ជាតិ
សង្គមជាតិ
ការស្រាវជ្រាវ​រកឃើញ​ថា​នៅ​ក្រុង​អង្គរធំ​មាន​សំណង់​ព្រះវិហារ​ពុទ្ធសាសនា​សរុប ៧០​ទីតាំង
02, Mar 2019 , 8:30 am        
រូបភាព
អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ តូ​រូ​ន​តូ នៃ​ប្រទេស​កាណាដា បាននិងកំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ខឿន​គ្រឹះ​ព្រះវិហារ​ពុទ្ធសាសនា​នៅ​តំបន់​អង្គរធំ​។ តាមពិតទៅ​ការរកឃើញ​ខឿន​ព្រះវិហារ​នេះ គឺមាន​ជាង ១០០​ឆ្នាំ​មកហើយ ដែល​ធ្វើឡើង​ដោយ​ជនជាតិ​អាមេរិក បារាំង និង​ខ្មែរ ដែល​រកឃើញ​ខឿន​ព្រះវិហារ​សរុប ៧០​កន្លែង នៅ​បរិវេណ​ក្រុង​អង្គរធំ តែ​ពុំទាន់​មាន​អ្នកស្រាវជ្រាវ​ណា​ធ្វើ​កំណាយ និង​សិក្សា​ស៊ីជម្រៅ​ឡើយ ទើបតែ​ពេលនេះ ដែលមាន​ការស្រាវជ្រាវ​ជា​ជំហាន​ដំបូង ដែល​ធ្វើការ​សម្អាត​ខឿន​ព្រះវិហារ​ចំនួន ៨​កន្លែង​ផ្សេងគ្នា និង​ធ្វើ​កំណាយ​ចំនួន ៣​ទីតាំង​។ កំណាយ​នៅ​ទីតាំង​ព្រះវិហារ​ចំនួន ៣​ទីតាំង អ្នកស្រាវជ្រាវ​បាន​ប្រទះ​នូវ​បំណែក​វត្ថុ​បុរាណ​មួយចំនួន និង​បាន​យក​វត្ថុ​ទាំងនោះ​ទៅ​រក្សាទុក​ទី​សុវត្ថិភាព ដើម្បី​សិក្សា​ស្រាវជ្រាវ​ជា​បន្តទៀត​។

 
​អ្នកស្រាវជ្រាវ​កំពុង​ធ្វើ​កំណាយ​នៅ​ទី​តាំងទី​៣ ដែល​ស្ថិតនៅ​ខ្លោងទ្វារ​ខ្មោច ក្នុង​គម្រោង​ស្រាវជ្រាវ​មួយ​ឈ្មោះថា «​គម្រោង​ព្រះវិហារ​អង្គរ​»  (Angkor Vihara Project ) អ្នកស្រាវជ្រាវ​បាន​រកឃើញ​នូវ​បំណែក​នៃ​វត្ថុ​មួយចំនួន កុលាលភាជន៍ ក្បឿង ឆ្អឹង ធ្យូង ថ្ម បំណែក​ព្រះ​ហ​ស្ថ​របស់​ព្រះពុទ្ធ​។​ល​។ អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ គឺ​អ្នកស្រាវជ្រាវ​បាន​សន្មត​ថា ទំហំ និង​រចនាសម្ព័ន្ធ​រប​ស់​ព្រះវិហារ​ទាំងអស់​ដែល​ឆ្លងកាត់​ការស្រាវជ្រាវ​នាពេល​កន្លងមក មាន​ភាពខុសគ្នា​។ 
 
 
​បេក្ខភាព​បណ្ឌិត Andrew Harris អ្នកគ្រប់គ្រង​គម្រោង Angkor Vihara Project ដែលជា​បុរាណ​វិទូ​នៃ​សាកលវិទ្យាល័យ​ជាតិ​តូ​រូ​ន​តូ​បាន​ពន្យល់ថា ការរកឃើញ​ពី​រចនាសម្ព័ន្ធ​របស់​សំណង់​ព្រះវិហារ​ពុទ្ធសាសនា​ជា​ចំណុច​សំខាន់​ដែល​បញ្ជាក់ថា ការកសាង​ទាំងនោះ​ធ្វើឡើង​ទៅតាម​តម្រូវការ​របស់​សហគម​ន៍​នៅ​ទីនោះ តួយ៉ាង​ដូចជា​ថា​តើ សហគមន៍​ចង់​សង់​ចេតិយ​ក្នុង​ព្រះវិហារ​ទាំងនោះ​ដែរឬទេ ជាដើម​។ លោក​ពន្យល់ថា សំណង់​ព្រះវិហារ​ទាំងនោះ សង់​ពីស​.​វ​ទី​១៣​ដល់ទី​១៧ នៃ​គ្រឹ​ស្ត​សករាជ​។ 
 
 
​តាម​ការបញ្ជាក់​របស់​ប្រធាន​គម្រោង ការស្រាវជ្រាវ​ដំបូង​នៃ​គម្រោង​ស្រាវជ្រាវ​ខឿន​ព្រះវិហារ​ពុទ្ធសាសនា​នៅ​ក្រុង​អង្គរធំ គឺ​បាន​សម្អាត​ទីតាំង​ខឿន​ព្រះវិហារ​ចំនួន ៨​ទីតាំង​ផ្សេងៗ​គ្នា និង​ធ្វើ​កំណាយ​៣​ទីតាំង​។ ទីតាំង​ទី​១ ស្ថិតនៅ​ខាងជើង​ក្លោងទ្វារ​ទន្លេ​អុំ និង​ទី​តាំងទី​២ ស្ថិតនៅ​ខាងលិច​ក្លោងទ្វារ​តា​កាវ និង​កំណាយ​ទី​៣ ស្ថិតនៅ​ខាងលិច​ក្លោងទ្វារ​ខ្មោច ដែល​ទីតាំង​នេះ​បាន​រកឃើញ​បំណែក​កុលាលភាជន៍ បំណែក​ធ្បូ​ង ពិសេស​អ្នកស្រាវជ្រាវ​បានធ្វើ​កំណាយ​លើ​គ្រឹះ​នៃ​សន្លឹក​សិ​មា ដើម្បី​ដឹង​ពី​អាយុកាល​។ ក្នុង​ទីតាំង​ទី​៣​នេះដែរ អ្នកស្រាវជ្រាវ​បាន​រកឃើញ​ចេតិយ​ចំនួន ៧​កន្លែង និង​កំពុង​ធ្វើ​កំណាយ​ផងដែរ​។​
 
 
​គួរ​បញ្ជាក់ថា គម្រោង​ស្រាវជ្រាវ​ខាងលើនេះ មាន​រយៈពេល​ជិត​១​ខែ ចាប់ផ្តើម​ពីថ្ងៃ​ទី​១១ ខែមករា ដល់ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។ តាម​ការសង្កេត​របស់​អ្នកស្រាវជ្រាវ​សំណង់​ព្រះវិហារ​ពុទ្ធសាសនា​ថេរវាទ ភាគច្រើន​មាន​សង់​នៅតាម​ក្លោងទ្វារ​នៃ​ក្រុង​អង្គរធំ ដូចជា​ព្រះវិហារ ៧​ល្វែង ព្រះវិហារ​តាំងតុ ព្រះវិហារ​ព្រះអង្គ​ងោក និង​ព្រះវិហារ​ព្រះអង្គ​គោកធ្លក​ជាដើម​។​ល​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com