ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​បែកញើស​ច្រើន អាច​បណ្ដាលមកពី​មូលហេតុ​ស្មាន​មិន​ដល់​ទាំងនេះ​
05, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​បែកញើស គឺជា​ប្រតិកម្ម​ធម្មតា​មួយ​របស់​រាងកាយ​ចំពោះ​កម្ដៅ​។​ទោះជា​យ៉ាងណា ការ​បែកញើស​ច្រើន​ហួស និង​មាន​ក្លិន​មិនល្អ​អាចជា​សញ្ញា​នៃ​ភាពមិនប្រក្រតី​ណាមួយ​ហើយ​។ ការ​ស្វែ​កយល់​ពី​មូលហេតុ​ពីក្រោយ​បញ្ហា​នេះ គឺ​សំខាន់​ណាស់​ដើម្បី​ទប់ស្កាត់​បញ្ហា​ធ្ងន់ធ្ងរ​កុំឱ្យ​កើតមាន​នៅពេល​ខាងមុខ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ស្ថានភាព​សុខភាព​មួយចំនួន​ដែល​បង្កបញ្ហា​បែកញើស​ច្រើន​ហួស ៖

 
១. ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​
 
​ការ​បែកញើស​ច្រើន​អាច​បណ្ដាលមកពី​អ្នក​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​។ ស្ត្រេ​ស និង​ការ​ថប់​បារម្ភ​មិន​ត្រឹមតែ​ជះឥទ្ធិពល​អវិជ្ជមាន​ចំពោះ​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បង្ក​ការ​បែកញើស​ហួសប្រមាណ​ផងដែរ​។ ញើស​ប្រភេទ​នេះ​ក៏មាន​ក្លិន​មិនល្អ​ផងដែរ ក៏​ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់ និង​ប្រូតេអ៊ីន​លាយ​ជាមួយ​បាក់តេរី​នៃ​ស្បែ​កទៀត​។​
 
២. បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត (hyperthyroidism)
 
Hyperthyroidism គឺជា​ស្ថានភាព​មួយ​ដែល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក្លាយ​ជាមាន​សកម្មភាព​លើស​កំណត់ ហើយ​ចាប់ផ្ដើម​ផលិត​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ច្រើន​ហួស​។ នៅពេល​ស្ថានភាព​បែបនេះ​កើតឡើង អ្នក​អាច​នឹង​ជួបប្រទះ​អាកា​រៈ​មួយចំនួន​ដូចជា ភ័យព្រួយ ឬ​ថប់​បារម្ភ​, ស្រក​ទម្ងន់ និង​បែកញើស​ហួសប្រមាណ​។ វា​ក៏​អាចជា​រោគសញ្ញា​មួយ​ដែល​អ្នក​គួរ​ប្រញាប់​ទៅពិនិត្យ​ក្រពេញ​
​ទី​រ៉ូ​អ៊ី​ត​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​
 
៣. ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​
 
​ទោះបី​អាកា​រៈ​បែកញើស​ហួសប្រមាណ​អាច​បណ្ដាលមកពី​មូលហេតុ​ផ្សេងៗ​ក៏ដោយ ប៉ុន្តែ​ពេលខ្លះ​វា​ក៏​អាច​កើតមាន​ដោយសារ​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។ ការ​បែកញើស​បែបនេះ គឺ​កើតឡើង​ដោយ​មិន​ទាក់ទង​ជាមួយ​សីតុណ្ហភាព​ក្នុង ឬ​ក្រៅ​បន្ទប់​ឡើយ​។ ជា​ញឹកញយ អ្នកជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន​ជួបប្រទះ​អាកា​រៈ​មួយចំនួនទៀត​ដូចជា វិលមុខ​, ថប់​បារម្ភ​, ឃ្លាន​ខ្លាំង​, ឈឺក្បាល​ធី​ង​ធោ​ង និង​មើល​មិនសូវ​ច្បាស់​។​
 
៤. ជំងឺ Hyperhidrosis
 
​ការ​បែកញើស​ហួសប្រមាណ​ត្រង់​ផ្នែក​តែមួយ​នៃ​រាងកាយ​ដូចជា ក​, ក្លៀក​, បាតដៃ ឬ​បាតជើង ហៅថា​ជំងឺ Hyperhidrosis​។ វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ ប៉ុន្តែ​អាច​បណ្ដាលឱ្យ​អ្នក​ខ្មាស​គេ​។​ជំងឺ Hyperhidrosis ពេលខ្លះ​អម​មក​ជាមួយនឹង​ការ​រលាក​, ឈឺចាប់​, បញ្ហា​ស្បែក​ផ្សេងៗ និង​ថប់​បារម្ភ​។ ដើម្បី​ជាការ​ប្រសើរ ប្រសិនបើ​អ្នក​តែង​ជួបប្រទះ​បញ្ហា​បែកញើស​ក្លៀក ឬ​ដៃ ឬ​ផ្នែក​ណាមួយ​ដូច​រៀបរាប់​ខាងលើ​មិន​បាត់​សោះ​នោះ ចូរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​។​
 
៥. ផលប៉ះពាល់​នៃ​ថ្នាំ​មួយចំនួន​
 
​ការ​បែកញើស​ហួសប្រមាណ​ក៏​អាច​បណ្ដាលមកពី​ថ្នាំ​ណាមួយ​ដែល​អ្នក​បាន​ទទួលទាន​ផងដែរ​។ គ្មានអ្វី​គួរឱ្យ​ព្រួយបារម្ភ​ឡើយ ការ​បែកញើស គឺជា​ផលប៉ះពាល់​ធម្មតា​នៃ​ការប្រើប្រាស់​ថ្នាំ​មួយចំនួន រួមទាំង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក និង​ថ្នាំ​សម្ពាធ​ឈាម​ជាដើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com