ONE Championship
កីឡាជាតិ
ជាតិ
សុ​វណ្ណា​រី បង្កើត​សៀវភៅ​ជីវ​ច​ល​ក្បាច់គុន ដើម្បី​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​ថា ក្បាច់គុន​ជា​រឿង​ហិង្សា​
03, Feb 2019 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាការិនី ONE Championship ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី បាន​សហការ​ជាមួយ​អ្នកជំនាញ រៀបរៀង​សៀវភៅ​ជីវ​ច​ល​ក្បាច់គុន​មួយ ដើម្បី​រួមចំណែក​បញ្ឈប់​មតិ​រិះគន់​មួយចំនួន​ដែលថា ការហាត់​ក្បាច់គុន​ជា​រឿង​ហិង្សា​។ សៀវភៅ ដែល​ប្រើ​តួអង្គ​សត្វ​ជា​គំនូរជីវចល​នេះ​មាន​ចំណងជើង​ថា​«The Talent Quest» វា​ជា​មូលដ្ឋានគ្រឹះ​ជួយ​ជំរុញ​ទឹកចិត្ត​កុមារ និង​ឪពុកម្តាយ​ក្មេងៗ​ឲ្យ​ចូលចិត្ត​វិស័យ​ក្បាច់គុន​។ សុ​វណ្ណា​រី ប្តេជ្ញា​ថា នាង​នឹង​និពន្ធ​សៀវភៅ​ជា​បន្តបន្ទាប់ បើសិន​ស្នាដៃ​ទី​១​ទទួលបាន​ជោគជ័យ​។     

 
​ដើម្បី​រួមចំណែក​បញ្ឈប់​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ ដែល​យល់ថា ការហាត់​ក្បាច់គុន​ជា​រឿង​ហិង្សា កីឡាការិនី ឯម សុ​វណ្ណា​រី បាន​សហការ​ជាមួយ​លោក Yves Edwards អតីត​អ្នក​ប្រដាល់​នៅ UFC និង​អ្នកនិពន្ធ​ម្នាក់ គឺ​អ្នកស្រី Brooke James បង្កើត​សៀវភៅ​ជីវ​ច​ល​ក្បាច់គុន​មួយ​ដែលមាន​ចំណងជើង​ថា​«The Talent Quest»​។ សៀវភៅ​នេះ រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​អ្នក​ហាត់​ក្បាប់​គុន​តាំងពី​នៅ​ក្មេង​រហូតដល់​ធំ ដែល​អាច​និយាយបានថា ជា​មូលដ្ឋានគ្រឹះ​នៃ​ជីវិត​របស់​អ្នក​ហាត់គុន​។   
 

​ក្នុង​សៀវភៅ​នោះ មាន​តួអង្គ​ដូចជា ខ្លាឃ្មុំ​សម្បុរ​ត្នោត Teddy ខ្លា​ឈ្មោះ Saaja ឆ្កែ​ឈ្មោះ Dozer សត្វ​ស្វា​ហៅ Bella និង​ខ្លាឃ្មុំ​ចំបាប់​ឈ្មោះ Gregor​។ សុ​វណ្ណា​រី សង្ឃឹមថា សៀវភៅ​«The Talent Quest» នឹង​ជា​គ្រឹះ​មួយ​ជួយ​ជំរុញ​ស្មារតី​ក្មេង​តូចៗ ក៏ដូចជា​ឪពុកម្តាយ​ពួកគេ នឹង​យល់​ពី​អត្ថន័យ ហើយ​ចាប់ផ្តើម​សម្លឹង​រក​ហាត់​ក្បាច់គុន​។​
 
​កីឡាការិនី​ខ្មែរ​-​អាមេរិក​ខាងលើ​បាន​បញ្ជាក់ថា កត្តា​ដែល​ជំរុញ​ឲ្យ​មានការ​បង្កើត​សៀវភៅ​នេះ​ឡើង បន្ទាប់ពី នាង សង្កេតឃើញ​នៅមាន​មតិ​មួយចំនួន ពិសេស​ឪពុកម្តាយ​ក្មេង​បន្ត​មានការ​ភាន់ច្រឡំ​ដោយ​យល់ថា ការហាត់​ក្បាច់គុន​ជា​រឿង​ហិង្សា​។ កត្តា​នេះហើយ ទើ​ម​មាន​ឪពុកម្តាយ​ចំនួន​ហាមឃាត់​មិន​ឲ្យ​កូនៗ​របស់គេ​ទៅ​ហាត់គុន​នោះទេ ព្រោះ​ខ្លាច​យកមក​បង្ករឿង​ផ្សេងៗ​។   
 
«​យើង​ចង់​ធ្វើ​យ៉ាងម៉េច​បំបែក​ផ្នត់គំនិត​របស់​ឪពុកម្តាយ​ក្មេង​ភាគច្រើន ដែល​រិះគន់​ក្បាច់គុន​ថា ជា​រឿង​ហិង្សា ពេល​ដាក់​កូន​ឲ្យ​រៀន​ក្បាច់គុន​មួយៗ អីចឹង​ចង់​បក​ទៅ​បង្ហាញ​ពួកគាត់​វិញ​ថា ក្បាច់គុន​តាមពិត​ល្អ​សម្រាប់​ក្មេងៗ​ទេ ជាពិសេស​ជួយ​ខាង​ច​រិ​ក និង​ជំនឿ​ចិត្ត​លើ​ខ្លួន​ពួកគេ​ដែរ​»​។ នេះ​ការបង្ហាញ​គោលបំណង​របស់ ឯម សុ​វណ្ណា​រី ក្នុងការ​បង្កើត​សៀវភៅ​នេះ​ឡើង​។​
 
 
​នាង​បន្ថែមថា​៖«​សឹង​គ្រប់ពេល គេ​គិតថា ក្បាច់គុន​គឺ​មិនល្អ​ទេ​។ ពេលខ្លះ​ឪពុកម្តាយ​ក្មេង​គិតថា វា​ជា​ហិង្សា​មួយ ឬ​ក្មេង​នោះ​នឹង​យកទៅ​ធ្វើបាប​គេ ប៉ុន្តែ​តាមពិត​វា​ផ្ទុយស្រឡះ​។ សៀវភៅ​នេះ នឹង​អាច​បង្រៀន​ពី​មេរៀន​គ្រឹះ​នៃ​ជីវិត សំខាន់​សម្រាប់​ក្មេង​ពេល​គេ​ធំ​ឡើង​»​។  
 
​សៀវភៅ​«The Talent Quest» ដែល​និយាយ​ពី​តួអង្គ​សត្វ​តូចៗ​ហ្វឹកហាត់​ក្បាច់គុន​ច្រើន​ប្រភេទ​នេះ គឺជា​សៀវភៅ​ពុ​ម្ភ​ដំបូង​ទាក់ទង​នឹង​ដំណើររឿង​របស់ Teddy  Saaja  Dozer  Bella និង Gregor​។ សៀវភៅ ដែល សុ​វណ្ណា​រី អះអាង​ប្រើ​ពេលវេលា​រៀបរៀង​ច្រើនជាង​ការគ្រោងទុក​មួយ​នេះ បាន​បោះ​ពុ​ម្ភ​រួចរាល់​ហើយ និង​កំពុង​ចរាចរ​លក់​នៅតាម​ហាង​សៀវភៅ​មួយ​ទូទាំង​ពិភពលោក និង​តាម​អន​ឡាញ​ផងដែរ​។ 
 
 
«Brooke (​អ្នកនិពន្ធ​) ផ្ញើ​រូបភាព​និង​គំនូរ​ផ្សេងៗ​ដែល​ក្មេងៗ​នៅ​អូស្ត្រាលី​គូ​ចេញពី​តួអង្គ​ក្នុង​សៀវភៅ​! ខ្ញុំ​រំភើប​ដល់​ភ្លាត់មាត់​ថា អូ៎​ព្រះ​អើយ​! វា​អស្ចារ្យ​ណាស់​អ្វីដែល​ខ្ញុំ​ធ្វើបាន​ទៅដល់​ក្មេងៗ ពួកគេ​ថែមទាំង​ចូលចិត្ត​ខ្លាំង​ដល់​ថ្នាក់​ចេះ​គូ​រូប​តួអង្គ​គេ​ចូលចិត្ត​ទៀត​»​។ នេះ​ជាការ​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយរ​បស់ សុ​វណ្ណា​រី ពេល​ឃើញ​ពី​ភាពជោគជ័យ​លើ​ស្នាដៃ​ដំបូង​របស់ខ្លួន​។ ជាមួយនេះ នាង ប្តេជ្ញា​ថា នឹង​បន្ត​និពន្ធ​សៀវភៅ​ជា​បន្តបន្ទាប់​ទៀត​។   
 
​ក្នុង​ឆ្នាំ​២០១៩​នេះ​ឃើញថា ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​គុន​ចម្រុះ​ប្រចាំ ONE Championship ក៏​ចាប់ផ្តើម​ជោគជ័យ​ខ្លាំង រីឯ​សៀវភៅ​កូនក្មេង ដែល​នាង​ចូលរួម​គូរ​ក៏បាន​បោះ​ពុ​ម្ភ​ផ្សាយ​ជោគជ័យ​បណ្តើរៗ​ទៀត​។ សុ​វណ្ណា​រី បង្ហើប​ថា ឆ្នាំ​ថ្មី​នេះ​នាង​ចង់​ឡើង​ប្រកួត​យ៉ាងតិច​បាន​៣​ដង​ក្នុង​ទ្រុង ធ្វើយ៉ាងណា​បាន​ឡើងដល់​កំរិត​៦២​គីឡូក្រាម​។ 
 
 
​សុ​វណ្ណា​រី សព្វថ្ងៃ​កំពុង​ខិតខំ​យ៉ាងខ្លាំង​សម្រាប់​ទាំង​ការពង្រឹង​សមត្ថភាព​ត្រៀម​បង្ហាញខ្លួន​លើស​ង្វៀន និង​ខាង​គូររូប​។ «​ខ្ញុំ​ឥឡូវ​បាន​ហ្វឹកហាត់​ពេញដៃពេញជើង​វិញ​ហើយ​។ យើង​ចង់​បណ្តោយ​ឲ្យ​សៀវភៅ​នេះ​បោះផ្សាយ​តាម​ដំណើរ​សិន​ទៅ ហើយ​ចាំ​យើង​ពិភាក្សាគ្នា​ថែមទៀត​ពី​វគ្គ​បន្ត​។ តែ​អត់​ទាន់​ដឹង​ច្បាស់​ទេ ពេលនេះ យើង​គ្រាន់តែ​រីករាយ​ខ្លាំង​ដែល​សៀវភៅ​នេះ​បោះផ្សាយ​ទៅ​ក្រៅ​បានសម្រេច​»​។ នេះ​ជាការ​បន្ថែម​របស់​កីឡាការិនី ឯម សុ​វណ្ណា​រី​។ 
 
​គួររំលឹកថា កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨ កន្លងទៅ កីឡាការិនី​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី បាន​ផ្តួល​កីឡាការិនី​ជើងចាស់​របស់​អ៊ុយ​ក្រែ​ន Iryna Kyselova ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​១ នា​ការប្រកួត​គុន​ចម្រុះ​ក្នុង​ព្រឹត្តិការណ៍ ONE: Destiny of Championship នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​៕ 
 

 

 

Tag:
 ​ឯម សុ​វណ្ណា​រី​
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com