English-Français
ជាតិ
បញ្ចប់​អនុបណ្ឌិត​សន្តិសុខ​អន្តរជាតិ និង​ការពារជាតិ​ពី​បារាំង កញ្ញា ដាវ វ័យ២៤​ឆ្នាំ ប៉ង​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ
06, Feb 2019 , 3:56 pm        
រូបភាព
​ភ្នំពេញ​៖ ខុសពី​នារី​ដទៃ​ដែលជា​ទូទៅ​ចូលចិត្ត​ជំនាញ​រដ្ឋបាល គ្រប់គ្រង ឬ​គណនេយ្យ​, កញ្ញា វ៉ាន់​នី សុ​ភី​ដាវ ចាប់យក​ជំនាញ​ប្លែក​ពី​គេ​។ ស្ថិតក្នុង​អាយុ​២៤​ឆ្នាំ កញ្ញា វ៉ាន់​នី សុ​ភី​ដាវ ទើប​បញ្ចប់​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​សន្តិសុខ​អន្តរជាតិ និង​ការពារជាតិ​ពី​សកល​វិទ្យាល័យ Jean Moulin Lyon III នៃ​ប្រទេស​បារាំង​កាល​ចុងឆ្នាំ​២០១៨​កន្លងមក​។ ជំនាញ​របស់​កញ្ញា សុ​ភី​ដាវ ត្រូវ​នឹង​វិស័យ​សា​ធាណៈ ជាង​វិស័យ ឯកជន ហើយ​ក្រសួង​ដែល​ត្រូវ​នឹង​ជំនាញ​របស់​កញ្ញា​ខ្លាំងជាងគេ គឺ​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ ក្នុងចំណោម​ក្រសួង​ទាំងបី​នេះ កញ្ញា បានបង្ហាញ​អា​ម្មណ៍​ថា កញ្ញា​មានបំណង​ចង់​បម្រើការ​នៅក្នុង​ក្រសួងមហាផ្ទៃ​ច្រើនជាងគេ​។ ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​នៃ​សា​ព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) និង​កញ្ញា វ៉ាន់​នី សុ​ភី​ដាវ ដូចតទៅ​៖
 
​បទ​សម្ភាស​វីដេអូ ជា​ភាសា​បារាំង​

 

​ក្នុងសង្គម​ខ្មែរ នារី​ភាគច្រើន​មិនសូវ​ទទួលបាន​សញ្ញាបត្រ​ជាន់ខ្ពស់​ក្រោយ​ឧ​ត្ត​ម​សិក្សា​ឡើយ​។ ប៉ុន្តែ កញ្ញា វ៉ាន់​នី សុ​ភី​ដាវ គឺជា​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុងចំណោម​ស្ត្រី​មួយចំនួន​តូច​ផ្សេងទៀត​ដែល​ប្រឹងប្រែង​សិក្សា​រហូត​ទទួលបាន​សញ្ញាបត្រ​ក្រោយ​ឧ​ត្ត​មសិ​ក្ស​។  ហើយ​អ្វីដែល​កាន់តែ​ពិសេស​ទៅទៀត​នោះ គឺថា កញ្ញា សុ​ភី​ដាវ ចាប់យក​ជំនាញ​ដែល​ស្ត្រី​ភាគច្រើន​មិន​ប្រាថ្នា​ឡើយ​។ សញ្ញាបត្រ​ជាន់ខ្ពស់​អនុបណ្ឌិត​ចុងក្រោយ​របស់​កញ្ញា គឺ​សន្តិសុខ​អន្តរជាតិ និង​ការពារជាតិ​ពី​សកល​វិទ្យាល័យ Jean Moulin Lyon III នៃ​ប្រទេស​បារាំង​។ ការសិក្សា​អនុបណ្ឌិត​ចុងក្រោយ​នេះ គឺ​កញ្ញា​ទទួលបាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​បារាំង​ឆ្នាំ​២០១៧-២០១៨​។ 
 
​មាន​ចំណង់​ចំណូលចិត្ត​សិក្សា ដូច្នេះ កញ្ញា វ៉ាន់​នី សុ​ភី​ដាវ បាន​ចំណាយ​យុវភាព​របស់​នាង​យ៉ាងច្រើន​សម្រាប់​ការសិក្សា​។ មុន​ទទួលបាន​សញ្ញាបត្រ​ជាន់ខ្ពស់​អនុបណ្ឌិត ផ្នែក​សន្តិសុខ​អន្តរជាតិ និង​ការពារជាតិ​ពី​សកល​វិទ្យាល័យ Jean Moulin Lyon III នៃ​ប្រទេស​បារាំង​, កញ្ញា វ៉ាន់​នី សុ​ភី​ដាវ បានបញ្ចប់​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​សន្តិសុខ​ផ្ទៃក្នុង​នៅ​សកល​វិទ្យាល័យ Lyon III​ផងដែរ​។ ហើយ​មុននេះ បន្តិច កញ្ញា បានបញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិជ្ជាជីវៈ​គតិយុត្តិ​នៅ​សកលវិទ្យា​ល័យ Lyon II នៅក្នុង​ប្រទេស​បារាំង​។ 


 
​មុននឹង​ទៅ​សិក្សា​នៅក្នុង​ប្រទេស​បារាំង កញ្ញា វ៉ាន់​នី សុ​ភី​ដាវ បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ច្បាប់​ថ្នាក់​បារាំង​ពីស​កល​វិទ្យាល័យ​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ជំនាញ​របស់​កញ្ញា សុ​ភី​ដាវ ត្រូវ​នឹង​វិស័យ​សា​ធាណៈ ជាង​វិស័យ ឯកជន ហើយ​ក្រសួង​ដែល​ឆ្លើយតប​ទៅនឹង​ជំនាញ​របស់​កញ្ញា​ច្រើនជាងគេ គឺ​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ ក្នុងចំណោម​ក្រសួង​ទាំងបី​នេះ កញ្ញា​បានបង្ហាញ​អា​ម្មណ៍​ថា កញ្ញា​មានបំណង​ចង់​បម្រើការ ដោយ​ឆ្លងកាត់​ការប្រឡង​ចូល​នៅក្នុង​ក្រសួងមហាផ្ទៃ​ច្រើនជាងគេ​។ មូលហេតុ ត្រូវបាន​កញ្ញា​ពន្យល់​យ៉ាងខ្លី​ថា​៖«​ចង់​ចូលរួមចំណែក​ជួយ​ក្រសួង​ជាមួយនឹង​ចំណេះដឹង​ដែល​កញ្ញា​ទទួលបាន​ពី​ក្រៅប្រទេស​»៕ 

Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com