ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! ដោះស្រាយ​បញ្ហា​ឡើង​ច្រាំង​អណ្ដាត ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ទាំងនេះ​
08, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អណ្ដាត ជា​សាច់ដុំ​ដ៏​សំខាន់​មួយ​ក្នុង​មាត់​ដែល​ធ្វើឱ្យ​យើង​អាចនិយាយបាន​, ភ្លក្ស​ដឹង​រសជាតិ និង​លេប​អាហារ​។ ដូច្នេះ​អ្នក​ចាំបាច់​គួរ​យកចិត្តទុកដាក់​ថែរក្សា​វា​ឱ្យបាន​ដិតដល់ ហើយ​អណ្ដាត​ដែលមាន​សុខភាព​ល្អ គឺ​តែងតែមាន​ពណ៌​ផ្កាឈូក​។ ទោះជា​យ៉ាងណា មានពេលខ្លះ​អណ្ដាត​ត្រូវ​គ្របដណ្ដប់​ដោយ​ផ្ទាំង​ពណ៌​ស ឬ​ប្រែជា​ឡើង​ច្រាំង​ពណ៌​ស​ដែល​អាច​នាំឱ្យ​កើតមាន​បញ្ហា​មួយចំនួន​ដូចជា ល្វីង​ក្នុង​មាត់ និង​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​។ មាន​មូលហេតុ​ច្រើនណាស់​ដែល​បង្កបញ្ហា​ឡើង​ច្រាំង​អណ្ដាត រួមបញ្ចូល​ទាំង​កង្វះ​អនាម័យ​សុខភាព​មាត់​ធ្មេញ​, ជំងឺ​មួយចំនួន​, ការប្រើប្រាស់​ថ្នាំ និង​ការ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​អាស៊ីត ឬ​ជាតិ​ស្ករ​។ មិនដឹង​គួរ​ធ្វើយ៉ាងណា​ទើប​អាច​កម្ចាត់​ច្រាំង​អណ្ដាត​បាន​ឆាប់ ហើយ​ងាយ​មែន​ទេ​?


 
​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ដោះស្រាយ​បញ្ហា​ឡើង​ច្រាំង​ពណ៌​ស​លើ​អណ្ដាត ៖

១. អំបិល​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រោយ​អំបិល​មួយចំនួន​លើ​អណ្ដាត ហើយ​យក​ច្រាស​ដុសធ្មេញ​មក​ដុស​លើ​អណ្ដាត​ថ្នមៗ​សម្រាប់​រយៈពេល ១ នាទី សឹម​លាង​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​។​
 
២. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ខ្ពុរ​ប្រេងដូង ១ ស្លាបព្រា​បាយ​ក្នុង​មាត់​សម្រាប់​រយៈពេល ១៥ នាទី សឹម​ខ្ជាក់​ចេញ ហើយ​ដុស​សម្អាត​ធ្មេញ​ដូច​ធម្មតា​ជាការ​ស្រេច​។ ធ្វើបែបនេះ​ជា​រៀងរាល់ថ្ងៃ មុនពេល​អ្នក​ដុស​សម្អាត​ធ្មេញ​នៅពេល​ព្រឹក​។​
 
៣. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ខ្ពុរមាត់​ជាមួយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់ ១ ស្លាបព្រា​បាយ​សម្រាប់​រយៈពេល ២ ទៅ ៣ នាទី សឹម​ខ្ជាក់​ចេញ ។ ហើយ​លាង​សម្អាត​មាត់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អ្នក​អាច​អនុវត្តន៍​រូបមន្ត​នេះ​សារ​ឡើងវិញ​បានជា​ច្រើនដង​ក្នុង​មួយថ្ងៃ​។​
 
៤. ម្សៅ Baking Soda
 
​លាយ​ម្សៅ Baking Soda ចំនួន ១ ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកក្រូច​ឆ្មារ​។ កូរ​ឱ្យ​សព្វ ប្រើ​ល្បាយ​នេះ​ខាត់ ឬ​ដុស​សម្អាត​អណ្ដាត​របស់​អ្នក ហើយ​លាង​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។​
 
៥. រមៀត​
 
​គ្រាន់តែ​លាយ​រមៀត​ម៉ត់ ឬ​ម្សៅ​រមៀត​ជាមួយ​ទឹកក្រូច​ឆ្មារ រួច​កូរ​ឲ្យ​សព្វ​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​។ ហើយ​ដុស​ល្បាយ​នេះ​លើ​អណ្ដាត​សម្រាប់​រយៈពេល ២​នាទី សឹម​លាង​សម្អាត​មាត់​ចេញ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហ​ជាការ​ស្រេច​។​
 
​ចំនុច​គួរកត់សម្គាល់ ៖ ប្រសិនបើ​អស់​រយៈពេល​ច្រើន​ថ្ងៃ​ហើយ ច្រាំង​អណ្ដាត​ពណ៌​ស​នៅតែ​មិន​បាត់​ទៅវិញ នោះ​អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ភ្លាម ក៏​ព្រោះ​វា​អាចជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ណាមួយ​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com