ជាតិ
សង្គមជាតិ
ជម្នះនឹងភាពក្រីក្រ អ្នកស្រី ណុប ធឿន ប្រឹងធ្វើបង្គីរកប្រាក់ចិញ្ចឹមកូនឲ្យបានរៀនខ្ពង់ខ្ពស់
× ព្រៃវែង៖ អ្នកស្រី ណុប ធឿន និងស្វាមី ចង់ឃើញកូនប្រុសពីរនាក់របស់ខ្លួនដែលកំពុងរៀននៅថ្នាក់បឋមសិក្សា អាចបន្តរៀនរហូតដល់ថ្នាក់ខ្ពស់ដូចកូនអ្នកដទៃដែរ។ រស់នៅក្នុងស្ថានភាពគ្រួសារក្រីក្រក៏ពិតមែន ប៉ុន្តែ ទឹកចិត្តឪពុកម្តាយ មិនមានបំណង់ចង់ឲ្យកូនឈប់រៀនឡើយ ដោយអ្នកស្រី ធៀន ខំប្រឹងកាប់ដើមរំពាក់យកមកធ្វើបង្គីលក់ រីឯ ស្វាមីរបស់អ្នកស្រី ទៅស៊ីឈ្នូលដឹកដំឡូងមីឲ្យគេ ដើម្បីបានប្រាក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងផ្គត់ផ្គង់ការរបស់កូន។ គ្រួសារដែលរស់នៅខេត្តពៃវែងមួយនេះ ចង់ឃើញកូនមានចំណេះដឹង និងអនាគតល្អប្រើសើរជាងខ្លួន។
ក្រៅពីធ្វើស្រែបន្តិចបន្តួច អ្នកស្រី ណុប ធឿន ប្រកបរបរធ្វើបង្គីលក់ ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កួនប្រុសពីរនាក់ ដែលពួកគេកំពុងរៀនថ្នាក់ទី៤ និងទី៦។ ស្ត្រីវ័យ៥៣ឆ្នាំ រស់នៅក្នុងភូមិព្រៃទួលថ្មី ឃ្មុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង រូបនេះ ត្រូវចំណាយពេលពី៣ទៅ៤ថ្ងៃ ទើបអាចធ្វើបង្គីបានចន្លោះពី៥ទៅ៧គូ ដើម្បីយកទៅបោះឲ្យម៉ូយម្តង។ បង្គីដែលអ្នកស្រីលក់ឲ្យម៉ូយនោះ មានតម្លៃ៦ពាន់រៀលក្នុងមួយគូ ខណៈពេលដែលស្វាមីរបស់អ្នកស្ត្រី អាចរកប្រាក់បានចន្លោះពី២ទៅ៣ម៉ឺនរៀលក្នុងមួយថ្ងៃពីការស៊ីឈ្នួលដឹកដំឡូងមីឲ្យគេ។ រកព្រឹកខ្វះល្ងាច មិនមែនជារឿងប្លែកសម្រាប់គ្រួសារអ្នកស្រី ណុប ធឿន ឡើយ។
ទោះបីជាស្ថានភាពគ្រួសារក្រលំបាកយ៉ាងណា ក៏អ្នកស្រី និងស្វាមី ព្យាយាមជម្នះ និងខ្មីឃ្មាតប្រកបរបររកប្រាក់ចិញ្ចឹមកូនឲ្យបានសិក្សាដល់ថ្នាក់ខ្ពស់តាមលទ្ធភាពដែលអ្នកស្រី ធឿន អាចធ្វើបាន។ «ខ្ញុំខំប្រឹងដើម្បីបញ្ជូនកូនទាំងពីរឲ្យបានទៅរៀនសូត្រដូចកូនគេដែរ ខ្ញុំមិនចង់ឲ្យវា [កូនប្រុសទាំងពីរនាក់] ឈប់រៀនទេ»។ អ្នកស្រី ធឿន ថ្លែងទាំងទឹកមុខក្រៀមកំយ៉ាងដូច្នេះ។
បើទោះបីជា អ្នកស្រី ណុប ធឿន និងស្វាមី ចិញ្ចឹមចិត្តចង់ឃើញគ្រួសាររស់នៅក្នុងជីវភាពធូរធារជាងនេះ និងចង់ឃើញកូនៗរបស់ខ្លួនរៀនសូត្របានខ្ពង់ខ្ពស់នាពេលអនាគត ខណៈពេល ដើមរំពាក់ដែលយកមកធ្វើបង្គីនោះ គាន់តែពិបាករក ហើយរបរស៊ីឈ្នួលដឹកដំឡូងមីរបស់ស្វាមីអ្នកស្រី ក៏មិនស្ថិតស្ថេរនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com