាពលើកទី៣នេះ ជាការប្រកួតមួយដ៏សំខាន់ដើម្បីដកស្រង់បទពិសោធពីគ្នាទៅវិញទៅមកសម្រាប់ត្រៀមមុនបើករដូវកាល។ ហើយរំពឹងថា ការប្រកួតនៅថ្ងៃទី៩ ខែកុម្ភៈ ខាងមុខ នឹងទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់មកទស្សនា។ ថវិកាដែលបានពីការលក់សំបុត្រនិងអាវ នឹងយកទៅធ្វើមូលនិធិសប្បុរសធម៌ និងប្រគល់ជូនសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៅអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា៕
Tag:
បាល់ទាត់
Muangthong United
Cambodia All Stars
© រក្សាសិទ្ធិដោយ thmeythmey.com