ជាតិ
សង្គមជាតិ
ការយល់ឃើញរបស់ពលរដ្ឋ នូវវត្តមានរបស់ជនជាតិចិននៅលើទឹកដីកម្ពុជា !
× សព្វថ្ងៃមានជនជាតិចិនជាច្រើនបានមករស់នៅ និងមកវិនិយោគលើទឹកដីកម្ពជា។ វត្តមានរបស់ជនជាតិចិនបានកើនឡើងនៅលើទឹកដីប្រទេសកម្ពុជា ធ្វើឲ្យមានមតិវិជ្ជមាន និងអវិជ្ជមាន ជុំវិញស្ថានភាពដែលពួកគេបានឃើញ និងបានយល់ដឹង។
លោក អ៊ិន អ៊ឹង ជាគ្រូង្រៀននៅខេត្តសៀមរាប មានការយល់ឃើញពីទំនាក់ទំនងកម្ពុជាចិន និងកំណើនជនជាតិចិនលើទឹកដីខ្មែរថា៖ «មនុស្សខ្មែរមិនតិចទេដែលមិនចូលចិត្តជនជាតិចិន ព្រោះជនជាតិចិនតែងតែបង្ករជាបញ្ហាដូចជាការបើកបរគ្មានសណ្ដាប់ធ្នាប់ធ្វើឲមានគ្រោះថ្នាក់ស្ទើររាល់ថ្ងៃ (របួសនិងស្លាប់ខ្មែរម្ចាស់ស្រុក) បំផ្លាញតំបន់ទេសចរណ៍ដូចជានៅកំពង់សោមជាដើម។ ការបង្ករជាជម្លោះរហូត មានការកាប់សម្លាប់គ្នាយ៉ាងអនាធិបតេយ្យ ហើយគ្មានសមត្ថកិច្ចណាអើពើរតួយ៉ាងនៅតាមហាងផឹកស៊ី កាស៊ីណូ បារ។ ដោយឡែកកំណើនភ្ញៀវទេសចរណ៍ចិន ការដេញថ្លៃអចលនទ្រព្យ (ដីធ្លី ផ្ទះ) រដ្ឋទទួលលុយឥតសំណងជាច្រើន ការវិនិយោគកាន់តែច្រើន»។
លោក ផាណិត ជាអ្នករត់កងបីឥណ្ឌានៅភ្នំពេញថា៖« ប្រជាជនចិនឥឡូវមានច្រើនពិតមែន លោកក៏បានដឹកភ្ញៀវចិនដែលរាល់ថ្ងៃហ្នឹង ហើយជនជាតិចិនបានជួយបង្កើនការងារមានដល់ប្រជាជនខ្មែរច្រើនដែរ។ មានក្រុមហ៊ុនចិនច្រើន ហើយអ្វីដែលពិសេសគឺ មានកន្លែងការងារពេលរើសបុគ្គលិកមានការជ្រើសរើសអ្នកចេះភាសាចិន។ ជនជាតិចិននៅលើទឹកដីកម្ពុជាមានផលប្រយោជន៍ច្រើន តែមានមួយផ្នែកតូចនៃជនជាតិចិនមានទង្វើមិនល្អ ច្រើនបង្កជម្លោះ។
កញ្ញា រ័ត្ន ជានិស្សិតផ្នែកទីផ្សារ ដែលស្វពថ្ងៃជាបុគ្គលិកនៅហាងកា្វហ្វេមួយកន្លែងនៅភ្នំពេញថា ៖«កម្ពុជា-ចិនឥឡូវ តាមការមើលឃើញគឺមានទំនាក់ទំនងល្អ ចិនមានការវិនិយោគមកលើកម្ពុជាច្រើន។ ប្រជាជនចិនក៏មានវត្តមានការកើនឡើងជាងឆ្នាំមុនៗដែរ។ ជាក់ស្ដែងមានជនជាតិចិនមកហាងមានទាំងក្មេង និងចាស់។ សង្ឃឹមថាជនជាតិចិនមុននឹងមកប្រទេសកម្ពុជា គួរតែស្វែងយល់ពីច្បាប់ ពីសុជីវធម៌ វប្បធម៌ខ្មែរឲ្យបានច្រើនទើបជាការល្អ»៕
© រក្សាសិទ្ធិដោយ thmeythmey.com