ជាតិ
សង្គមជាតិ
ក្រោយ​ដៀល​ខ្មែរ ចំប៉ី​ខ្មៅ​ប្រាប់ថា ពេល​ទៅណា គេ​តាម​ជេរ និងបារម្ភពីសុវត្ថិភាព
05, Feb 2019 , 7:27 pm        
រូបភាព
យុវជន យិន ហេង ហៅចំប៉ីខ្មៅ
យុវជន យិន ហេង ហៅចំប៉ីខ្មៅ
​អាច​និយាយបានថា អ្នក​លេង​ហ្វេ​ស​ប៊ុ​កណា ក៏​ស្គាល់​យុវជន​ម្នាក់​ឈ្មោះ យិន ហេង ហៅ ចំប៉ី​ខ្មៅ​ដែរ ក្រោយពី​រូបគេ ប្រើពាក្យ​ប្រមាថកាតទាន​ពូជសាសន៍​ខ្មែរ​។ ពេលនេះ មហាជន កំពុង​ប្រតិកម្ម​និង​វាយប្រហារ​ទៅលើយុវជន​រូបនេះ។


 
​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ នៅ​ល្ងាច​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ចំប៉ី​ខ្មៅ ដែល​គេ​ដឹងថា​ជា​ភេទ​ទី​៣ បាន​ប្រាប់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ត្រង់ៗ​តែ​ម្តងថា ខ្លួន ជា​កូនកាត់​វៀតណាម ដោយ​ឪពុក ជា​ជន​ជាតិវៀតណាម ហើយ​ម្តាយ​ជា​ជនជាតិខ្មែរ​។ ក៏ប៉ុន្តែ ចំប៉ី​ខ្មៅ បកស្រាយ​ថា កំហុស​របស់ខ្លួន​នាពេលនេះ គឺ​កើតឡើង​ដោយ​អ​​ចេ​តនា ព្រោះតែ​មិនអាច​ទប់​កំហឹង​នឹង​អ្នក​ដែល​ជិះ​ម៉ូតូ​ទៅ​ខោក​ក្បាល​។ ចំប៉ី​ខ្មៅ ការពារ​ខ្លួន​ថា មិនមែន​ដោយសារ​តែខ្លួន​ជា​កូនកាត់​វៀតណាម ហើយ​ក៏មាន​ចេតនា​ចង់​ប្រមាថ​ឬ​ដៀល​ពូជសាសន៍​ខ្មែរ​នោះទេ​។

វីដេអូ ដែលចំប៉ីខ្មៅ ជេរជនមិនស្គាល់មុខ៣នាក់ ដែលជិះម៉ូតូទៅខោកក្បាលខ្លួន នៅម្តុំព្រះបរមរាជវាំង កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ហើយក៏ជ្រុលមាត់ដៀលពូជសាសន៍ខ្មែរ​ 

ក្រោយ​បកស្រាយ​បែបនេះ​រួចហើយ ចំប៉ី​ខ្មៅ ក៏​និយាយ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។ ចំប៉ី​ខ្មៅ បារ​ម្ម​ថា ខ្លាច​គេ ប្រើ​អំពើហិង្សា​លើ​ខ្លួន ពេលចេញ​ក្រៅ​ផ្ទះ​។ ប៉ុន្តែ ចំប៉ី​ខ្មៅ ប្រាប់ថា មិនមាន​​ជម្រើស​ឡើយ ព្រោះ​ត្រូវ​ទិញ​អាហារ​ញ៉ាំ​និង​របស់របរ​ប្រើប្រាស់ ដូច្នេះ ត្រូវតែ​បង្ខំចិត្ត​ចេញ​ក្រៅ ទាំង​ចិត្ត​ភិតភ័យ​ខ្លះៗ​។
 
​ចំប៉ី​ខ្មៅ និយាយ​បែបនេះ​ថា​៖«​យើង​គេ​ស្គាល់​គេ​ចំណាំ អ៊ីចឹង ចេញទៅ​ណា​មក វា​ពិបាក​។ តែបើ​អត់​ចេញ​ក្រៅ អត់​មានអី​ញ៉ាំ​ទេ អ៊ីចឹង​ខ្ញុំ នៅតែ​ប្រើ​ជីវភាព​ធម្មតា​ដដែល​»​។​
 
​ប៉ុន្តែ រហូតមកដល់​ពេលនេះ ចំប៉ី​ខ្មៅ អះអាងថា ពុំបាន​មាន​អ្នក​ម្នាក់​ប្រើ​ហិង្សា​លើ​ខ្លួន​ឡើយ ដោយ​គ្រាន់តែ សម្លក់សម្លឹង តាម​ថត និង​តាម​ជេរ​ពីក្រោយ​ប៉ុណ្ណោះ​។

សំឡេងចំប៉ីខ្មៅ ដែលនិយាយតាមប្រព័ន្ធទូរសព្ទជាមួយសារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ



ចំប៉ីខ្មៅ ស​ង្ឃឹ​ង​ថា ប្រជាពលរដ្ឋ នឹង​គ្រាន់តែ​ជេរ​ឬ​វាយប្រហារ​តាម​ពាក្យសម្តី​ប៉ុណ្ណោះ តែ​នឹងមិន​ប្រើ​អំពើហិង្សា​លើ​ខ្លួន ពេលធ្វើ​ដំណើរ​នោះទេ ពីព្រោះ​កម្ពុជា ជា​ប្រទេស​មាន​នីតិរដ្ឋ​។ ហើយ​ម្យ៉ាងទៀត ចំប៉ី​ខ្មៅ សង្ឃឹមថា ប្រជាពលរដ្ឋ នឹង​លើកលែងទោស​ឲ្យ​ខ្លួន​ចំពោះ​កំហុស​អ​ចេ​ន​នា​នេះ​។​
 
ចំប៉ីខ្មៅ និយាយទាំងសោកស្តាយចំពោះកំហុសរបស់ខ្លួន យ៉ាងដូច្នេះថា៖«[.....] យើង អ្នកធ្វើ យើង ជា​អ្នកទទួលខុសត្រូវ​។ យើង​មិនមែន​ប្រកែក​ថា យើង​អត់​បានធ្វើ​ទេ ពេលខ្លះ​យើង​ព្យាយាម​ដែរ តែ​ធ្វើ​ម៉េច បើ​គេ​វាយ​យើង​ហើយ យើង​ទប់​អត់​បាន វា​ទៅតាម​ហ្នឹង​ទៅ​។ [.....] តែ​ខ្ញុំ​សង្ឃឹមថា ខ្មែរ​យើង​ជា​ពូជសាសន៍​មួយ ដែល​យោគយល់​គ្នា និង​អធ្យាស្រ័យ​ឲ្យ​គ្នា​....»​។​

ចំប៉ី​ខ្មៅ ក៏​សង្ឃឹម​ផងដែរ​ថា អ្នក​ដែល​ប្រកាស​ដាក់ពាក្យ​ប្តឹង និង​អ្នក​ដែលបាន​ដាក់ពាក្យ​ប្តឹង​លើ​ខ្លួន​រួចហើយនោះ នឹង​ដក​ពាក្យ​ប្តឹង​ទាំងនោះ​ចេញ​វិញ​។

ក្រោយ​ចំប៉ី​ខ្មៅ ប្រើ​ភាសា​មិនអាច​ទទួលយកបាន​លើ​ពូជសាសន៍​ខ្មែរ មហាជន​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន បាន​នាំគ្នា​ប្រតិកម្ម​ខ្លាំងៗ និង​អ្នកខ្លះ​សម្តែង​អារម្មណ៍​ខឹងសម្បារ​ចំពោះ​ចំប៉ី​ខ្មៅ និង​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ទោះជា​ចំប៉ី​ខ្មៅ បានចេញ​វីដេអូ​សូមទោល​រួចហើយ​ក៏ដោយ ក៏​មហាជន នៅតែ​មិនអាច​ទទួលយកបានដដែល​។

ប​ច្ច​ប្បន្ន មហាជន កំពុង​រង់ចាំ​មើលថា​តើ​សមត្ថកិច្ច នឹង​ចាត់វិធានការ​យ៉ាងដូច​ម្តេច​ចំពោះចំប៉ី​ខ្មៅ​៕ 

វីដេអូ ដែលចំប៉ីខ្មៅ សូមទោសនៅថ្ងៃទី៥ ខែកុម្ភៈ ក្រោយនិយាយជ្រុលជ្រួសលើពូជសាសន៍ខ្មែរ

 
 

© រក្សាសិទ្ធិដោយ thmeythmey.com