ជាតិ
សង្គមជាតិ
ពង្រឹង​សន្តិសុខ​, ត្រៀម​ពន្លត់​អគ្គិភ័យ​, សម្រួល​ចរាចរណ៍​...​ជាការ​ងារ​ចម្បង​របស់​ប៉ូលិស​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​
04, Feb 2019 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្តីណែនាំ​មួយ ស្តីពី​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន វៀតណាម និង​កូរ៉េ ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។ តាមរយៈ​សេចក្តីណែនាំ លោក នេ​ត សាវឿន បានដាក់​ការងារ​អាទិភាព​មួយចំនួន ទៅ​ឲ្យ​ប្រធាន​នាយកដ្ឋាន​-​អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត អនុវត្ត នៅក្នុង​ពិធីបុណ្យ​នេះ​។​


 
​ការងារ​អាទិភាព​ទាំងនោះ រួមមាន យកចិត្តទុកដាក់​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ស្ថាព​ការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេស​ត្រូវ​ក្តាប់​ឲ្យ​បាន​នូវ​ឧបាយកល សកម្មភាព ឬ​ការ​ញុះញង់​នានា ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ និង​ឲ្យ​ធ្វើ​ឲ្យ​សង្គម​មាន​ចលាចល​។  ការការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ នៅតាម​ទី​អារាម ព្រះវិហារ​ចិន វៀតណាម និង​កូរ៉េ រួមទាំង​ការសម្រួល​ចរាចរណ៍ ក៏​ជា​ការងារ​សំខាន់ ដែល​កម្លាំង​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់​ដែរ​។   
 
​លើសពីនេះ លោក នេ​ត សាវឿន បាន​ណែនាំ​ឲ្យ​កម្លាំង​នគរបាល សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​រម្លឹក​ដាស់តឿន​ប្រជាពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ជាពិសេស​ការអុច​ទៀន​-​ធូប ចរន្តអគ្គិសនី ព្រមទាំង​ហាម​មិន​ឲ្យ​ដុត​ផាវ កាំ​ជ្រូច ឬ​បង្ក​សំឡេង​ផ្ទុះ​ផ្សេងៗ​។ ជាមួយគ្នានេះ កម្លាំង​នគរបាល ត្រូវ​ប្រមូលផ្តុំ​កម្លាំង និង​ធ​ម្យោ​បាយ​ប្រចាំការ ដើម្បី​ត្រៀម​អន្តរាគមន៍​ចេញ​ពន្លត់​និង​សង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ ដែល​អាច​កើតឡើង​ជាយថាហេតុ​។ 
 
​អគ្គស្នងការ​នគរបាល​ជាតិ សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ទទួលបាន​សេចក្តីណែនាំ​នេះ ឯកឧត្តម ប្រធាន​នាយក​រដ្ឋា​ន​កណ្តាល ប្រធាន​នាយកដ្ឋាន​-​អង្គភាព និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ចាត់តាំង​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​»៕ 

Tag:
 នេ​ត សាវឿន​
  ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com