អន្តរជាតិ
ចិន នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន​ក្នុង​រយៈពេល​១០​ឆ្នាំ​ជាប់​គ្នា
04, Feb 2019 , 9:59 pm        
រូបភាព
ដោយ:
​ទោះបីជា​សេដ្ឋកិច្ចពិភពលោក ប្រឈម​នឹង​ភាពមិនប្រាកដប្រជា ដោយសារ​គោលនយោបាយ​គាំពារ​និយម និង​ការមិន​ត្រូវ​រូ​វ​គ្នា​របស់​មហាអំណាច​ពិភពលោក​ក៏ដោយ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​អាស៊ាន​-​ចិន នៅតែ​ល្អ និង​ឆ្ពោះទៅមុខ​។ ចិន នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន ខណៈ​អាស៊ាន ក៏​នៅតែ​ស្ថិតនៅក្នុង​ចំណោម​ដៃគូ​ធំ​បំផុត​របស់​ចិន​វិញ​។

 
​តាម​ការបញ្ជាក់​របស់​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន ដែល​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Jakarta Post ក្នុង​ឆ្នាំ​២០១៨ ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន បាន​កើនឡើង ៤,១ ភាគរយ ដែល​ស្មើនឹង ៥៨៧,៨៧ ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​២០១៧​។ ទំហំ​នេះ ធ្វើ​ឲ្យ​ចិន ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន​ក្នុង​រយៈពេល​១០​ឆ្នាំ​ជាប់ៗ​គ្នា ខណៈ​អាស៊ាន ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​លំដាប់​ទី​បី​របស់​ចិន បន្ទាប់ពី​សហភាព​អឺរ៉ុប និង​អាមេរិក​។​
 
​តាមរយៈ​អត្ថបទ​ចុះផ្សាយ​ដដែល​នោះ លោក​អគ្គរដ្ឋទូត Huang Xilian បាន​អះអាងថា អាស៊ាន ក៏​ស្ថិតនៅ​ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម ដែលមាន​កម្រិត​កំណើន​លូតលាស់​លឿន​ជាងគេ ពោលគឺ ខណៈដែល​សេដ្ឋកិច្ច​សកល ប្រឈម​នឹង​ការធ្លាក់ចុះ ដោយសារ​គោលនយោបាយ​ពាណិជ្ជកម្ម​គាំពារ អាស៊ាន និង​ចិន នៅតែ​បន្ត​រក្សាបាន​កិច្ចសហប្រតិបត្តិការ និង​ប្រកៀក​ស្មា​គ្នា​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​។​
 
​លោក​អគ្គរដ្ឋទូត ក៏បាន​កត់សម្គាល់​ផងដែរ​ថា រយៈពេល​ចុងក្រោយ​នេះ ឥណ្ឌូណេស៊ី ដែល​ត្រូវបាន​គេ​ហៅថា ជា​បងធំ​អាស៊ាន​នោះ កាន់តែ​បង្កើត​ភាពជិតស្និទ្ធ​ជាមួយនឹង​ចិន ពិសេស​នោះ​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម ដែល​ក្នុងនោះ ក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ បាន​កើន​រហូតដល់​២២,២ ភាគរយ​ស្មើនឹង ៧៧,៤ ពាន់​លាន​ដុល្លារ​។​
 
​សូម​រម្លឹក​បន្តិច​ថា ចិន បាន​ចាប់ដំណើរការ​ក​ក្នុង​ការសុំ​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​នៅ​ឆ្នាំ​១៩៩១ និង​បាន​ក្លាយជា​ដៃគូ​សន្ទនា​ពេញសិទ្ធិ​នៅ​ឆ្នាំ​១៩៩៦​។ ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។​
 
​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន អាស៊ាន និង​រដ្ឋ​អាស៊ាន ក៏​ទទួលបាន​ផលប្រយោជន៍​ជាច្រើន ពី​គម្រោង និង​គំនិត​ផ្តួចផ្តើម​ដែល​បង្កើតឡើង​ដោយ​ចិន​ក្នុង​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​អាស៊ាន​ផងដែរ​។ គំនិត​ផ្តួចផ្តើម​ទាំងនោះ មានដូចជា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ  និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ជាដើម​៕ 

Tag:
 ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com