ជាតិ
ពីនេះ ពីនោះ
ផ្កាស្បៃរឿង, សំបកស្តៅ, រំដេង, ដើមប្រមាត់មនុស្ស, បណ្តូលពេជ្រ, ខ្ទឹមស... ជាធាតុផ្សំថ្នាំពុលធម្មជាតិកំចាត់សត្វល្អិត
06, Feb 2019 , 11:45 am        
រូបភាព
រូបភាពផ្តល់សិទ្ធិដោយគេហទំព័រសហគមន៍សម្បូរសប្បាយ
រូបភាពផ្តល់សិទ្ធិដោយគេហទំព័រសហគមន៍សម្បូរសប្បាយ
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រោយពីទទួលបានការបណ្ដុះបណ្តាលពីអង្គការសេដាក ទៅលើបច្ចេកទេសដាំដំណាំតាមគោលការណ៍ធម្មជាតិមក លោក ឃឹម ស បានឈប់ប្រើថ្នាំគីមី ដោយងាកមកប្រើថ្នាំផ្សំពីរុក្ខជាតិវិញ។ ថ្នាំផ្សំដែលកសិកររូបនេះផ្សំ មានប្រសិទ្ធភាពខ្ពស់អាចសម្លាប់សត្វល្អិតលើដំណាំបន្លែគ្រប់ប្រភេទ។ តាមរយៈការផ្សំថ្នាំពុលធម្មជាតិមានប្រសិទ្ធភាព បានធ្វើឲ្យអ្នកជិតខាងរបស់លោកមួយចំនួន បានរៀនសូត្រពីរបៀបផ្សំថ្នាំពីរុក្ខជាតិនេះផងដែរ។



លោក ឃឹម ស  ជាកសិកររស់នៅភូមិត្រពាំងកប្បាស ឃុំតាភេម  ស្រុកត្រាំកក់ ខេត្តតាកែវ។ លោក ឃឹម ស ប្រាប់ពីបច្ចេកទេសផ្សំថ្នាំពុលធម្មជាតិយ៉ាងដូច្នេះ៖ 

១. របៀបផ្សំ
ធាតុផ្សំដែលកសិកររូបនេះបានប្រើ ដើម្បីកំចាត់សត្វល្អិតលើដំណាំបន្លែមានដូចជា៖
ដើមផ្កាស្បៃរឿង ៤គុម្ព, សំបកស្តៅ ១៥ គីឡូក្រាម, សំបកកន្ទួត ១៥ គីឡូក្រាម, រំដេង ៣ ខាំ, មើមក្តួច ៥ គីឡូក្រាម, មើមម្រះព្រៅភ្នំ ២ គីឡូក្រាម, បណ្តូលពេជ្រ ១៥ គីឡូក្រាម, ដើមប្រមាត់មនុស្ស ៣ គីឡូក្រាម, ផ្លែស្លាក់ ១៥ គីឡូក្រាម, ខ្ទឹមស ១ គីឡូក្រាម។
 
២. របៀបផ្សំ និងការរក្សាទុក
កសិករ ឃឹម ស បានយកធាតុផ្សំទាំងអស់ទៅបុក ឬដំឲ្យទក់ រួចដាក់ចូលទៅក្នុងពាងធំមួយ ដោយចាក់ទឹកឲ្យលិចធាតុផ្សំទាំងនោះ រួចត្រាំវាទុកក្នុងរយៈពេល ១៥ ទៅ ២០ថ្ងៃ ទើបយកទៅប្រើ។ ក្រោយពីផ្សំរួចរាល់ហើយ កសិករ ឃឹម ស បានយកទឹកថ្នាំនេះទៅទុកនៅក្រោមម្លប់ (ក្រោមផ្ទះ) ហើយបើកគម្របពាងកូរមួយថ្ងៃម្តងដើម្បីឲ្យថ្នាំឆាប់កាច់។
 
៣. របៀបប្រើ
កសិករ ឃឹម ស ប្រើថ្នាំនេះស្រោចទៅលើដំណាំបន្លែគ្រប់ប្រភេទមានដូចជា ស្ពៃ ខាត់ណា ត្រកួនជាដើម។ ក្នុងការប្រើ កសិកររូបនេះ បានលាយថ្នាំទៅតាមអាយុដំណាំ៖
  • ដំណាំនៅតូចកម្ពស់ ១ ទៅ ២តឹក កសិករ ឃឹម ស យកទឹកថ្នាំ ១លីត្រ លាយជាមួយទឹក ១០លីត្រ
  • ដំណាំធំ កសិករ ឃឹម ស លាយទឹកថ្នាំ ១លីត្រដដែល ជាមួយទឹក ៨លីត្រ (បន្ថយ)។
កសិករ ឃឹម ស ប្រើថ្នាំនេះស្រោចរៀងរាល់ ៣ ទៅ ៥ថ្ងៃម្តង ស្រោចនៅពេលល្ងាចត្រជាក់។ នៅពេលព្រលឹម ទើបស្រោចទឹកធម្មតាលាងតាមក្រោយ។ ការធ្វើដូចនេះ ដើម្បីកុំឲ្យស្រពោនស្លឹកនៅពេលត្រូវកំដៅថ្ងៃ។ កសិករ ឃឹម ស បានផ្អាកស្រោចទឹកថ្នាំមុនពេលប្រមូលផលបាន ១សប្តាហ៍។

 (ឯកសារនេះ ផ្ដល់សិទ្ធិដោយសហគមន៍សម្បូរសប្បាយ និងអង្គការសេដាក)
 

Tag:
 កសិកម្ម
  ផ្សំថ្នាំពុលធម្មជាតិ
  មេរៀនកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com