ជាតិ
សង្គមជាតិ
អភិបាលក្រុងសៀមរាបហាមពលរដ្ឋដុតគ្រឿងផ្ទុះ ដុតរំសេវ ក្នុងរដូវចូលឆ្នាំចិន អភិបាលក្រុងសៀមរាបលោក នួន ពុទ្ធារ៉ា
×
សៀមរាប៖ រដ្ឋបាលក្រុងសៀមរាប នៅថ្ងៃទី២៩ មករា បានចេញបទបញ្ជាមួយ ដោយហាមការប្រើប្រាស់ ការនាំចូលគ្រប់ប្រភេទនូវគ្រឿងផ្ទុះ រំសេវ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។ បទបញ្ជានេះ ធ្វើឡើងក្នុងបំណងដើម្បីរក្សាសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្លាប់ ជៀសវាងអគ្គិភ័យ និងការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរនៅក្នុងក្រុងសៀមរាបទាំងមូល។
ក្នុងក្រដាសបទបញ្ជាដែលមានចុះហត្ថលេខាដោយលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានរៀបរាប់ខ្លឹមសារមួយៗ ដែលរួមមាន ហាមការនៃចូល លក់ ទិញ រំសេវ ផាវ និងគ្រឿងផ្ទុះផ្សេងៗ មកធ្វើអាជីវកម្មនៅតាមទីផ្សារ តាមផ្ទះ តូបលក់ដូរផ្សេងៗ និងនៅតាមទីសាធារណជាដើម។ ហាមប្រើប្រាស់រំសេវ ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីដុតកម្សាន្តលេង ឬអបអរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។
បទបញ្ជាខាងលើបានសង្កត់ធ្ងន់ និងប្រាប់ដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវធានាឱ្យបាននូវសុវត្ថិភាព ដោយត្រូវត្រួតពិនិត្យ និងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនដែលប្រព្រឹត្តិ ក៏ដូចជាធ្វើការអប់រំ និងណែនាំធ្វើកិច្ចសន្យា ការផាកពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់ជាដើម។ គ្រប់អង្គភាពទាំងអស់ ត្រូវផ្សព្វផ្សាយបទបញ្ជានេះឱ្យបានទូលំទូលាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com