លោក ហ្សង់ ម៉ូរ៉ែល (Jean MOREL) ដែលជាជនជាតិបារាំង និងទទួលបានសញ្ជាតិខ្មែរ គឺជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រីក្នុងអាណត្តិទី៦នៃរដ្ឋាភិបាលបច្ចុប្បន្ននេះ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ខ្វាយខ្វល់ខ្លាំងចំពោះអនាគតរបស់កម្ពុជា ចំពោះសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសខណៈដែលវិនិយោគទុនចិនបានចូលមកកម្ពុជាយ៉ាងគំហុក។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ទីប្រឹក្សារូបនេះ ផ្តល់យោបល់ថា រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឲ្យវិនិយោគរបស់ក្រុមហ៊ុនផ្តល់ប្រយោជន៍ឲ្យបានច្រើនមកដល់ពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា ពោលគឺមិនមែនជាការផ្តល់ការងារដល់ពលរដ្ឋចិនដែលនាំផលប្រយោជន៍សេដ្ឋកិច្ចទៅប្រទេសចិនវិញនោះឡើយ។ លោក ហ្សង់ ម៉ូរ៉ែល ក៏បានបង្ហាញក្តីបារម្ភផងដែរ ខ្លាចវត្តមាននៃវិនិយោទុនចិន បានត្រឹមផ្តល់ឱកាស និងផលប្រយោជន៍ដល់ក្រុមអ្នកជំនួញដែលជាគ្រួសារខ្មែរសែស្រឡាយចិនមួយក្តាប់តូចនៅកម្ពុជា។ យ៉ាងណាក៏ដោយ លោកដាស់តឿនឲ្យពលរដ្ឋខ្មែរបង្កើនស្មារតី និងសមត្ថភាពប្រកួតប្រជែង។
សូមលោកអ្នកអានបទសម្ភាសរវាងលោក លាង ដឺលុច នាយកប្រតិបត្តិនៃសារព័ត៌មានថ្មីៗ និងលោក ហ្សង់ ម៉ូរ៉ែល ទីប្រឹក្សានៃទីស្តីការគណៈរដ្ឋមន្ត្រី៖
លោក លាង ដឺលុច៖ វត្តមាននៃជនជាតិចិននៅកម្ពុជាបច្ចុប្បន្នគឺជាប្រធានបទដ៏ចម្រូងចម្រាស។ រដ្ឋាភិបាល និងអ្នកសេដ្ឋកិច្ចមួយចំនួនបានមើលឃើញវិនិយោទុនចិនថាជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា។ ប៉ុន្តែអ្នកខ្លះទៀតនៅតែបង្ហាញអារម្មណ៍ព្រួយបារម្ភ រហូតដល់គិតថា វាមានការវិនិយោគមិនស្អាតស្អំទៀតផង។ ក្នុងនាមជាអ្នកសេដ្ឋកិច្ចមួយរូប តើអ្វីខ្លះជាការយល់ឃើញរបស់លោក?
លោក ហ្សង់ ម៉ូរ៉ែល៖ ក្នុងនាមជាជនជាតិកម្ពុជា ខ្ញុំយល់បានថាវត្តមានដ៏ច្រើននៃជនជាតិចិននៅកម្ពុជា ក្នុងពេលរយៈប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្កឲ្យមានការជជែកគ្នាច្រើន។ វត្តមាននៃជនជាតិចិនបានធ្វើឲ្យមានការបារម្ភ រហូតដល់ការភ័យខ្លាចទៀតផង។ ខ្ញុំក៏អ៊ីចឹងដែរ។ ពេលខ្លះ ខ្ញុំក៏ឆ្ងល់ដែរថា តើទិដ្ឋភាពបែបនេះ នឹងទៅឆ្ងាយប៉ុនណាទៀត? ប៉ុន្តែក្នុងនាមជាអ្នកសេដ្ឋកិច្ច ខ្ញុំចាត់ទុកថា ការអភិវឌ្ឍតាមរយៈការវិនិយោគ គឺជារឿងល្អ។ សេដ្ឋកិច្ចមួយដែលនៅស្ងៀម គឺជាការធ្លាក់ចុះ។ មានវិធីច្រើនដើម្បីចាប់ផ្តើមការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច។ តែអ្វីដែលសំខាន់ គឺការជ្រើសរើសយកផ្លូវមួយ និងអនុវត្តវា។
ទស្សវត្សរ៍១៩៩០ ដល់២០០០ គឺជាសម័យកាលនៃកំណើតទារកដ៏ខ្លាំង (baby boom)។ ទារកទាំងនោះបានក្លាយជាយុវជននៅក្នុងឆ្នាំ២០១៩។ តើពួកគេមានការងារធ្វើ និងស្វែងរកអនាគតយ៉ាងដូចម្តេច បើរដ្ឋាភិបាលមិនបានង្កើតការងារ? ជំនួយបរទេសកាន់តែថយចុះ។ ប្រទេសខ្លះនៅស្ងាត់ស្ងៀម។ សហភាពអឺរ៉ុបបញ្ចូលលក្ខខណ្ឌនយោបាយដើម្បីគំរាមកាត់បន្ថយផលប្រយោជន៍សំខាន់ៗពីកម្ពុជា។ តើយើងត្រូវធ្វើដូចម្តេច?
បញ្ហាដ៏យ៉ាប់យ៉ឺនបំផុតនៅក្នុងការសិក្សាគោលនយោបាយសេដ្ឋកិច្ច គឺមិនមែនជាការត្រូវសម្រេចចិត្តបែបណានោះទេ។ តែត្រូវធ្វើសកម្មភាពភ្លាមៗ។ ការធានាឲ្យមានកំណើនសេដ្ឋកិច្ច គឺការស្វែងរកវិនិយោគិន ដែលអាចឆ្លើយតបតម្រូវការរបស់ពលរដ្ឋខ្មែរ។ រដ្ឋាភិបាលកម្ពុជាបានជ្រើសរើសយកការអភិវឌ្ឍបន្ទាន់ ដោយទទួលយកជំនួយពីប្រទេសចិនអនុវត្តគម្រោងអភិវឌ្ឍទីក្រុង និងគម្រោងនៃការតភ្ជាប់រវាងទីក្រុង។
ជាការពិត គេអាចជ្រើសរើសយកការអនុវត្តការអភិវឌ្ឍតាមរយៈវិស័យសេដ្ឋកិច្ចផ្សេងទៀត ដូចជាកសិកម្ម ការចិញ្ចឹមសត្វ រ៉ែ ធនធានប្រេងជាដើម។ ប៉ុន្តែការអភិវឌ្ឍជាមួយវិស័យទាំងនេះ ត្រូវការពេលវេលាយូរ។ មិនមែនថារដ្ឋាភិបាលមិនបានគិតគូរអ្វីនោះឡើយ។ រដ្ឋាភិបាលត្រូវប្រញាប់ប្រញាល់ធ្វើសកម្មភាព ឧទាហរណ៍ដូចជាក្នុងវិស័យទេសចរណ៍។ វាក៏ជាការត្រឹមត្រូវដែរ ដែលត្រូវអភិវឌ្ឍន៍ប្រទេសតាមរយៈការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល។ ពលរដ្ឋដែលទទួលបានការបណ្តុះបណ្តាល អាចបង្កើតក្រុមហ៊ុនដោយខ្លួនឯងបានយ៉ាងលឿន និងបង្កើតការងារបានទៀតផង។
ត្រឡប់មកនិយាយពីវិនិយោគិនចិនវិញ។ យ៉ាងណាក៏ដោយ វត្តមានរបស់ពួកគេក៏ជាការបង្កើតឱកាសដែរ។ តាមរយៈវត្តមានពួកគេ យើងអាចបង្កើតឲ្យឃើញភាពមានបាន និងការអភិវឌ្ឍ។ វាមិនអាក្រក់ទេ វៀរលែងតែយើងអនុញ្ញាតឲ្យក្រុម«បងធំ» អ្នកធ្លាប់ជាប់ទោស និង«លុយខ្មៅ» ចូលមកកម្ពុជា។ យើងត្រូវប្រយ័ត្នប្រយែងជានិច្ច។
លោក លាង ដឺលុច៖ បញ្ហានៅត្រង់ថា វាមិនមែនជាសំណុំរឿងសេដ្ឋកិច្ចដាច់ដោយឡែកនោះទេ។ អ្នកដែលមិនសប្បាយចិត្តនឹងវិនិយោគទុនចិន ច្រើនតែភ្ជាប់ជាមួយមូលហេតុនយោបាយ។ ពួកគេភ័យខ្លាចកម្ពុជារស់នៅក្រោមសម្ពាធរបស់ចិន។ តើលោកយល់ឃើញបែបណាវិញ?
លោក ហ្សង់ ម៉ូរែល៖ ខ្ញុំក៏គិតដល់សេដ្ឋកិច្ចបែបនយោបាយ ពីព្រោះការជ្រើសរើសជម្រើសណាមួយសម្រាប់ដំណើរការសេដ្ឋកិច្ចនោះ គឺជាការធ្វើនយោបាយដើម្បីប្រយោជន៍សង្គមទាំងមូល។
ប្រសិនបើខ្ញុំជាអ្នកនយោបាយ ខ្ញុំនឹងប្រយ័ត្នប្រយែងរឹតត្បិត ដោយមិនបើកចំហទាំងស្រុងសម្រាប់ប្រទេសជិតខាងដូចជាប្រទេសចិននោះឡើយ។ ធម្មតា អ្នកឲ្យលុយ គឺតែងតែមានឥទ្ធិពលលើអ្នកដែលទទួលលុយហើយ។ ការទទួលជំនួយច្រើនដងពេក ក៏នឹងធ្វើឲ្យយើងក្លាយជាអ្នកពឹងអាស្រ័យគេ។ នៅពេលបានជំនួយមក ពលរដ្ឋកម្ពុជាមិនដែលដឹងថាតើមួយណាជាជំនួយ? មួយណាជាវិនិយោគទុន? និងមួយណាជាការខ្ចីនោះទេ? តាមពិត គឺមានទាំងបី។
ជាការពិត កាលណាវាជា «ជំនួយ» គឺរដ្ឋាភិបាលចិនជាអ្នកធ្វើសេចក្តីសម្រេចចិត្ត។ ក្នុងករណីនេះ បើទោះជាយើងប្រយ័ត្ន ឬមិនប្រយ័ត្នក៏ដោយ គឺវានឹងមានសំណងផ្នែកនយោបាយ ឬភូមិសាស្ត្រនយោបាយ។ ជនជាតិចិនដែលជាមនុស្សល្អិតល្អន់ មិនងាយថាមិនខ្វល់ចំពោះជំនួយដែលគេបានផ្តល់នោះឡើយ។
ប្រសិនបើវាជា «ការខ្ចី» យើងត្រូវយល់ដឹងអំពីលក្ខខណ្ឌ និងរយៈពេលដែលត្រូវសង។ ធម្មតាវាមានរយៈពេល៣០ឆ្នាំ។ ត្រូវគិតគូរអំពីបំណុលរបស់ប្រទេស។ ក្នុងរយៈពេល៣០ឆ្នាំទៀត តើអ្នកណាជាអ្នកសង? គឺពលរដ្ឋកម្ពុជា។
និយាយអំពីឥទ្ធិពលនយោបាយរបស់ចិន គឹវាច្បាស់ហើយ។
តាំងពី៧០០ឆ្នាំមកហើយ ប្រទេសកម្ពុជាដែលពេលខ្លះធ្លាក់ចុះអន់ថយ ឬត្រូវហែកហួរគ្នានោះ ត្រូវបានបំពានដោយប្រទេសថៃ និងវៀតណាម។ វាបានផ្តល់បច្ច័យអាក្រក់ណាស់សម្រាប់ប្រជាជនកម្ពុជា។ បន្ទាប់មកទៀត មានបារាំង អាមេរិក វៀតណាម (១៩៧៩-១៩៨៩) ហើយថៃម្តងទៀត (ប្រាសាទព្រះវិហារ ២០០៨)។ បើមានអ្នកការពារដ៏ខ្លាំងក្លាមួយ ដូចប្រទេសចិន ដែលព្រះបរមរតនកោដ្ឋស្រឡាញ់នោះ គ្មានអ្នកណាហ៊ានបំពានកម្ពុជានោះទេ។ វានៅសល់តែការឈ្លានពានក្នុងវិស័យសេដ្ឋកិច្ចពីសំណាក់ជនជាតិចិន ដែលពលរដ្ឋកម្ពុជាត្រូវព្យាយាមប្រកួតប្រជែង។ ពលរដ្ឋកម្ពុជាត្រូវចេញមុខប្រកួតប្រជែង។ ហេតុអ្វីបានជាក្រុមហ៊ុនចិនច្រើនតែសហការជាមួយជនជាតិចិនគ្នាឯង? នោះគឺដោយសារតែពលរដ្ឋខ្មែរមិនទាន់សមត្ថភាពគ្រប់គ្រាន់។ ដូច្នេះប្រជាជនខ្មែរត្រូវប្រឹងប្រែង។
លោក លាង ដឺលុច៖ ទោះយ៉ាងណាក៏ដោយ លោកស្គាល់ពិភពលោកក្នុងវិស័យសេដ្ឋកិច្ចច្រើន តើកម្ពុជាអាចរៀនសូត្រពីចំណុចវិជ្ជមាន និងចំណុចអវិជ្ជមានអ្វីខ្លះពីវិនិយោគិនចិន?
លោក ហ្សង់ ម៉ូរ៉ែល៖ នៅប្រទេសបារាំង វិនិយោគិនចិនបានមានវត្តមាននៅទីនោះ ជាង២០ឆ្នាំហើយ។ អ្នកមានទ្រព្យសម្បត្តិហូរហៀ បានទិញអចលនទ្រព្យថ្លៃកប់ពពកនៅតាមមហាវិថីហ្សង់អេលីហ្សេ និងកន្លែងផលិតស្រាក្រហមថ្លៃៗមួយចំនួនទៀត។ ការណ៍នេះពិតជាបានធ្វើឲ្យពលរដ្ឋបារាំងបារម្ភមែន។ វិនិយោគិនចិនអាចនាំយកស្រាបារាំងទាំងនោះទៅលក់នៅប្រទេសចិនទាំងអស់ ឬក៏អាចឈប់ផលិតស្រាបារាំង តែពួកគេផលិតស្រាចិនវិញ។ ពួកគេមិនគិតអ្វីក្រៅតែពីការធ្វើជំនួញនោះឡើយ។ បន្ទាប់មក គឺពួកគេបំប៉ោងតម្លៃអចលនទ្រព្យ ដោយការទិញហើយលក់ថ្លៃ។ ៤ឆ្នាំមុន ក្រុមហ៊ុនចិនបានទិញហ៊ុនព្រលានយន្តហោះខេត្តទូលូ (Toulouse) ចំនួន៥០ភាគរយ ហើយបានជួសជុលព្រលានយន្តហោះឡើងវិញ។ ឥឡូវនេះ ពួកគេកំពុងចង់លក់ហ៊ុនរបស់ពួកគេវិញឲ្យបានថ្លៃជាងកាលពីពួកគេទិញ។ នេះគឺជាគំនិតរបស់ក្រុមមូលធននិយមរបស់ជនជាតិចិន។
នៅប្រទេសអាហ្វ្រិក វិនិយោគិនចិនមានវត្តមានស្ទើរគ្រប់ទីកន្លែង។ ពួកគេបើកអាជីវកម្មតូចៗ លក់ផលិតផលដែលមានឈ្មួញចិនគ្នាឯងនាំចេញនាំចូលផលិតផលទាំងនោះ។ ខ្លះទៀតបើកជាក្រុមហ៊ុនដេញថ្លៃយកគម្រោងនានាដោយមានការឧបត្ថម្ភពីរដ្ឋាភិបាលរបស់ពួកគេ។ ពួកគេព្យាយាមមានវត្តមាននៅគ្រប់កន្លែង។ នេះគឺជាទម្រង់សេដ្ឋកិច្ចបែបចក្រពត្តិនិយម។ ពួកគេមានចំនួនច្រើន ហើយផ្លាស់ទីទៅមកគ្រប់កន្លែង។ ពួកគេចង់ពង្រីកដែនឥទ្ធិពលរបស់ពួកគេ។ នេះគឺជាសេដ្ឋកិច្ចបែបនយោបាយ។
នៅប្រទេសឥណ្ឌា នៅម៉ាឡេស៊ី រដ្ឋាភិបាលនៃប្រទេសទាំងពីរមិនទុកចិត្តលើបំណងរបស់ចិនដែលទាក់ទងនឹងការបង្កើតគំនិតផ្តួចផ្តើមវិថីសូត្រនោះឡើយ។ រដ្ឋាភិបាលទាំងពីរនេះមានអារម្មណ៍ថា វាជាផ្លូវ ដែលសម្រួលដល់ការឈ្លានពាន។ គឺការឈ្លានពានផ្នែកពាណិជ្ជកម្ម។ កាលណាមានផ្លូវ គឺវានឹងសម្រួលដល់ការធ្វើដំណើរទៅមកនៃជនជាតិចិន។ ជាងនេះទៅទៀត ជនជាតិចិន ចូលចិត្តបង្កើតនិគមជនជាតិចិននៅបរទេស ពិសេសនៅតំបន់អាស៊ី។ ជនជាតិចិនចូលចិត្តធ្វើការងារជាមួយជនជាតិចិនគ្នាឯង។ វិនិយោគិនចិនដែលចូលមកដល់ក្នុងប្រទេសមួយ ពួកគេនឹងទៅរកនិគមជនជាតិចិនគ្នាគេឲ្យធ្វើការ។ ករណីនេះបានកើតឡើងរួចហើយនៅក្នុងប្រទេសថៃ។ គ្រាន់តែថា នៅពេលមាននិគមជនចិនធំដូច្នេះ ប្រទេសថៃក៏ទាក់ទាញទេសចរចិនប្រមាណ១០លាននាក់ក្នុងមួយឆ្នាំដែរ។ វាជាចំណូលបន្ថែមលើសពីសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្ម។
ខ្ញុំចង់និយាយថា វាមានទិដ្ឋភាពវិជ្ជមានផង និងអវិជ្ជមានផង។
នៅកម្ពុជាវិញ វាហាក់ដូចមានទិដ្ឋភាពអវិជ្ជមានខ្លាំងសម្រាប់អ្វីដែលកើតមាននៅខេត្តព្រះសីហនុ។ អ្វីដែលជាបញ្ហាធំជាងគេសម្រាប់ខ្ញុំគឺ កាស៊ីណូ ដោយសារតែវាមិនត្រឹមតែជាបញ្ហាសីលធម៌ដែលមិនអាចទទួលយកបាននោះទេ ប៉ុន្តែថែមទាំងអាចជាកន្លែងដែលស្រូបយក«លុយខ្មៅ»ទៀតផង។
បន្ទាប់មកទៀត គឺបញ្ហាការងារ។ យើងមិនត្រូវលើកទឹកចិត្តឲ្យក្រុមហ៊ុនចិននៅកម្ពុជា រើសបុគ្គលិកជនជាតិចិនគ្នាឯងនោះទេ។ ពួកគេត្រូវរើសបុគ្គលិកជនជាតិខ្មែរ។ ត្រូវយល់ថា ប្រសិនបើវិនិយោគទុនចិនមិនបានបង្កើតការងារឲ្យពលរដ្ឋខ្មែរនោះទេ នោះគឺជាវិនិយោគទុនដែលមិនសូវផ្តល់ផលចំណេញឡើយ។ នេះមិនទាន់និយាយដល់ស្លាកយីហោ ឬប៉ាណូរបស់ពួកគេដែលសុទ្ធតែជាអក្សរចិនដែលធ្វើខ្ញុំស្រឡាំងកាំងមែនទែន។
ទាក់ទងនឹងវិស័យការងារដដែល អ្នកសេដ្ឋកិច្ចទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា អ្នកជំនាញនានាផ្សេងទៀត សុទ្ធតែដឹងថា កម្មករខ្មែរមិនមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងគ្រប់វិស័យ គ្រប់មុខរបរ និងនៅគ្រប់កម្រិត។ វាគួរឲ្យបារម្ភណាស់សម្រាប់អនាគត។ នៅកម្ពុជាយើងនេះ យើងខ្វះសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដែលមិនបង់ថ្លៃ។ ពលរដ្ឋកម្ពុជា និងរដ្ឋាភិបាលត្រូវគិតពីបញ្ហានេះ។
លោក លាង ដឺលុច៖ លោក ហ្សង់ ម៉ូរ៉ែល មុននេះបន្តិច លោកនិយាយដល់ កាស៊ីណូ និងលុយខ្មៅ។ តើលោកអាចបញ្ជាក់បន្ថែមបានទេ?
លោក ហ្សង់ ម៉ូរ៉ែល៖ លុយខ្មៅ គឺលុយដែលបានមកពីអំពើមិនស្មោះត្រង់ ដូចជាលុយដែលបានមកពីការ ជួញដូរគ្រឿងញៀន ជួញដូរឈើប្រណីត ការជួញដូរអាវុធ ជួញដូរផ្លូវភេទ និងអំពើពុករលួយ។ តើគេត្រូវអ្វីជាមួយលុយខ្មៅ ដើម្បីឲ្យលុយទាំងនេះក្លាយជាលុយស្របច្បាប់? គឺត្រូវចាយវានៅកាស៊ីណូ។ លេងរហូតដល់តែឈ្នះ។ ដូច្នេះយើងនឹងទទួលបានមូលប្បទានបត្រមួយដែលយើងអាចនាំយកលុយស្អាតស្អំទាំងនោះទៅដាក់នៅធនាគារជាផ្លូវការបាន។ កាស៊ីណូត្រូវបានហាមឃាត់នៅស្ទើរពេញពិភពលោក លើកលែងតែនៅទីក្រុងមួយចំនួនដែលគេអាចគ្រប់គ្រងបានប៉ុណ្ណោះ។ ដោយសារប្រទេសចិនហាមឃាត់មិនឲ្យមានកាស៊ីណូ ទើបពលរដ្ឋចិនមកលេងកាស៊ីណូនៅម៉ាកាវ។ ចុះបើនៅក្រុងព្រះសីហនុ ក្លាយជាម៉ាកាវថ្មី តើវានឹងបង្កើនជីវភាពដល់ពលរដ្ឋខ្មែរឬទេ? ហើយថាតើយើងគ្រប់គ្រងកាស៊ីណូទាំងនោះយ៉ាងដូចម្តេច?
លោក លាង ដឺលុច៖ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវធានារក្សាកំណើនសេដ្ឋកិច្ច ដើម្បីកម្ពុជាអាចឯករាជ្យ និងមានអធិបតេយ្យរឹងមាំ។ តើលោក ហ្សង់ ម៉ូរ៉ែល យល់យ៉ាងណាដែរ?
លោក ហ្សង់ ម៉ូរ៉ែល៖ ខ្ញុំយល់ថា សំណួរនេះមានទំនោរទៅរកនយោបាយជាជាងសេដ្ឋកិច្ច។ ប៉ុន្តែខ្ញុំនឹងឆ្លើយបែបសេដ្ឋកិច្ចវិញ។ កាលពីច្រើនឆ្នាំកន្លងទៅ ខ្ញុំធ្លាប់មានឱកាសផ្តល់គំនិតជូនសម្តេចនាយករដ្ឋមន្ត្រីថា សេដ្ឋកិច្ចទីផ្សារនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា បើទោះបីជារដ្ឋអាចបាត់បង់តួនាទីសំខាន់ខ្លះក៏ដោយ។ ជាការពិត ពាណិជ្ជកម្មសេរីក៏បង្កើតឲ្យមានភាពមិនឯករាជ្យផងដែរតាមរយៈការនាំចូល។ បានន័យថា សម្រាប់ទំនិញខ្លះ តម្លៃរបស់វាប្រែប្រួលទៅតាមទីផ្សារអន្តរជាតិ ដោយយើងមិនអាចសម្រេចបានដោយខ្លួនឯង។ ខ្ញុំក៏ដឹងដែរ ក្នុងករណីបែបនេះ សម្តេចនាយករដ្ឋមន្ត្រីបានយល់ច្បាស់ ហើយក៏ប្រុងប្រយ័ត្នផងដែរ ដោយណែនាំឲ្យក្រសួងពាក់ព័ន្ធនានាដូចជា ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ពិនិត្យនិងគ្រប់គ្រងទីផ្សារក្នុងស្រុក និងការនាំចូលឲ្យមានតុល្យភាព។
ទាក់ទងនឹងការវិនិយោគពីសំណាក់ជនជាតិចិន យើងត្រូវតែច្បាស់លាស់ថា ការអភិវឌ្ឍទាំងនោះនឹងត្រូវផ្តល់ប្រយោជន៍មកដល់សេដ្ឋកិច្ចកម្ពុជា គឺមិនមែនសេដ្ឋកិច្ចចិនឡើយ។ យើងត្រូវច្បាស់លាស់ថា មហាយក្សចិននឹងមិនមកស៊ីប្រទេសកម្ពុជាទេ តែត្រូវមកជួយបណ្តុះបណ្តាល និងផ្តល់ការងារដល់ពលរដ្ឋខ្មែរ។ ម្យ៉ាងវិញទៀត អ្វីដែលគួរឲ្យគិតគូរខ្លាំងបំផុតនោះ គឺមិនត្រូវឲ្យផលចំណេញ ត្រូវធ្លាក់តែទៅលើគ្រួសារអ្នកមានៗដដែលនោះឡើយ។ សូមប្រយ័ត្នប្រយែងឲ្យមែនទែនចំពោះការផ្តល់ឱកាសឲ្យអ្នកមានទ្រព្យមួយចំនួន កាន់តែមានទ្រព្យច្រើនឡើងៗនោះ។
ខ្ញុំលឺថា មានគ្រួសារខ្មែរកាត់សែស្រឡាយចិនប្រមាណពី៥០ទៅ៥០០គ្រួសារកំពុងធ្វើជំនួញក្នុងវិស័យសំណង់ និងអគារ។ គ្រោះថ្នាក់គឺនៅត្រង់គ្រួសារទាំងនោះនឹងក្តោបក្តាប់ និងគ្រប់គ្រងផលប្រយោជន៍ទាំងអស់។ កុំភ្លេចថា ជនជាតិចិនស្វែងរកសហការជាមួយជនជាតិចិន។ ដូច្នេះជនជាតិចិនកាត់ខ្មែរនឹងទទួលបានប្រយោជន៍ និងកាន់តែមានទ្រព្យច្រើនឡើង។ រដ្ឋាភិបាលត្រូវប្រយ័ត្នប្រយែងកុំឲ្យផលប្រយោជន៍ទាំងនោះធ្លាក់តែទៅលើក្រុមគ្រួសារអ្នកមានដដែលៗ ពោលគឺត្រូវធ្វើយ៉ាងណាឲ្យផលប្រយោជន៍ទាំងអស់បែងចែកទៅដល់សង្គមទាំងមូល។ លុយដែលធ្លាក់ទៅដល់ដៃពលរដ្ឋខ្មែរ វាគឺជាផលប្រយោជន៍ដែលពួកគេរង់ចាំពីគម្រោងវិនិយោគរបស់ចិន។
លោក លាង ដឺលុច៖ ជាសំណួរចុងក្រោយលោក ហ្សង់ ម៉ូរ៉ែល! ក្នុងបរិបទសេដ្ឋកិច្ច តើលោកមើលឃើញយ៉ាងណាខ្លះអំពីកម្ពុជាបច្ចុប្បន្ន និងកម្ពុជាក្នុងពេលអនាគត?
លោក ហ្សង់ ម៉ូរ៉ែល៖ ជាម៉ាក្រូសេដ្ឋកិច្ច គេត្រូវមើលកម្ពុជាក្នុងក្របខណ្ឌរយៈពេលខ្លីផង រយៈពេលមធ្យមផង និងរយៈពេលវែងផង។ បើមើលស្ថានភាពបច្ចុប្បន្ននេះ យើងត្រូវតែពេញចិត្ត និងពេញចិត្តខ្លាំងទៀតផង ដែលមានវិនិយោគទុនចិនចូលមក និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែខ្ពស់។
កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះអាចនឹងខ្ពស់ជាងគេទៀតផងនៅក្នុងតំបន់អាស៊ាន ហើយអាចខ្ពស់ជាងប្រទេសចិនដែរ។ គ្មានអ្វីត្រូវបារម្ភទេ។ ប៉ុន្តែ វាគ្រាន់តែជាស្ថានភាពរយៈពេលខ្លីប៉ុណ្ណោះ។
សម្រាប់ស្ថានភាពរយៈពេលវែង រឿងវិជ្ជមាន មានតិចជាងនេះ។ ទីមួយ គឺដោយសារតែវិស័យសំណង់ដែលកំពុងស្រូបយកវិនិយោគទុនដ៏ធំនោះ មានព្រំដែនរបស់វា។ បន្ទាប់មក កំណើនសេដ្ឋកិច្ចរបស់ចិនអាចធ្លាក់ចុះក្នុងឆ្នាំខាងមុខ។
បើយើងមើលក្នុងន័យវិជ្ជមាន យើងឃើញថាដំណាំកសិកម្មជាច្រើនត្រូវបានវិនិយោគដោយជនបរទេស។ វិស័យជលផល ស្ថិតក្នុងដៃជនជាតិវៀតណាម និងវិស័យចិញ្ចឹមសត្វ គឺស្ថិតក្នុងដៃខ្មែរអ៊ីស្លាម។ រីឯក្រុមខ្មែរសែស្រឡាយចិន កាន់កាប់វិស័យជំនួញ។ វិស័យសណ្ឋាគារកាន់កាប់ដោយជនជាតិថៃ និងសិង្ហបុរី។ ម្ចាស់ធនាគារធំៗ គឺមិនមែនជារបស់ខ្មែរទេ។ រោងចក្រផលិតផលសម្លៀកបំពាក់ និងស្បែកជើងជារបស់ជនជាតិចិន។ វិស័យទេសចរណ៍សឹងតែត្រូវបានទូទាត់រួចហើយនៅក្រៅប្រទេស។ ទេសចរជនជាតិ ហាក់មិនបានចាយវាយអ្វីនៅកម្ពុជាឡើយ ពីព្រោះពួកគេបានបង់ថ្លៃនានាជាលុយយ័នរួចអស់ហើយ មុនពួកគេចេញដំណើរ។
បើយើងបន្តមើលស្ថានភាពកម្ពុជាក្នុងន័យវិជ្ជមានទៀត កម្ពុជាមានកម្លាំងយុវជនច្រើនណាស់ពេលនេះ។ ប៉ុន្តែតើពួកគេធ្វើអ្វី? ប្រទេសកម្ពុជាមានសម្បត្តិ មានឱកាសច្រើនណាស់ ប៉ុន្តែពលរដ្ឋកម្ពុជា ហាក់ស្ពឹកស្រពន់ ក្នុងការងារប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។
បើយើងមើលកម្ពុជាក្នុងន័យអវិជ្ជមានវិញ យើងអាចនិយាយថា កម្ពុជាពុំមានអគ្គិសនីគ្រប់គ្រាន់ ហើយមានតម្លៃថ្លៃទៀត។ អង្ករយើងដាំបាយឆ្ងាញ់ ប៉ុន្តែវាថ្លៃជាអង្កររបស់ប្រទេសជិតខាង។ ជាងនេះទៅទៀតផ្ទៃដីដាំស្រូវកំពុងតែថយចុះទៀត។ កម្ពុជាមានត្រី ប៉ុន្តែត្រីទាំងនោះកាន់តែតូចទៅតូចទៅ។ មានការងារ តូចតាចសម្រាប់ពលរដ្ឋដែរ ប៉ុន្តែការងារទាំងនោះមានប្រាក់ឈ្នួលទាបខ្លាំង។
ដូច្នេះ ខ្ញុំព្រួយបារម្ភខ្លាំងណាស់។ ខ្ញុំគិតថា យើងត្រូវតែរៀបចំការវិនិយោគក្នុងវិស័យអប់រំឲ្យបានឆាប់ ដោយមានគោលនយោបាយ និងថវិកាច្បាស់លាស់។ យើងត្រូវបន្ថយថវិកានៅក្នុងវិស័យការពារជាតិ ព្រោះ យើងមានអ្នកការពារយើងហើយ ហើយយកថវិកានោះទៅបង្កើតសាលាបណ្តុះបណ្តាល វិជ្ជាជីវៈជំនាញ។ យើងត្រូវស្នើសុំទៅរដ្ឋាភិបាលចិនឲ្យជួយបង្កើតសាលាវិជ្ជាជីវៈដែលឥតបង់ថ្លៃ។ យើងត្រូវផ្លាស់ប្តូរការអប់រំ និងផ្នត់គំនិត។ ពលរដ្ឋកម្ពុជាឥឡូវ លែងស្គាល់អំពើពុករលួយហើយ។ ពួកគេចំណាយលុយលើសេវាសាធារណៈ ដែលតាមធម្មតា ពួកគេមិនត្រូវបង់អ្វីទាំងអស់។ មន្ត្រីរាជការក៏លែងដឹងថា ពួកគេបានប្រព្រឹត្តិអំពើពុករលួយដែរ។
ពលរដ្ឋខ្មែរត្រូវរួមគ្នាគិតគូរឡើងវិញ។ ខ្ញុំបានរង់ចាំការផ្លាស់ប្តូររបស់ពលរដ្ឋកម្ពុជា២០ឆ្នាំហើយ។ ពលរដ្ឋខ្មែរមិនត្រូវគិតតែពីរិះគន់ជនជាតិចិននោះឡើយ។ ហេតុអ្វីពលរដ្ឋកម្ពុជាប្រារព្ធពិធីចូលឆ្នាំចិន? ហេតុអ្វីពលរដ្ឋកម្ពុជាចូលចិត្តចូលរួមប្រារព្ធពិធីគ្រប់បែបយ៉ាង? បើយើងចាប់ផ្តើមពិចារណាឡើងវិញ នោះហើយជាការផ្តើមនៃអនាគតយើង។ បើមិនអ៊ីចឹងទេ គឺពុំមានអនាគតឡើយ៕