កីឡាជាតិ
ជាតិ
​គ្រូបង្វឹក​ស្វាយរៀង​ជឿជាក់ថា ខ្សែប្រយុទ្ធ Privat បន្ត​ឈានមុខ​គេ​ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​
03, Feb 2019 , 3:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​កា​មេ​រ៉ូ​ន Jean Marie Privat Befolo Mbarga របស់​ក្លិប​អាស៊ី​អឺរ៉ុប​កាលពី​រដូវ​កាល​មុន បាន​ចូលរួម​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​។ ការចូលរួម​របស់ Privat គឺ​ដើម្បី​ជំនួស​កៅអី Harley Willard ដែល​ទើប​ចែកផ្លូវ​ជាមួយ​ក្លិប​កាលពីពេល​ថ្មីៗ​នេះ​។​

 
​ខ្សែប្រយុទ្ធ​ឆ្នើម​ពោរពេញ​ដោយ​បទពិសោធ Jean Marie Privat Befolo Mbarga អាច​ក្លាយជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង និង​បង្ក​គ្រោះថ្នាក់​ដល់​ក្លិប​ដទៃ​នា​រដូវ​កាល​ថ្មី​នេះ​។ មុន​ផ្ទេរ​មក​ព្រះខ័ន​រាជ​ស្វាយរៀង Privat ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្លិប​ជាច្រើន​នៅ​កម្ពុជា និង​ថៃ រួមមាន​អង្គ​រថា​យ​ហ្គឺ​រ ណាហ្គា​វើ​ល បឹងកេត អាស៊ី​អឺរ៉ុប និង Samut Prakan របស់​ថៃ​ជាដើម​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​កាលពី​រដូវ​កាល​មុន គឺ​នៅពេល​រួមរស់​ជាមួយ​អាស៊ី​អឺរ៉ុប ខ្សែប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូបនេះ រកបាន​២៧​គ្រាប់​ម្នាក់ឯង ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​២ ក្នុង​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ដែលមាន Bisan George ជា​ម្ចាស់​ស្បែកជើង​មាស​ក្រោយ​រកបាន​២៨​គ្រាប់​។​
 
​ជាមួយ​ការបង្ហាញ​អារម្មណ៍​រីករាយ លោក Conor Nestor គ្រូបង្វឹក​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​លើក​ពី​គុណសម្បត្តិ​របស់​ខ្សែប្រយុទ្ធ​កា​មេ​រ៉ូ​ន​រូបនេះ​ថា Privat ជា​កីឡាករ​មានគុណ​ភាព​ខ្ពស់​ក្នុង​ការបញ្ចប់​ទី និង​មាន​ល្បឿន​លឿន ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​គូប្រជែង​។ គ្រូបង្វឹក​រូបនេះ​បាន​រំលឹកថា Privat នេះហើយ ដែល​បំប៉ោង​សំណាញ់​ទី​ស្វាយរៀង​៤​គ្រាប់​រដូវ​កាល​មុន​។           
 
​ខ្សែប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូបនេះ ជា​កូតា​កីឡាករ​បរទេស​ចុងក្រោយ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​វត្តមាន​របស់គេ គឺ​ជំនួស​កៅអី​កីឡាករ​អង់គ្លេស Harley Willard ដែល​ទើប​ចែកផ្លូវ​គ្នា​កាលពីពេល​ថ្មីៗ​នេះ​។ ក្រៅពីនេះ​ក្លិប​ក៏មាន​កីឡាករ​បរទេស​៤​រូប​ផ្សេង​ទៀង​ផងដែរ​រួមមាន Daisuke Kobayashi, Yeon Gisung , Jonathan Campbell និង Charlie Machell៕

Tag:
 បាល់ទាត់​
  Cambodian League
  Privat Mbarga
© រក្សាសិទ្ធិដោយ thmeythmey.com