អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ស៊ីម​បា​វ៉េ បដិសេធ ព័ត៌មាន​ស្នើសុំ​ជំនួយ​ពី​ចិន​ដើម្បី​ស្រោចស្រង់​រដ្ឋាភិបាល​ដាច់យ៉ៃ​
03, Feb 2019 , 7:39 pm        
រូបភាព
ដោយ:
 ប្រមុខ​ដឹកនាំ​កំពូល​ស៊ីម​បា​វ៉េ បាន​បដិសេធ​ទៅនឹង​ការលេចលឺ ដែលថា ស៊ីម​បា​វ៉េ បានស្នើ​សុំ​ជំនួយ​ពី​ចិន ដើម្បី​ស្រោចស្រង់​ប្រទេស ដែល​កំពុងតែ​ជួប​វិបត្តិ​សេដ្ឋកិច្ច​។ សម្រាប់​ប្រមុខរដ្ឋ​ស៊ីម​បា​វ៉េ អ្វីដែល​ខ្លួន​ត្រូវការ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​នោះ​គឺ ការវិនិយោគ​ពិតប្រាកដ​។

 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Zimbabwe Independent ថ្មីៗ​នេះ មានការ​លេចលឺ​របាយ​ការណ៍​មួយ ដោយបាន​ចោទថា ប្រធានាធិបតី​ស៊ីម​បា​វ៉េ លោក Emmerson Mnangagwa បានស្នើ​ដល់​សម​ភាគី​ចិន លោក​ប្រធានាធិបតី ស៊ី ជិន​ភីង នូវ​កញ្ចប់​ជំនួយ​សង្គ្រោះ​ប្រមាណ​ពីរពាន់​លាន​ដុល្លារ នៅក្នុង​ជំនួប​ក្រៅផ្លូវការ នៃ​កិច្ចប្រជុំ​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​ក្នុង​ក្រុង​ប៉េកាំង​ដែល​បាន​ធ្វើឡើង​នៅ​ចុង​ឆ្នាំមុន​។​
 
​របាយការណ៍​ដដែល​នោះ ក៏បាន​ចោទប្រកាន់​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ ផងដែរ​ថា បាន​បង្វែរ​ទឹកប្រាក់​ជំនួយ​នោះ តាមរយៈ ប្រទេសជិតខាង​ដែលជា​សម្ព័ន្ធមិត្ត​របស់​ចិន​ប្រចាំ​តំបន់​ដូចគ្នា ដើម្បី​បន្លំ​ក្រសែភ្នែក​ខាងក្រៅ​ផងដែរ​។ 
 
«​ខ្ញុំ​មិនដែល​ស្នើសុំ​កញ្ចប់​ជំនួយ​សង្គ្រោះ​អ្វី​ឡើយ​។ ... អ្វីដែល​យើង​ចង់បាន គឺ​ការវិនិយោគ មិនមែន​កញ្ចប់​ជំនួយ​ឡើយ​។ យើង​ត្រូវការ​ទុនវិនិយោគ ដែលជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។ គេ​មក​វិនិយោគ​នៅ​ស្រុក​យើង គេ​ទទួលបាន​ផលចំណេញ ហើយ​យើង​មានការ​អភិវឌ្ឍ​នៅក្នុង​ប្រទេស​»​។ នេះ​គឺជា​ជំហរ​ទូទៅ​របស់លោក​ប្រធានាធិបតី ដែល​បាន​ប្រាប់​ក្នុង​កិច្ចសម្ភាសន៍​ថ្ងៃ​៣០ មករា​កន្លងទៅ​។ 
 
​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ក្រីក្រ និង​កំពុងតែ​ស្ថិតក្រោម​ដំណាក់កាល​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​រូបនេះ បាន​បន្តទៀតថា ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ចិន ក៏​លោក អនុវត្តតាម​គោលនយោបាយ​នេះ​ផងដែរ​។ លោក សង្កត់ធ្ងន់ថា រដ្ឋាភិបាល​លោក មិនដែល​សុំ​ជំនួយ​សង្គ្រោះបន្ទាន់​ពី​ចិន​អ្វី​ឡើយ ពោលគឺ ស៊ីម​បា​វ៉េ ត្រូវការ​ការវិនិយោគ​តែប៉ុណ្ណោះ​។ 
 
​លោក​ប្រធានាធិបតី ក៏បាន​បកស្រាយ ការណ៍​ដែល​ស៊ីម​បា​វ៉េ ធ្វើ​សហការ​ប្រតិបត្តិការ រួមទាំង​ធ្វើសំណើ​ក​ញ្ចី​មួយចំនួន​ជាមួយនឹង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ក៏​មិន​ទាក់ទង​នឹង​ចិន​អ្វី​ឡើយ​។ លោក អះអាង ថា​ប្រទេស​ទាំងពីរ មាន​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នឹង​គ្នា ហើយ​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ស៊ីម​បា​វ៉េ អាច​ស្នើ​ជំនួយ តាមរយៈ​ជា​រូបភាព​នៃ​កម្ចី​ជាដើម​។​
 
​គួរ​ជម្រាប​ផងដែរ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ ចិន បានបង្ហាញ​វត្តមាន​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​នៅក្នុង​តំបន់​ភូមិសាស្ត្រ ពិសេស​នោះ​នៅក្នុង​ប្រទេស​កំពុងតែ​អភិវឌ្ឍ​ដូចជា​អាហ្វ្រិក​ជាដើម​។ វត្តមាន​របស់​ចិន ជាមួយនឹង​ការផ្តល់​ជំនួយឥតសំណង​ផង និង​កម្ចី​ផង ក៏​ត្រូវបាន​អ្នកជំនាញ ព្រមាន​ថា អាចធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ ធ្លាក់​ក្នុង​បំណុល​សង​មិន​រួច​ទៀតផង​៕ 
 

Tag:
 ស៊ីម​បា​វ៉េ​
  ចិន​
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com