ONE Championship
កីឡាជាតិ
ជាតិ
វី ស្រី​ខួច ជឿថា នៅ ស្រី​ពៅ អាច​ឈ្នះ​ការប្រកួត​សង្វៀន ONE Championship
03, Feb 2019 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ Matias Andres
 
​កីឡាការិនី នៅ ស្រី​ពៅ នឹង​អាច​យកឈ្នះ​កីឡាការិនី​ថៃ Rika Ishige នា​ការប្រកួត​គុន​ចម្រុះ ONE Championship ក្នុង​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នា​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។ នេះ​ជាការ​បង្ហាញ​ក្តី​រំពឹង​របស់​កីឡាការិនី វី ស្រី​ខួច ដែល​សរសើរ ស្រី​ពៅ ជា​កីឡាការិនី​ឆាប់​ចាប់បាន​លើ​កីឡា​គុន​ចម្រុះ​។  

​កីឡាករ​តំណាង​ក្លិប Cambodian Top Team នៅ ស្រី​ពៅ និង ឡៅ ចិ​ត្រា និង​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​សង្វៀន​ដ៏​ធំ​លំដាប់​ពិភពលោក ONE Championship នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នា​ថ្ងៃទី​១៦ កុម្ភៈ ខាងមុខ​។ ស្ថិតក្នុង​វ័យ​២៤​ឆ្នាំ កីឡាការិនី នៅ ស្រី​ពៅ ម្ចាស់​ជើងឯក​ខ្សែក្រវាត់ Kun Khmer World Champion ត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​ថៃ Rika Ishige ក្នុងការ​ប្រកួត​គុន​ចម្រុះ​ប្រភេទ​ទម្ងន់​៥២​គីឡូក្រាម​។ ប្រសិនបើ ស្រី​ពៅ ពិត​ជាមាន​សមត្ថភាព​យកឈ្នះ​ជើង​ខ្លាំង​ថៃ​រូបនេះ​បាន នោះ​អាជីព​ជា​អ្នក​ប្រដាល់​របស់​នាង​នឹង​ខ្ពស់កប់ពពក​មិន​ខាន​។​
 
​បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​ជា​«​អ្នក​ប្រដាល់​ស្រី​ឆ្នើម​ប្រចាំឆ្នាំ​»​ពី​ការប្រកួត World Lethwei Championship ពន្លក​ថ្មី ស្រី​ពៅ កំពុង​ខិតខំ​ហ្វឹកហាត់​យ៉ាងខ្លាំង​ជាមួយ​កីឡាករ​ល្បីៗ​នៅ​កម្ពុជា​ជាច្រើនរូប ដើម្បី​ត្រៀម​កសាង​កំណត់ត្រា​ក្នុង​អាជីព​បន្ថែមទៀត​។ 
 
​កីឡាការិនី វី ស្រី​ខួច ដែលជា​មិត្ត​ជិតស្និទ្ធ​ជាច្រើន​ឆ្នាំ និង​ជា​រាមច្បង​ក្នុង​អាជីព​បាន​ជួយ​ជ្រោមជ្រែង​យ៉ាងខ្លាំង តាមរយៈ​ការចូលរួម​ហ្វឹកហាត់ និង​ចែករំលែក​បទពិសោធ​ដែល​នាង​ធ្លាប់​ឆ្លងកាត់​ដល់ ស្រី​ពៅ​។ លើសពីនេះ នាង បង្ហើប​ប្រាប់ថា ការហ្វឹកហាត់​ជាមួយគ្នា​នោះ​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ​។ 
 
​ជាមួយ​ការរំពឹង ស្រី​ពៅ នឹង​អាច​យកឈ្នះ​កីឡាការិនី​ថៃ​ខាងលើ កីឡាការិនី វី ស្រី​ខួច បាន​សរសើរ ស្រី​ពៅ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សរសើរ ស្រី​ពៅ ត្រង់​គាត់​ឆាប់​ចាប់បាន​ណាស់ ហើយ​គាត់​ខំ​ទាល់តែ​ចេះតែ​ម្តង​។ បើ​ឲ្យ​ប្រៀប​ជាមួយ​ខ្ញុំ​វិញ គាត់​រហ័ស​ជាង​ខ្ញុំ​ឆ្ងាយ មកពី​គាត់​មាឌតូច​ជាង តែបើ​និយាយ​ទៅ​គាត់​រហ័ស​អីចឹង​តែម្តង​»​។ 
 
​ស្រី​ខួច ដែល​អះអាង​រាប់អាន​គ្នា​ជាមួយ ស្រី​ពៅ ដូច​បងប្អូន​បង្កើតបាន​រៀបរាប់ថា ទំនាក់ទំនង​រវាង​ពួកគេ​ទាំងពីរ គឺ​ផ្តើមចេញពី​ការ​ប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​រួមគ្នា ដែល​ស្ទើរ​មិនមាន​ស្ត្រី​ចង់​ប្រឡូក​។ ប៉ុន្តែ ស្រី​ខួច អះអាងថា ស្រី​ពៅ មាន​លក្ខណៈ​ខុសប្លែក​ពី​នាង ត្រង់​គេ​ចេះ​លើក​ចិត្ត​ជាង​នាង​។ 
 
«​ពេលទំនេរ​ពី​ហាត់ យើង​ទៅ​ក្រៅ​ដើរលេង​ជាមួយគ្នា ពេលខ្លះ​អង្គុយ​បង្អាប់​គ្នា​ចុះឡើង​។ តែ​តាមពិតទៅ ស្រី​ពៅ ហើយនឹង​ខ្ញុំ​ខុសគ្នា​បន្តិច ត្រង់​គាត់​តែងតែ​លើកទឹកចិត្ត​ខ្ញុំ​រហូត ឯខ្ញុំ​វិញ​មិនសូវ​ចេះ​ទេ​! ខ្ញុំ​និយាយ​តាម​ត្រង់ ខ្ញុំ​អរគុណ​គាត់​ខ្លាំងណាស់ ពេល​ខ្ញុំ​ត្រូវការ​អ្វី​ក៏​គាត់​ជួយ​ខ្ញុំ​ដែរ​។ ពេលខ្លះ​យើង​អត់​មាន​លុយ​ចាយ​អី យើង​ដឹង​តែ​ចេញ​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​ចេះ​ជួយ​ឲ្យ​កម្លាំងចិត្ត​គ្នា​ជានិច្ច​។ ម្នាក់ៗ​ចង់ឃើញ​គ្នា​បាន​ជោគជ័យ​ដូចគ្នា​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី វី ស្រី​ខួច​។ 
 
​កាលពី​បី​ឆ្នាំមុន ស្រី​ខួច បានឈ្នះ​ការប្រកួត​គុន​ចម្រុះ​នៅក្នុង​ព្រឹត្តិការណ៍ ONE: KINGDOM OF WONDER ដែល​ធ្វើ​នៅ​កម្ពុជា​។ ចាប់តាំងពី​នោះមក ស្រី​ខួច មិនសូវ​បានបង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត​គុន​ចម្រុះ​នោះទេ ប៉ុន្តែ​នាង​នៅតែ​ខិតខំ​ហ្វឹកហាត់​ជាប់លាប់ ហើយ​ក៏បាន​ចូលរួម​ប្រកួត​ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់សកល​។​
 
​ដោយសារ នៅ ស្រី​ពៅ ត្រូវ​ឡើង​ប្រកួត​ឆាប់ៗ​នេះ ស្រី​ខួច ក៏​បានមក​ហាត់​ជាមួយគ្នា​នៅ​ក្លិប CTT​។ ដោយសារ ស្រី​ខួច ជា​រាមច្បង​នៅ ONE Championship និង​មាន​បទពិសោធ​ច្រើន​សម្រាប់​ចែករំលែក​ដល់​មិត្ត​ជិតស្និទ្ធ​របស់​នាង​។ នាង​បន្ថែមថា​៖«​ខ្ញុំ​ប្រាប់​គាត់​ថា កុំ​គិត​ច្រើន​ដូច​ខ្ញុំ​។ ខ្ញុំ​ធ្លាប់​វាយ​ក្នុង​ទ្រុង​នៅ ONE Championship បី​ដង​ដែរ អីចឹង​ខ្ញុំ​មាន​បទពិសោធ​ច្រើន​ដែរ​។ ពេល​ប្រកួត​ម្តងៗ ខ្ញុំ​ចេះតែ​បារម្ភ​ខ្លាច​គេ​ចូលចាប់ អីចឹង​ខ្ញុំ​វាយ​អត់​ចេញ​ទេ​»​។ 
 
​ក្រៅពី​ជួយ​ដាស់តឿន​ផ្នែក​ស្មារតី ស្រី​ខួច ក៏បាន​ជួយ​សិក្សា​ស្នៀត​របស់ Rika គូប្រកួត​របស់ ស្រី​ពៅ ផងដែរ​។ ប៉ុន្តែ​នាង​ជឿជាក់ថា ស្រី​ពៅ មានប្រៀប​ច្រើន​លើ​ស្នៀត​មួយចំនួន​។ «​ពីរ​នាក់​ខ្ញុំ​មើល​វីដេអូ​គូប្រកួត​របស់ ស្រី​ពៅ ឃើញថា ខាងគេ​ពូកែ​ចាប់​ក្រោម​ខ្លាំង អីចឹង​ខ្ញុំ​ប្រាប់ ស្រី​ពៅ ថា​ឲ្យ​ប្រើ​ចំនុចខ្លាំង​គាត់ ជាពិសេស​ខាង​ប្រើ​ដៃ​វាយ​។ ហើយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​គេ​ចូល​ចាប់បាន​»​។​
 
​ប្រសិនបើ ស្រី​ពៅ អាច​ការពារ​ខ្លួន​ពី​ការចូលចាប់​ក្រោម​បាន​មែន ស្រី​ខួច មាន​ជំនឿ​ចិត្ត​ថា​មិត្តភក្តិ​នាង​និង​យក​ជោគជ័យ​មក​ផ្ទះ​វិញ​ជាមិនខាន​។ «​បើ​និយាយ​ពី​ខាង​ដាល់ ខាង​ទាត់​ជើង ឬ​ប្រដាល់​តែម្តង ខ្ញុំ​គិតថា Rika មិនអាច​ប្រៀប​ជាមួយ ស្រី​ពៅ ទេ​!»៕
 
 

Tag:
 វី ស្រី​ខួច​
  នៅ ស្រី​ពៅ​
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com