English-Français
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញកសិកម្មជនជាតិបារាំង Jean-Michel Gallet៖«បើគ្មានកសិករ (កសិកម្ម) ទេ ទម្រង់នៃវប្បធម៌អាចបាត់បង់!»
× ភ្នំពេញ៖ វប្បធម៌រលំ ជាតិរលាយ។ នេះ គឺជាអ្វីដែលពលរដ្ឋខ្មែរភាគច្រើនបានដឹង និងបានលឺគ្រប់គ្នា។ ចុះតើអ្វីទៅជាទំនាក់ទំនងរវាងវិស័យវប្បធម៌ និងវិស័យកសិកម្ម? អ្នកជំនាញផ្នែកកសិកម្មជនជាតិបារាំងលោក Jean-Michel Gallet បានពិពណ៌នាថា វិស័យកសិកម្ម និងវប្បធម៌មានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងហ៊ាននិយាយថា ប្រសិនបើគ្មានកសិករទេនោះ ទម្រង់នៃវប្បធម៌អាចបាត់បង់។
ដើម្បីជ្រាបឲ្យកាន់តែច្បាស់លើការអត្ថាធិប្បាយនេះ សូមអញ្ជើញស្តាប់បទសម្ភាសខ្លីរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) និងលោក Jean-Michel Gallet អ្នកជំនាញផ្នែកកសិកម្មជនជាតិបារាំងដូចតទៅ៖
លោក Jean-Michel Gallet ជាអ្នកជំនាញកសិកម្មជនជាតិបារាំង។ ប៉ុន្តែលោកបានចំណាយពេលជាច្រើនឆ្នាំដើម្បីស្វែងយល់ និងតាមដានវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ ផ្អែកលើទស្សនរបស់លោក, វិស័យកសិកម្មរបស់កម្ពុជា បាន និងកំពុងធ្វើដំណើរចេញពីផលិតកម្មសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសទៅជាផលិតកម្មដើម្បីធ្វើពាណិជ្ជកម្ម និងជំនួញ។ ដើម្បីជំរុញវិស័យកសិកម្មខ្មែរ, លោក Jean-Michel Gallet លោកទឹកចិត្តឲ្យមានការបណ្តុះបណ្តាលកសិករបន្ថែមទៀត។ ម្យ៉ាងទៀត ភាគីពាក់ព័ន្ធ ត្រូវធ្វើយ៉ាងដូចម្តេចជំរុញឲ្យកសិករក្លាយជា«មេដឹកនាំកសិកម្មពិតប្រាកដ»។
ទាក់ទងទៅនឹងប្រវត្តិប្រទាក់ក្រឡាគ្នារវាងវប្បធម៌ និងកសិកម្ម, លោក Jean-Michel Gallet បានពន្យល់ថា៖«វប្បធម៌នៃប្រទេសមួយពឹងផ្អែកលើកសិកម្ម ឬកសិករនៃប្រទេសនោះ។ បើគ្មានកសិករទេ ទម្រង់នៃវប្បធម៌អាចបាត់បង់ ឬអាចនឹងមានបញ្ហា»។ ជនជាតិបារាំងរូបនេះ បានលើកឧទាហរណ៍មកបញ្ជាក់ថា ពិធីច្រត់ព្រះនង្គ័ល គឺជាពិធីប្រពៃណីពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម។ នេះ គឺជាទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងវប្បធម៌ និងកសិកម្ម។ លោក Jean-Michel Gallet បានបន្ថែមទៀតថា ចំរៀង ឬចង្វាក់រាំមួយចំនួនរបស់ខ្មែរសុទ្ធតែទាក់ទងទៅនឹងវិស័យកសិកម្ម។
នៅទីបញ្ចប់ លោក Jean-Michel Gallet បានអះអាងដោយជឿជាក់ថា គេមិនអាចកាត់ផ្តាច់រវាងវប្បធម៌ និងកសិកម្មបានឡើយ ដូច្នេះ ការអភិរក្ស និងអភិវឌ្ឍកសិកម្ម គឺជារឿងចាំបាច់៕
© រក្សាសិទ្ធិដោយ thmeythmey.com