ជាតិ
សង្គមជាតិ
សិល្បះ
ដំណឹង​សោកសៅ​! ព្រឹទ្ធាចារ្យ​របាំ រស់ គង់ បានទទួល​មរណភាព​ក្នុង​អាយុ៨៥​ឆ្នាំ​
04, Feb 2019 , 8:47 pm        
រូបភាព
 ព្រឹទ្ធាចារ្យ​វិសេស​នាដការ​វិជ្ជា រស់ គង់ ទទួលមរណភាពក្នុងអាយុ៨៥ឆ្នាំ។ ប្រភពរូបថត Chhourn Outdom
ព្រឹទ្ធាចារ្យ​វិសេស​នាដការ​វិជ្ជា រស់ គង់ ទទួលមរណភាពក្នុងអាយុ៨៥ឆ្នាំ។ ប្រភពរូបថត Chhourn Outdom
ដោយ:
ភ្នំពេញ​៖ លោកយាយ រស់ គង់ ព្រឹទ្ធាចារ្យ​វិសេស​នាដការ​វិជ្ជា ដែលជា​អ្នកជំនាញ​របាំ​ព្រះរាជ​ទ្រព្យ បានទទួល​មរណភាព​ដោយ​ជរាពាធ កាលពី​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​។ សព​លោកយាយ ត្រូវបាន​សាច់ញាតិ តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ក្រុមគ្រួសារ​របស់លោក​យាយ នៅ​សង្កាត់​ច្បារអំពៅ​។ នេះ​បើតាម​លោក ហង់ ភូមិ​រ៉ា  អ្នកដឹកនាំ​ក្រុមយុវជន​ល្ខោនខោល​ជំនាន់​ថ្មី ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។



​ព្រឹទ្ធាចារ្យ​របាំ​ព្រះរាជ​ទ្រព្យ រស់ គង់ មានកូន​៩​នាក់ ប៉ុន្តែ​បាន​ស្លាប់​ក្នុង​សង្គ្រាម​៤​នាក់​។ កូន​ទាំងអស់​របស់​ព្រឹ​ទ្ធា​ចា​រ្យ គឺ​សុទ្ធតែជា​សិល្បករ​។

មរតក​មនុ​ស្សរស់​អ្នកស្រី រស់ គង់ ឯកទេស​របាំ​ព្រះរាជ​ទ្រព្យ តួ​នាយ​រោង​។ ព្រឹទ្ធាចារ្យ​ជា​គ្រូរបាំ​នៅ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ តាំងពី​ទសវត្សរ៍​ទី​៨០ ដោយ​បង្ហាត់​ពី​ថ្នាក់​ថ្នាល​ដល់​ថ្នាក់​បញ្ចប់​មធ្យម​ទុតិយភូមិ​។ អ្នកស្រី​បាន​ហាត់រៀន​របាំ និង​សម្ដែង​របាំ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​។​

ក្រៅពី​ឯកទេស​របាំ​ព្រះរាជ​ទ្រព្យ អ្នកស្រី រស់ គង់ ក៏មាន​ជំនាញ​របាំ​ប្រពៃណី​ផងដែរ​។ អ្នកស្រី​បាន​ទៅ​សម្ដែង​របាំ​នៅក្រៅ​ប្រទេស​ជាច្រើន​ប្រទេស​។ មរតក​មនុ​ស្សរស់​អ្នកស្រី រស់ គង់ ទទួលបាន​គោរមងារ​ថ្នាក់ជាតិ​ពី​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ជា​ព្រឹទ្ធាចារ្យ​វិសេស​នាដកា​វិជ្ជា នៅក្នុង​ឆ្នាំ​២០១៣៕



Tag:
 របាំព្រះរាជទ្រព្យ
  រស់ គង់
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com