ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បែងចែកដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី ជា៤តំបន់
× ភ្នំពេញ៖ ដែនជម្រកសត្វព្រៃស្រែពក ដែលមានទំហំផ្ទៃដីសរុប ៣៧២,៩៧១ហិចតា ក្នុងខេត្តមណ្ឌលគិរី ត្រូវបានរដ្ឋាភិបាល បែងចែកជា៤តំបន់ ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាព។ តំបន់ទាំងបួនមាន តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍។ នេះបើតាមអនុក្រឹត្យរដ្ឋាភិបាល ចុះកាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៩។
រដ្ឋាភិបាល បានបញ្ជាក់នៅក្នុងលិខិតថា តំបន់ស្នូល មានផ្ទៃដីជាង ១៨,៧ម៉ឺនហិកតា ដែលត្រូវបានចែកជាពីរ គឺស្នូលទី១នៅឃុំអរបួនលើ ឃុំណងឃីឡឹក ឃុំស្រែហ៊ុយ ឃុំស្រែសង្គម នៃស្រុកកោះញែក និងឃុំក្រង់តេ ឃុំពូជ្រៃ ក្នុងស្រុកពេជ្រាដា។ តំបន់ស្នូលទី២ ស្ថិតនៅឃុំសុខសាន្ត និងឃុំពូជ្រៃ និងគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់ កណ្តាលស្រោង ព្រៃល្បះដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២។
តំបន់អភិរក្ស មានផ្ទៃដីសរុបជាង៧,៥ម៉ឺនហិកតា ត្រូវបានបែងចែកជា៤ទីតាំង ដែលមាន តំបន់អភិរក្សទី១ ស្ថិតនៅឃុំណងឃីឡឹក និងឃុំស្រែហ៊ុយ។ តំបន់អភិរក្សទី២ ស្ថិតនៅឃុំស្រែសង្គម ឃុំអរបួនលើ និងឃុំសុខសាន្ត។ តំបន់អភិរក្សទី៣ ស្ថិតនៅឃុំពូជ្រៃ និងតំបន់អភិរក្សទី៤ស្ថិតនៅឃុំក្រង់តេ។ តំបន់អភិរក្សភាគច្រើន ស្ថិតនៅជុំវិញតំបន់ស្នូល និងមួយផ្នែកស្ថិតនៅជាប់ដែនជម្រកសត្វព្រៃភ្នំព្រេច។ នេះបើតាមអនុក្រឹត្យដដែល។
ដោយឡែកតំបន់ប្រើប្រាស់ដោយចីរភាព មានផ្ទៃដីជិត៦,៦ម៉ឺនហិកតា ដែលត្រូវបានបែកចែកជា៨ទីតាំង រួមមានតំបន់ប្រើប្រាស់ដោយចីរភាពទី១ និងទី២ ស្ថិតនៅឃុំអរបួនលើ និងឃុំណងឃីឡឹក។ តំបន់ប្រើប្រាស់ដោយចីរភាពទី៣នៅឃុំស្រែហ៊ុយ ឃុំស្រែសង្គម និងឃុំសុខសាន្ត, តំបន់ប្រើប្រាស់ដោយចីរភាពទី៤ ទី៥ និងទី៦ ស្ថិតនៅឃុំពូជ្រៃ និងតំបន់ប្រើប្រាស់ដោយចីរភាពទី៧-ទី៨ ស្ថិតនៅឃុំក្រង់តិះ។
ចំណែកតំបន់សហគមន៍ មានផ្ទៃដីជិត៤,៤ម៉ឺនហិកតា ត្រូវបានរដ្ឋបែចែកជា៧ទីតាំង គឺ តំបន់សហគមន៍ទី១ ស្ថិតនៅឃុំអរបួនលើ និងឃុំណងឃីឡឹក, តំបន់សហគមន៍ទី២ ស្ថិតនៅឃុំណងឃីឡឹក, តំបន់សហគមន៍ទី៣ នៅឃុំណងឃីឡឹក ឃុំរយ៍ ឃុំស្រែហ៊ុយ ឃុំស្រែសង្គម និងឃុំសុខសាន្ត, តំបន់សហគមន៍ទី៤ស្ថិតនៅឃុំស្រែសង្គម តំបន់សហគមន៍ទី៥ ស្ថិតនៅឃុំពូជ្រៃ, តំបន់សហគមន៍ទី៦ ស្ថិតនៅឃុំពូជ្រៃ និងឃុំក្រង់តេ និងតំបន់សហគមន៍ទី៧ ស្ថិតនៅឃុំក្រង់តេ។ នេះបើអនុក្រឹត្យដដែលខាងលើ៕
Tag:
ជាតិ
ជម្រកសត្វព្រៃ
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com