ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នាយិកា​ភាគី​ខ្មែរ​នៃ​វិទ្យាស្ថាន​ខុង​ជឺ​៖ យុវជន​គួរ​ចេះ​បើក​បេះដូង​ចិន ដើម្បី​ទាញយក​ផលប្រយោជន៍​
05, Feb 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ មកដល់ពេលនេះ មាន​រយៈពេល​១០​ឆ្នាំ​ហើយ ដែល​វិទ្យាស្ថាន​ខុង​ជឺ នៃ​រាជបណ្ឌិត្យសភា បាន​បំពេញការងារ​ផ្តោតលើ​ការអប់រំ​ភាសា​ចិន ដើម្បី​ជំរុញ​ដល់​សមត្ថភាព​យុវជន​កម្ពុជា ស្រប​ពេលដែល​រដ្ឋាភិបាល​កម្ពុជា​-​ចិន កំពុងមាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត ក្រោម​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។

 
​កម្មវិធី​ដែល​វិទ្យាស្ថាន​ខុង​ជឺ បញ្ជ្រាប​ដល់​យុវជន​កម្ពុជា គឺ​ផ្ដល់​ការយល់ដឹង​ពី​វប្បធម៌​ចិន កម្មវិធី​ស្ពាន​ភាសា​ចិន កម្មវិធី​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម កម្មវិធី​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​ឆ្នើម កម្មវិធី​អ្នកសរសេរ​អក្សរ​ចិន​ជាដើម​។ នេះ​បើតាម​កញ្ញា វុ​ធ សុ​ភ័​ក្រ​ណា ដែលជា​នាយិកា​ភាគី​កម្ពុជា​នៃ​វិទ្យាស្ថាន​ខុង​ជឺ​។​
 
​បើតាម​កញ្ញា វុ​ធ សុ​ភ័​ក្រ​ណា ភាសា​ចិន​បច្ចុប្បន្ន កំពុង​ក្លាយទៅជា​ឧបករណ៍​ស្នូល​មួយ សម្រាប់​យុវជន ឬ​សិស្ស​និស្សិត ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុងការ​ស្វែងរក​ឱកាស​ការងារ និង​ធ្វើ​វិនិយោគ អាជីវកម្ម​ជាដើម ស្របពេល​ដែល​ចិន​កំពុង​សម្រុក​មក​ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​។ សម្រាប់​នាយិកា​រូបនេះ យុវជន​គួរតែ​ចេះ​បើក​បេះដូង​ចិន ដើម្បី​ទាញយក​ផលប្រយោជន៍​នៅក្នុង​ឱកាស​នេះ តាមរយៈ​ការប្រើប្រាស់​ភាសា​ចិន​។​
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា វុ​ធ សុ​ភ័​ក្រ​ណា នាយិកា​ភាគី​កម្ពុជា​នៃ​វិទ្យាស្ថាន​ខុង​ជឺ ដូចតទៅ​៖



 
​វិទ្យាស្ថាន​ខុង​ជឺ នៃ​រាជបណ្ឌិត្យសភា បាន​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ជាង​៤០០​នាក់​មកហើយ នៅក្នុង​រយៈពេល​១០​ឆ្នាំនេះ ខណៈដែល​កំណើន​សិស្ស​រៀន​ភាសា​ចិន នៅក្នុង​ស្ថាប័ន​មួយ​នេះ កំពុង​កើន​ឡើងជា​លំដាប់ ប្រមាណ​ជា​៤​ទៅ​៥​ភាគរយ​។ ហើយ​និស្សិត ដែល​ទៅ​សិក្សា​នៅ​ប្រទេស​ហើយ ពួកគេ​ភាគច្រើន​ទទួលបាន​ឱកាស​ការងារ​ជា​បកប្រែ ,​ការងារ​នៅ​ក្រុមហ៊ុន​ចិន​ធំៗ និង​នៅតាម​ក្រសួង និង​ក្នុង​ទូត​ចិន​ប្រចាំ​កម្ពុជា​ជាដើម​។ នេះ​បើតាម​កញ្ញា វុ​ធ សុ​ភ័​ក្រ​ណា​។​
 
​ដោយសារ​ឃើញ​សក្ដានុពល​នៃ​កំណើន​សិស្ស​រៀន​ភាសា​ចិន​បែបនេះហើយ ទើប​វិទ្យាស្ថាន​ខុង​ជឺ គ្រោង​ពង្រីក​សាខា​នៅ​ទូទាំងប្រទេស​ថែមទៀត ខណៈដែល​វិទ្យាស្ថាន​មួយ​នេះ បាន​បញ្ជ្រាប​ចូល​កម្មវិធី​អប់រំ​ទៅក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​ចំនួន​២៥​កន្លែង​ហើយ នាពេល​បច្ចុប្បន្ននេះ​៕
 

Tag:
 វុ​ធ សុ​ភ័​ក្រ​ណា​
  ខុង ជឺ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com