ជាតិ
សង្គមជាតិ
ចំប៉ី​ខ្មៅ ប្រឈម​ជាប់ពន្ធនាគារ​ពី​១​ទៅ​៣​ឆ្នាំ​ពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង​
06, Feb 2019 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ
​យុវជន យិន ហេង ហៅ ចំប៉ី​ខ្មៅ ត្រូវបាន​ចោទ​ពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៦ តាម​ក្រមព្រហ្មទណ្ឌ​។ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ចំប៉ី​ខ្មៅ នៅ​ល្ងាច​ថ្ងៃទី​៦ ខែកុម្ភៈ​នេះ ក្រោយ​សាកសួរ​រូបគេ​រួចមក​។  


 
​សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​ចាប់​ចំប៉ី​ខ្មៅ កាលពី​យប់​ថ្ងៃទី​៥ ខែកុម្ភៈ ដោយសារតែ​ប្រើពាក្យ​សម្តី​ជ្រុលជ្រួស ដែល​ស្តាប់ទៅ​មាន​លក្ខណៈ​ប្រមាថ​ជាតិ​សាស​សន៍​ខ្មែរ​។ ដំបូង​ឡើយ ចំប៉ី​ខ្មៅ មានបំណង​ជេរប្រទេច​លើ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បីនាក់ ដែល​ជិះ​ម៉ូតូ​ទៅ​ខោក​ក្បាល​ខ្លួន នៅ​ម្តុំ​ព្រះបរមរាជវាំង កាលពី​យប់​ថ្ងៃទី​៤ ខែ​កុ​ម្ភះ ប៉ុន្តែ​ដោយ​ខឹង​ខ្លាំងពេក ចំប៉ី​ខ្មៅ ក៏​ជ្រុលមាត់​មាក់ងាយ​ជាតិ​សាសន៍​ខ្មែរ​តែម្តង​។ 
 
​ចំប៉ី​ខ្មៅ បកស្រាយ​ថា កំហុស​របស់ខ្លួន គឺ​កើតឡើង​ដោយ​ចេតនា និង​សូម​ការ​អភ័យទោស​និង​ការ​អធ្យាស្រ័យ​ពី​មហាជន រួមទាំង​សមត្ថកិច្ច​ផងដែរ​។

ស្វែងយល់​មាត្រា ៤៩៤ និង​មាត្រា​៤៩៦៖
​មាត្រា ៤៩៤. លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់​


    - ដើម្បី​អនុវត្ត​ផ្នែក​នេះ ការ​ញុះញង់​អាច​ត្រូវ​ផ្តន្ទាទោស​កាលបើ​អំពើ​នេះ​ត្រូវបាន​ប្រព្រឹត្ត​៖
        ១. ដោយ​សំដី​តាម​ប្រភេទ​ណាក៏ដោយ ដែល​ប្រកាស​នៅក្នុង​ទីសាធារណៈ ឬ​នៅក្នុងពេល​ប្រជុំ​ជា​សាធារណៈ​។​
        ២. ដោយ​សំណេរ ឬ​គំនូរ តាម​ប្រភេទ​ណាក៏ដោយ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​សាធារណជន ឬ​តាំង​ឲ្យ​សាធារណជន​មើល​។​
        ៣. ដោយ​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន​។​

​មាត្រា ៤៩៦. បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​
   - អំពើ​ញុះញង់​ដោយផ្ទាល់​តាម​ប​ធ្យោ​បាយ​ណាមួយ ដែល​មានចែង​ក្នុង​មាត្រា ៤៩៤ (​លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់​) នៃ​ក្រម​នេះ ឲ្យ​ប្រព្រឹត្ត​ការរើសអើង ការគុំកួន ឬ​ហឹ​ង្សា ចំពោះ​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណាមួយ ដោយ​មូលហេតុ​បុគ្គល​នេះ​ជា​សមាជិក ឬ​មិនមែនជា​សមាជិក​នៃ​ជាតិ​ពិន្ទុ ក្រុម​ជាតិ ពូជសាសន៍ ឬ​នៃ​សាសនា​ណាមួយ​ជា​កំណត់​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ (​មួយ​) ឆ្នាំ ទៅ ៣ (​បី​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ ០០០ ០០០ (​ពីរលាន​) រៀល​ទៅ ៦ ០០០ ០០០ (​ប្រាំមួយ​លាន​) រៀល ប្រសិនបើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ​៕
​ 
 

Tag:
 ​ចំប៉ី​ខ្មៅ​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com